>ដោយ៖ ជន ស្រីណុច
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ពាក្យពេជន៍របស់អ្នកបុរីកីឡា ដែលសរសេរលើក្រដាស ទាមទារឲ្យលោក ឡុង ឌីម៉ង់ សុំទោសជាសាធារណៈ (រូបថត៖ សុទ្ធ គឹមសឿន)
អ្នកមានជម្លោះដីធ្លី នៅតំបន់បុរីកីឡា រួមទាំងសហគមន៍ផ្សេងទៀត ប្រមាណជា៥០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ ទាមទារឲ្យអ្នកនាំពាក្យសាលាក្រុងសុំទោសពួកគេជាសាធារណៈ និងបដិសេធទទួលយកជម្រកបណ្តោះអាសន្នជាដាច់ខាត។
អ្នកមានជម្លោះដីធ្លីទាំងនោះ រួមមានបុរីកីឡា សហគមន៍បឹងកក់ និងថ្មគោល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាអុជធូបបន់ស្រន់ នៅមុខរូបសំណាកព្រះពុទ្ធរូប ដែលគេនាំយកទៅកន្លែងតវ៉ានៅមុខសាលារាជធានីនោះ។
ពលរដ្ឋរងគ្រោះដីធ្លីនឹងផ្ទះសម្បែងនៅបុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន មានប្រសាសន៍ថា នៅថ្ងៃនេះប្រជាសហគមន៍បុរីកីឡាមកទាមទារឲ្យលោក ឡុង ឌីម៉ង់ សុំទោសពួកគេជាសាធារណៈ ខណៈដែលលោកបាននិយាយនៅលើទូរទស្សន៍ CNC កាលពីថ្ងៃពុធម្សិលមិញថា ប្រជាពលរដ្ឋនៅបុរីកីឡាដែលតវ៉ាសព្វថ្ងៃជាង១០០គ្រួសារ មិនមានលក្ខណៈសម្បត្តិត្រូវទទួលបានផ្ទះ នៅអគារទី៩ និងទី១០ទេ គឺសាលារាជធានីភ្នំពេញដោះស្រាយតាមសប្បុរសធម៌។
អ្នកមានជម្លោះដីធ្លីម្នាក់ទៀងអ្នកស្រី ស ស៊ន ដែលយល់ព្រមទទួលយកជម្រកបណ្តោះអាសន្នពីសាលារាជធានី នៅសប្តាហ៍មុន មានប្រសាសន៍ថា ផ្អែកលើប្រសាសន៍របស់អ្នកនាំពាក្យសាលារាជធានីដែលនិយាយបែបនេះ នោះអ្នកស្រី និងពលរដ្ឋចំនួន៥១គ្រួសារផ្សេងទៀត សុំបដិសេធឈប់ទទួលយកជម្រកបណ្តោះអាសន្ន ដែលសាលារាជធានីសន្យានឹងធ្វើឲ្យ ហើយពួកគេទាមទារដាច់ខាតនៅជម្រកពិតប្រាកដ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយការច្បាប់របស់អង្គការអាដហុក លោកណៃ វ៉ង់ដា ដែលតាមដានព្រឹត្តិការណ៍នេះ មានប្រសាសន៍ថា ការដែលអ្នកនាំពាក្យមានលើកឡើងបែបនេះមិនត្រូវទេ ព្រោះប្រសិនបើប្រជាពលរដ្ឋទាំងនោះ មិនមែនជាជនរងគ្រោះពិតប្រាកដ សាលាក្រុងក៏មិនសន្យាធ្វើជម្រកបណ្តោះអាសន្នឲ្យទេ ។ លោកបន្តក្នុងនាមជាស្ថាប័នរដ្ឋ ហើយជាអ្នកដឹកនាំពាក្យម្នាក់មុននឹងនិយាយស្តីអ្វីចេញមក ត្រូវគិតគួរឲ្យបានច្បាស់លាស់។
នៅម៉ោងជាង៩ព្រឹកនេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានហៅតំណាងអ្នកភូមិបុរីកីឡា១០នាក់ចូលជួបតែមិនទាន់ដឹងលទ្ធផលយ៉ាងណានៅឡើយទេ ដោយVOD មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកឡុង ឌីម៉ង់។
ជម្លោះដីធ្លីរវាងពលរដ្ឋបុរីកីឡាជាមួយក្រុមហ៊ុន ផានអ៊ីមិចរបស់លោកស្រី ស៊ុយ សុផាន អូសបន្លាយច្រើនឆ្នាំមកហើយ ដែលមានពលរដ្ឋរងគ្រោះនៅមិនបានទទួលសំណងជាង១០០គ្រួសារទៀត ដោយក្រុមហ៊ុននេះសន្យាថា សង់អាគារចំនួន១០ជូនពួកគេ តាមកិច្ចសន្យា ដែលបានព្រមព្រៀង តាំងពីឆ្នាំ២០០៤ ប៉ុន្តែក្រុមហ៊ុននេះ សង់បានតែ ៨អាគារ ក៏បណ្តេញអ្នកភូមិចេញ ផ្ទុយនឹងកិច្ចសន្យា៕

សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com