ដោយ ទេព សុរ៉ាវី
2014-03-25
RFA

១៥-មីនា-២០១៤៖ គ្រឿងចក្ររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ចិន ឈ្មោះ ឡាន ហ្វេង កំពុងដាំដើមអំពៅនៅលើដីសម្បទានសេដ្ឋកិច្ចនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ RFA/Tep Soravy
អាជ្ញាធរខេត្តព្រះវិហារ និងមន្ត្រីអង្គការសង្គមស៊ីវិល កំពុងស៊ើបអង្កេតក្រុមហ៊ុន អ៊ី ហេង ដែលគ្រប់គ្រងចម្ការអំពៅឲ្យក្រុមហ៊ុនចិន ឡាន ហ្វេង ដែលវិនិយោគដាំអំពៅនៅក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ បន្ទាប់ពីមានសាក្សីម្នាក់ធ្វើការនៅក្នុងចម្ការនោះដាក់ពាក្យបណ្ដឹង ថាក្រុមហ៊ុនបានជួលកម្មករជាកុមារក្រោមអាយុ ១៥ឆ្នាំ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣។
ក្រុមហ៊ុនចម្ការអំពៅ អ៊ី ហេង កំពុងស្ថិតក្រោមការស៊ើបអង្កេត ថាកំពុងជួលកម្មករជាកុមារជាង ២០នាក់ធ្វើការខុសច្បាប់។
កាលពីថ្ងៃទី២៤ មីនា មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មន្ត្រីមន្ទីរកិច្ចការនារី និងនគរបាលស្រុកត្បែងមានជ័យ ជាច្រើននាក់ បានចុះទៅចម្ការក្រុមហ៊ុន អ៊ី ហេង និងបានរកឃើញកុមារ ៥នាក់ ដែលមានអាយុពី ១៤ឆ្នាំ ដល់ ១៧ឆ្នាំ កំពុងធ្វើការនៅទីនោះ។
ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលខេត្ត លោកស្រី ប្រាំង ធីតា បញ្ជាក់ថា ករណីនេះជាអំពើខុសច្បាប់ ហើយលោកស្រីនឹងធ្វើការស៊ើបអង្កេតករណីនេះបន្ថែមទៀត មុននឹងកសាងសំណុំរឿងទៅតុលាការ៖ «ក្នុងច្បាប់ការងារមិនឲ្យកុមារទៅធ្វើពលកម្មនៅតាមក្រុមហ៊ុនរោងចក្រអីអ៊ីចឹងទេ ហើយបានកម្រៃដូចមនុស្សពេញវ័យ»។
លោកស្រីបន្តថា តាមការបញ្ជាក់ពីអ្នកម៉ៅការកម្មករប្រាប់ថា កុមារទាំងនោះមកស្នាក់នៅជាមួយឪពុកម្តាយដែលស៊ីឈ្នួលនៅក្នុងចម្ការ ហើយពួកគេបានស្ម័គ្រចិត្តធ្វើការដោយខ្លួនឯង ដោយគ្មានការបង្ខំពីក្រុមហ៊ុនទេ។ ការចុះទៅស៊ើបអង្កេតនេះ ធ្វើឡើងឆ្លើយតបតាមការបញ្ជាពីព្រះរាជអាជ្ញាតុលាការខេត្តព្រះវិហារ លោក លី លន់ បន្ទាប់ពីទទួលព័ត៌មានពីស្ត្រីម្នាក់ដែលធ្វើការនៅក្នុងចម្ការអំពៅ ប្ដឹងថា ក្រុមហ៊ុនកំពុងជួលកុមារធ្វើជាកម្មករតាំងពីដើមខែធ្នូ ឆ្នាំ២០១៣។
