ដោយ៖ ណុល ដារ៉ា
ថ្ងៃអាទិត្យ ទី30 ខែមិនា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
រណាំងដែកច្រើន ត្រូវបានដាក់ពង្រាយ ដើម្បីបិទផ្លូវចូលទីលានប្រជាធិបតេយ្យ (រូបថត៖ តាំង វីដា)
អង្គការលើកលែងទោសអន្តរជាតិ កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈមួយ ថា ដោយមានគម្រោងជួបជុំជាច្រើននៅរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ អង្គការលើកលែងទោសអន្តរជាតិអំពានាវឲ្យអាជ្ញាធរបញ្ចប់ការគាបសង្កត់ផ្នែកសិទ្ធិមនុស្ស និងគោរពសិទ្ធិជួបប្រជុំដោយសន្ដិភាព។
សេចក្ដីថ្លែងការណ៍បន្តថា គណបក្សសង្គ្រោះជាតិមានផែនការធ្វើសមាជមហាជន ដែលមានអ្នកគាំទ្រចូលរួមប្រមាណ៥ពាន់នាក់ នៅទីលានប្រជាធិបតេយ្យ ដើម្បីពិភាក្សាពីស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន។
នៅថ្ងៃជាមួយគ្នានោះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី នឹងដឹកនាំការធ្វើពិធីរំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារការគប់គ្រាប់បែកចូលក្នុងក្បួនបាតុកម្ម ដោយសន្តិវិធីរបស់គណបក្សប្រឆាំង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលធ្វើឲ្យមនុស្សស្លាប់១៦នាក់និងជាង១០០នាក់រងរបួស ហើយរហូតមកដល់បច្ចុប្បន្នគ្មាននរណាម្នាក់ ត្រូវបាននាំខ្លួនទៅកាត់ទោសឡើយ។
សាលារាជធានី បានអនុញ្ញាតឲ្យមានការគោរពវិញ្ញាណក្ខន្ធនៅមុខវត្តបុទុមវតី តែបានបដិសេធមិនឲ្យគណបក្សប្រឆាំងធ្វើការជួបជុំគ្នានៅពេលល្ងាចទេ។
នៅថ្ងៃបន្ទាប់គឺថ្ងៃទី៣១ ខែមីនា ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំ លោកម៉ម សូណង់ដូរ គ្រោងនឹងរៀបចំការធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីទាមទារឲ្យមានការពង្រីការផ្សាយវិទ្យុ និងសុំបើកស្ថានីយទូរទស្សន៍ផងដែរ។ ទោះបីជាយ៉ាងណា សាលារាជធានីភ្នំពេញ ក៏បានបដិសេធនឹងសំណើនេះ ដែលនឹងមានបាតុករចូលរួមប្រមាណ២០០នាក់ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នៅពេលព្រឹក មុននឹងដង្ហែទៅកាន់ក្រសួងព័ត៌មាន។
សេចក្ដីថ្លែងការឲ្យដឹងបន្ថែមថា បណ្ដាញសារព័ត៌មានភាគច្រើននៅកម្ពុជាលម្អៀងទៅខាងរដ្ឋាភិបាល។ ប្រធានស្ថានីយវិទ្យុសំបុក្រឃ្មុំឯករាជ្យ លោកម៉ម សូណង់ដូរ បានជាប់ពន្ធនាគារចំនួន៣ដង ដោយសារការប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងសម្ដែងមតិ។
អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យអាជ្ញាធរកម្ពុជាធានានូវការជួបជុំ នៅថ្ងៃទី៣០ និង៣១ ខែមីនានេះ ដោយមិនមានការរំខាន និងធ្វើទុក្ខបុកម្នេញពីកងកម្លាំងសន្តិសុខ ហើយក្នុងការយាមល្បាតការជួបជុំនេះ កងកម្លាំងសន្តិសុខត្រូវតែចៀសវាងការប្រើកម្លាំងប្រឆាំងនឹងបាតុករ។ បើសិនជាមានឧបទ្ទហេតុហិង្សាកើតឡើង កងកម្លាំងសន្តិសុខត្រូវតែកាត់បន្ថយការប្រើប្រាស់កម្លាំង ដើម្បីគ្រប់គ្រងសភាពការណ៍ ដោយគោរពតាមបទដ្ឋានសិទ្ធិមនុស្ស និងអនុលោមតាមច្បាប់អន្តរជាតិ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com