Thursday, 03 April 2014
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ តំណាងជនជាតិដើមភាគតិចជង នៅស្ទឹង អារ៉ែង ចំនួន ៦នាក់កំពុងតែដើរដាក់ញ្ញត្តិទៅការិយាល័យអង្គការសហប្រជាជាតិ ស្ថានទូតចិន រដ្ឋសភា និងស្ថាប័នរដ្ឋាភិបាលចំនួន ៤ទៀតដើម្បីស្វះស្វែងរកអន្តរាគមន៍បញ្ឈប់ក្រុមហ៊ុន Sinohydro កុំឲ្យសាងសង់ទំនប់វារីអគ្គិសនីនៅស្ទឹងអារ៉ែង។
នៅព្រឹកថ្ងៃនេះ ក្រោយពីបានយកញាត្តិទៅដាក់ នៅអង្គការសហប្រជាជាតិ តំណាងជនជាតិដើមភាគតិចជងនឹងធ្វើដំណើរមកដាក់នៅក្រសួងបរិស្ថាន។
ការធ្វើដំណើរមកដាក់ញាត្តិនៅរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមិនមានការឆ្លើយតបវិជ្ជាមានណាមួយពីអាជ្ញាធរ និងក្រុមហ៊ុនក្នុងអំឡុងពេលតវ៉ាជាង កន្លះខែ មកនេះ ខណៈពេលដែលសប្តាហ៍មុន ប្រជាសហគមន៍ អារ៉ែង ២០០នាក់ នឹងជិះម៉ូតូ ១០០ គ្រឿងហែក្បួនដាក់ញត្តិទៅសាលាខេត្ត និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីស្នើសុំឲ្យបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹង អារ៉ែង របស់ក្រុមហ៊ុន ចិន Sinohydro។
ប្រជាពលរដ្ឋនៅអារ៉ែង បានតវ៉ាបិទផ្លូវ ដើម្បីធ្វើការតវ៉ាទប់ស្កាត់គ្រឿងចក្រក្រុមហ៊ុន ចិន មិនឲ្យចូលទៅតំបន់ស្ទឹងអារ៉ែង អស់ជាច្រើនថ្ងៃមកហើយ។ នៅនឹងច្រកចូលនោះប្រជាពលរដ្ឋបានឈរលើកបដាដែលសរសេរថា «ទំនប់វារីអគ្គិសនី អារ៉ែង បំផ្លាញជីវភាពរស់នៅជនជាតិដើមយើង» «អ្នកចេះពឹងលើប្រាជ្ញា អ្នកស្រែចម្ការពឹងលើដី និងការអភិរក្ស» និង «ទំនប់វារីអគ្គិសនីអារ៉ែង បំផ្លាញធនធានធម្មជាតិ» ជាដើម។
លោក វ៉ែន វ៉ន អាយុ ៣៥ឆ្នាំ តំណាងសហគមន៍ជនជាតិដើម បានឲ្យដឹងថា គម្រោងសង់ទំនប់ អារ៉ែង ប៉ះពាល់ដល់ប្រជាសហគមន៍ស្រែចម្ការ ធនធានធម្មជាតិរាប់រយប្រភេទ ជាពិសេសគឺប្រភេទសត្វកម្រជិតផុតពូជ ដូចជា ត្រីនាគ និងក្រពើភ្នំជាដើម។
សហគមន៍ជនជាតិដើមភាគតិចជងនេះ និងមន្ត្រីសង្គមស៊ីវិល ធ្លាប់បានវាយតម្លៃផលប៉ះពាល់នៅតំបន់នេះ និងបានស្នើឲ្យរាជរដ្ឋាភិបាលបញ្ឈប់គម្រោងវារីអគ្គិសនី និងយកតំបន់នេះ ធ្វើជាតំបន់ទេសចរណ៍វិញ។
ទំនប់វារីអគ្គិសនីនោះ ពិតជាមិនជួយដល់ពល់រដ្ឋក្រីក្រទេ ផ្ទុយទៅវិញវារិតតែផ្ដល់ផលអាក្រក់ឲ្យពល់រដ្ឋក្រីក្រថែមទៀត ដូចជាការបាតបង់ដីធ្លី លំនៅឋាននឹងដំណាំធំៗ បាតបង់មុខរបរ ត្រូវគេបង្ខំឲ្យចាកចេញទៅតាំងទីលំនៅថ្មីដែលជាតំបន់មិនអំណោយផលក្នុងការរកស៊ីជាដើម។