លោកស្រី អឿ ប៊ុនថានី អាយុ ៥៤ឆ្នាំ ដែលបានរាយការណ៍ទៅកម្លាំងប៉ូលិស និងតុលាការ ពីការជួលកុមារឲ្យធ្វើការនោះ ប្រាប់ថា កម្លាំងសមត្ថកិច្ចចុះទៅស៊ើបអង្កេតខុសពេល គឺចុះនៅពេលដែលកុមារទាំងនោះចេញទៅធ្វើការនៅចម្ការអំពៅបាត់ ទើបមិនឃើញពួកគេ។ ប្រសិនបើមន្ត្រីជំនាញទាំងនោះចុះទៅពិនិត្យនៅពេលបាយ ឬពេលយប់ កុមារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ នឹងនៅជុំគ្នាក្នុងកន្លែងស្នាក់នៅរបស់ក្រុមហ៊ុន។
លោកស្រី អឿ ប៊ុនថានី ត្រូវបានក្រុមហ៊ុន អ៊ី ហេង បណ្ដេញចេញកាលពីថ្ងៃសុក្រ សប្ដាហ៍មុន បន្ទាប់ពីគាត់ប្ដឹងទៅប៉ូលិសប៉ុស្តិ៍ថា មានកុមារ ១៩នាក់កំពុងធ្វើការនៅចម្ការតាំងពីខែធ្នូ។ ប៉ុន្តែ លោកស្រីបដិសេធមិនចាកចេញ និងនៅតែក្រាញរស់នៅជាមួយប្ដីរបស់គាត់ជាជនជាតិថៃ ដែលធ្វើការនៅទីនោះទៀត។
តាមការអះអាងកាលពីយប់ម៉ោង៨ ថ្ងៃទី២៤ មីនា គាត់ឃើញកុមារសរុប ២២នាក់ គឺកើនពីលើសលើកមុនថែម ៣នាក់ទៀត ហើយមានអាយុចន្លោះពី ១០ឆ្នាំទៅ ១៥ឆ្នាំ។ ពួកគេត្រូវបំបែកគ្នាឲ្យទៅធ្វើការនៅចម្ការអំពៅនៅពេលថ្ងៃ ហើយមេការកម្មករបញ្ជាឲ្យពួកគេហូបបាយនៅទីនោះ ដោយមិនចាំបាច់មកហូបនៅរោងដូចមុន ទំនងគេចវេសពីការស៊ើបអង្កេតរបស់សមត្ថកិច្ច៖ «ម្សិលមិញ ប៉ូលិសខេត្តគាត់មកធ្វើការស៊ើបអង្កេតក្រុមហ៊ុននិយាយថា កូនក្មេងត្រូវបានបញ្ជូនទៅផ្ទះវិញហើយ គឺមានតែ ៥នាក់ទេ។ ឥឡូវភូតស្ថាប័នគេ កូនក្មេងនៅទាំងអស់ ២២នាក់»។
ស្ត្រីរូបនេះប្រាប់ថា កុមារទាំងនោះទទួលបានប្រាក់ ១ម៉ឺន ៦ពាន់រៀលក្នុងមួយថ្ងៃ ខណៈមនុស្សចាស់ធ្វើការបាន ២ម៉ឺនរៀល។ លោកស្រីប្រាប់ថា មេការជនជាតិថៃ ម្នាក់បានឲ្យមេការកម្មករខ្មែរម្នាក់ដើរប្រមូលកុមារតូចៗពីតាមភូមិ ទៅធ្វើការនៅចម្ការ។ មេការខ្មែរម្នាក់នោះនឹងទទួលប្រាក់ ១ពាន់រៀលក្នុងថ្ងៃទៅលើកុមារម្នាក់ដែលធ្វើការនៅទីនោះ។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ឲ្យដឹងថា លោកបានទទួលពាក្យបណ្ដឹងពី លោកស្រី ប៊ុនថានី រួចហើយ កាលពីថ្ងៃទី២៤ មីនា ក្នុងកិច្ចការជួយកុមារទាំងនោះ។ លោកថា ករណីនេះជាការកេងប្រវ័ញ្ចពលកម្មកុមារ និងផ្ទុយពីអនុសញ្ញាអន្តរជាតិ ច្បាប់ប្រឆាំងការជួញដូរកុមារ និងច្បាប់ការងារ៖ «សង្ឃឹមតិចតួចចំពោះចំណាត់ការរបស់អាជ្ញាធរ ត្រង់ថា អាជ្ញាធរទទួលបានព័ត៌មាននេះហើយ បែរជាខាងប៉ូលិសប៉ុស្តិ៍ទៅប្រាប់ក្រុមហ៊ុនទៅវិញ ហើយក្រុមហ៊ុនបានដឹងជាមុន។ ដូច្នេះ ក្រុមហ៊ុនមានវិធានការ គឺបានបណ្ដោះក្មេងៗទាំងនោះឲ្យបានចេញពីកន្លែងហ្នឹងសិន ហើយខណៈប៉ូលិសចុះទៅស៊ើបអង្កេត»។
