ដោយ៖ ឡុង គីមម៉ារីតា
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
កម្មករប្រមាណ៨០០នាក់ នៅរោងចក្រឌូហឺស្ត នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បន្តធ្វើកូដកម្មប្រឆាំងនឹងថៅកែរបស់ខ្លួន ដែលមិនគោរពអនុសាសន៍ក្រសួងការងារ។
កម្មកររោងចក្រឌូហឺស្ត ផ្នែកអ៊ុត សុំមិនបញ្ចេញឈ្មោះឲ្យ VOD ដឹងថា កម្មករបន្តធ្វើកូដកម្មតាំងពីថ្ងៃ១៧ មីនាមករហូតដល់ថ្ងៃនេះ ដើម្បីឲ្យភាគីរោងចក្រ ដោះស្រាយរឿងកាត់ប្រាក់ឈ្នួលកម្មករ ២ម៉ោងកាលពីដើមខែមីនា ក្រោយពេលដែលកម្មករឈប់សម្រាកពីការងារ ដោយសារពេលពួកគាត់ក្អួតចង្អោរក្រោយហូបបាយ ដែលរោងចក្រផ្ដល់ឲ្យ ហើយមានជន្លេននៅក្នុងនោះ។
តាមកម្មករឲ្យដឹងរបស់កម្មករថា រោងចក្រឌូហឺស្ត (DEWHIRST ) មានកម្មករសរុបប្រមាណជិត២០០០នាក់ ចែកចេញជាពីរក្រុម គឺមួយផ្នែកខាងដេរអាវ និងមួយផ្នែកទៀតផ្នែកដេរខោ។
កម្មករផ្នែកដេរខោ កញ្ញាស្រីពៅ ឲ្យVODដឹងថា កម្មករផ្នែកដេរខោបន្តធ្វើកូដកម្មរហូតដល់ភាគីរោងចក្រ ទទួលយកអនុសាសន៍របស់ក្រសួង និងដោះស្រាយរឿងកាត់ប្រាក់ឈ្នួលរបស់កម្មករ។ កញ្ញាឲ្យដឹងបន្តថា បើភាគីរោងចក្រនៅតែមិនព្រមដោះស្រាយជូនកម្មករទេ នោះនៅចុងខែខាងមុខនេះ ផ្នែកដេរអាវនឹងចូលរួមធ្វើកូដកម្មដែរ។
មន្ត្រីសហជីពស៊ីខៅឌូ ប្រចាំរោងចក្រឌូហឺស្ត លោក ស៊ាង យូត ឲ្យVODដឹងថា កាលពីល្ងាចថ្ងៃចន្ទទី២៤ ខែមីនា ម្សិលមិញ ក្រសួងការងារបានហៅភាគីរោងចក្រ និងសហជីពចូលរួមប្រជុំ ដើម្បីដោះស្រាយបញ្ហា ក្នុងនោះក្រសួងតម្រូវឲ្យភាគីរោងចក្រអនុវត្តបីចំណុច គឺទី១ បង្កើនគុណភាពអនាម័យចំណីអាហារ ទី២ ឲ្យប្រធានផ្នែក ប្រធានក្រុមមានក្រមសីលធម៌ល្អ មិនជេរប្រមាថមើលងាយកម្មករ និងទី៣ សន្យារមិនសងសឹកដល់កម្មករដែលធ្វើកូដកម្ម។
លោកស៊ាង យ៉ូត បន្តថា ក្រោយកិច្ចប្រជុំជាមួយក្រសួងហើយ ភាគីរោងចក្របានបដិសេធចុះហត្ថលេខាលើអនុសាសន៍របស់ក្រសួងនោះ ជាហេតុធ្វើឲ្យកម្មករបន្តធ្វើកូដកម្មបន្តទៀត។
VOD មិនទាន់អាចសុំប្រតិកម្ម ពីថៅកែរោងចក្រ ជុំវិញការអះអាង របស់កម្មករនេះបាននៅឡើយទេ។
កម្មករផ្នែកដេរខោ នៅរោងចក្រឌូហឺស្ត បានធ្វើកូដកម្មតាំងពីថ្ងៃទី១៧ ខែមីនា មកដល់ពេលមានរយៈពេល៩ថ្ងៃហើយ ប៉ុន្តែភាគីរោងចក្រនៅតែមិនអាចរកដំណោះស្រាយជូនកម្មករបាន៕
សូមសរសេរមកកញ្ញា ឡុង គីមម៉ារីតា តាមរយៈ longkimmarita@gmail.com