ដោយ៖ ជន ស្រីណុច និង តាំង វីដា
ថ្ងៃអាទិត្យ ទី30 ខែមិនា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោកស្រី លី សុធារី សាច់ញាតិជនរងគ្រោះក្នុងហេតុការណ៍វាយប្រហារគ្រាប់បែក មុខរដ្ឋសភាចាស់ (រូបថត៖ ជន ស្រីណុច)
សាច់ញាតិជនរងគ្រោះក្នុងហេតុការណ៍វាយប្រហារគ្រាប់បែក មុខមន្ទីររដ្ឋសភាចាស់ នៅថ្ងៃអាទិត្យនេះ ទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធតុលាការ ពន្លឿនការស៊ើបអង្កេតរកការពិត វែកមុខជនល្មើសឲ្យបានឆាប់រហ័ស ដើម្បីយកមកផ្តន្ទាទោស។
ក្នុងពិធីរម្លឹកខួប១៧ឆ្នាំ នៃព្រឹត្តិការណ៍ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ លោកស្រី លី សុធារី សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី និងជាម្តាយ លោក ចេត ចន្ទដារ៉ាវុធ បាតុករដែលបាត់បង់ជីវិត ថ្លែងថា លោកស្រី ខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរកម្ពុជា ដែលនៅមិនទាន់អាចរកឃើញជនល្មើសបាន។ លោកស្រី ទទូចជាថ្មីដល់រាជរដ្ឋាភិបាលកម្ពុជា និងតុលាការ ត្រូវមានភាពអព្យាក្រឹត្យ រកយុត្តិធម៌ឲ្យជនរងគ្រោះ និងសាច់ញាតិ ឲ្យបានឆាប់រហ័ស។ ទន្ទឹមគ្នានេះ សាច់ញាតិដទៃទៀត ក៏អំពាវនាវដូចគ្នា ឲ្យសមត្ថកិច្ច ពន្លឿនការស៊ើបអង្កេត និងស្វែងរកការពិត។
ករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VODថា សមត្ថកិច្ច កំពុងបន្តការស៊ើបអង្កេត តែមិនទាន់មានតម្រុយថ្មីនោះទេ។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងជាអ្នកតាមដានហេតុការណ៍នេះ យល់ថា អាជ្ញាធរ ហាក់មិនមានឆន្ទៈក្នុងការស្វែងរកការពិតនោះទេ ព្រោះកាលនោះ ទីភ្នាក់ងារ FBI របស់អាមេរិក បានបង្ហាញឈ្មោះអ្នកពាក់ព័ន្ធមួយចំនួន តែមិនត្រូវបានអាជ្ញាធរកម្ពុជា អើពើនោះទេ។ លោក ចាត់ទុកការអះអាងបន្តការស៊ើបអង្កេតនេះ គ្រាន់តែជាលេស ពន្យារពេល ដើម្បីបញ្ចប់រឿងតែប៉ុណ្ណោះ។
កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ ព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែក ៤គ្រាប់ លើហ្វូងបាតុករនៅមុខរដ្ឋសភា ដឹកនាំដោយលោកសម រង្ស៊ី ដែលពេលនោះជាប្រធានគណបក្សជាតិខ្មែរ និងបច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិ បានបណ្តាលឲ្យមនុស្សស្លាប់ ១៦នាក់ និងជាង១៥០នាក់ផ្សេងទៀតរងរបួស៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com និងលោក តាំង វីដា តាមរយៈ vida@vodhotnews.com
ឈាមស្រែក ស្បែកហៅ…នេះជាពាក្យដែលបុរាណខ្មែរយើងលើកមកនិយាយតំនាលតៗគ្នា…ហើយក្រោយមក ជនប្រព្រឹត្តនឹងត្រូវគេវែកមុខចាប់មកផ្តន្ទាទោសបាន។តែចំពោះ ករណីការបោកគ្រាប់បែក៤គ្រាប់នៅថ្ងៃ៣០មិនា១៩៩៧នោះ ឃាតករវាងាប់ហើយ នៅសល់តែមេខ្លោងវា១បុ៉ណ្ណោះ ដែលនឹងនាំវាទៅICC ក្នុងពេលឆាប់ៗនេះ…!
ស៊ើប អង្កេត ប៉ុន្មាន រយ ឆ្នាំ ទៀត ? ពួក អត់ ខួរ អស់ នេះ កុហក បោកប្រាស់ ប្រជាពលរដ្ឋ រហូត !
the murder everyone being known