មេបញ្ជាការស្តីទីកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ លោក ឈឹម អយ បញ្ជាក់ថា ពិតជាមានការកេងប្រវ័ញ្ចពលកម្មកុមារមែននៅក្នុងចម្ការអំពៅចិន នោះ ហើយលោកនឹងដឹកនាំកម្លាំងចុះទៅស៊ើបអង្កេតនៅទីនោះក្នុងពេលឆាប់ៗ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន អ៊ី ហេង បានទេនៅថ្ងៃទី២៥ មីនា។ តែបើតាមការអះអាងពីមន្ត្រីប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត មេក្រុមកម្មករបានប្រាប់ថា កុមារទាំងនោះធ្វើការស្រាលៗ ដើម្បីបានប្រាក់បន្ថែមសម្រាប់ឪពុកម្តាយរបស់ពួកគេ ក្រោយសម្រាកពីការសិក្សា។
ក្រុមហ៊ុន អ៊ី ហេង បានគ្រប់គ្រងចម្ការអំពៅឲ្យក្រុមហ៊ុនចិន មួយឈ្មោះ ឡាន ហ្វេង។ ក្រុមហ៊ុននេះទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលជាង ៩ពាន់ហិកតារ នៅឃុំប្រមេរ ក្នុងស្រុកត្បែងមានជ័យ កាលពីខែវិច្ឆិកា ឆ្នាំ២០១១ ហើយបានធ្វើសកម្មភាពឈូសឆាយដីព្រៃដាំអំពៅ កាលពីខែមេសា ឆ្នាំ២០១២ ធ្វើឲ្យប៉ះពាល់ដល់ដីសហគមន៍ជនជាតិដើមភាគតិចកួយ ជាង ៣០០គ្រួសារ ប្រកបរបរកសិកម្មប្រពៃណី ព្រៃជំនឿ និងធនធានធម្មជាតិ ដែលធ្លាប់អាស្រ័យផល និងតំបន់ប្រាសាទមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងការងារព្រមានចាត់វិធានការក្រុមហ៊ុននាំពលករទៅក្រៅប្រទេស
- ស្ថានភាពរស់នៅរបស់អ្នកភូមិបណ្ដែតទឹកខេត្តពោធិ៍សាត់
- តុលាការបន្តឃុំលោក វន់ ពៅ និងមនុស្ស២០នាក់ផ្សេងទៀត
- សាលាក្រុងមិនអនុញ្ញាតឲ្យលោក ម៉ម សូណង់ដូ ធ្វើបាតុកម្មនៅថ្ងៃទី៣១មីនា
- គ្រួសារជនរងគ្រោះស្លាប់និងរបួសដោយសារការបង្ក្រាបដោយហិង្សាទាមទារយុត្តិធម៌
- ទាហានការពារចម្ការកៅស៊ូនៅឧត្តរមានជ័យរងការចោទថាប្រើហិង្សាលើពលរដ្ឋ
- ស្ត្រីម្នាក់បារម្ភខ្លាចត្រូវសម្លាប់ដោយសាររាយការណ៍រឿងជួញដូរពលកម្មកុមារនៅចម្ការអំពៅ
- សង្គមស៊ីវិល៥៤ជំរុញរដ្ឋាភិបាលស៊ើបអង្កេតករណីកម្មករបាត់ខ្លួននៅផ្លូវវ៉េងស្រេង
- លោក ហ៊ុន សែន ថាកម្ពុជាមិនអាចកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