ដោយ៖ តាំង វីដា
ថ្ងៃអាទិត្យ ទី30 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ប្រជាពលរដ្ឋជាង ៣០គ្រួសារ រស់នៅមាត់ស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទស្អែកនេះ គ្រោងតវ៉ាមុខសាលាខេត្តទាមទារសំណងជំងឺចិត្ត ចំពោះការបណ្តេញចេញពីលំនៅដ្ឋាន។
លោក ជឹង សៀងឡេង អះអាងជាតំណាងពលរដ្ឋរងគ្រោះ ប្រាប់VOD ឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា តាមចំណារលិខិតជូនដំណឹងរបស់រដ្ឋាភិបាល អនុវត្តដោយអភិបាលខេត្តពោធិ៍សាត់ ដែលពលរដ្ឋទទួលបាន កាលពីថ្ងៃទី ២៧ ខែមីនា គឺគ្រោងនឹងយកបរិវេណជុំវិញស្ទឹងពោធិ៍សាត់នេះ ដើម្បីធ្វើជាតំបន់ភិវឌ្ឍន៍ទេសចរណ៍ ដែលទាមទារឲ្យប្រជាពលរដ្ឋរស់នៅតំបន់នេះ ត្រូវរើចេញ ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកបន្តថា ការបណ្តេញភា្លមៗនេះ បណ្តាលពលរដ្ឋ សរុបមានជិត ១០០គ្រួសារ ដែលមានលំនៅដ្ឋានជុំវិញបរិវេណស្ទឹងពោធិ៍សាត់ ក្នុងភូមិពោធិ៍កំបោរ និងភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ប្រឈមនឹងការបាត់បង់ទីលំនៅ។
លោក ជឹង សៀងឡេង បន្តឲ្យដឹងថា តាមគម្រោងនៃការពិភាក្សាជាមួយគ្រួសាររងគ្រោះ លោក នឹងដឹកនាំ ពលរដ្ឋ៣០គ្រួសារ ក្នុងភូមិពោធិ៍កំបោរ ទៅតវ៉ាមុខសាលាខេត្តពោធិ៍សាត់ នៅថ្ងៃស្អែកនេះ ដើម្បីទាមទារសំណងជំងឺចិត្ត។
តបនឹងរឿងនេះ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា មានប្រសាសន៍ថា បរិវេណជុំវិញស្ទឹងពោធិ៍សាត់ គឺជាតំបន់អភិរក្សរបស់រដ្ឋ ដែលពលរដ្ឋទាំងនោះ បានប្រាស្រ័យនៅដោយអនាធិបតេយ្យយូរមកហើយ។ ចំពោះការបណ្តេញចេញនេះ លោកថា អាជ្ញាធរ នឹងរៀបចំឲ្យមានគណៈកម្មការវាយតម្លៃជាក់ស្តែង ពិចារណាករណីនេះ ដើម្បីកំណត់ពីផលប៉ះពាល់របស់ពលរដ្ឋ នៅពេលឆាប់ៗ។ លោក ក៏អំពាវនាវដល់ប្រជាពលរដ្ឋ កុំធ្វើការតវ៉ា ព្រោះគ្មានប្រយោជន៍ឡើយ។
ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ យល់ថា ករណីនេះ អាជ្ញាធរមូលដ្ឋាន ត្រូវសិក្សាផ្តល់សំណងសមរម្យដល់ពលរដ្ឋទាំងនោះ ព្រោះតាមការស្រាវជ្រាវរបស់លោក ឃើញថា ពលរដ្ឋទាំងនោះ ភាគច្រើន មកតាំងទីលំនៅតាំងពីដើមឆ្នាំ១៩៨០ម្ល៉េះ ហើយមានសៀវភៅគ្រួសារ និងប័ណ្ណបោះឆ្នោត កំណត់ពីលំនៅដ្ឋានច្បាស់លាស់ ដែលតាមច្បាប់ គឺពួកគេ មានសិទ្ធិអាស្រ័យផលលើទីតាំងនោះ។
តាមការអះអាងរបស់ពលរដ្ឋ គឺអាជ្ញាធរមូលដ្ឋាន បានផ្តល់ប្រាក់ ៣០០ដុល្លារ ដល់ពួកគេ ជាថ្នូរនឹងការរុះរើផ្ទះចេញ តែបើពួកគេ មិនរើទេនោះ គឺអាជ្ញាធរ នឹងរុះរើជួស ដោយទារប្រាក់ ៣០០ដុល្លារ ចំពោះសេវារុះរើនេះ៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com