ដោយ៖ ម៉ៅ ចរិយា
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋ ៦៣នាក់ តំណាងឲ្យ ២៤៥គ្រួសារ នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យដោះស្រាយបញ្ហាជម្លោះដីធ្លីដែលអូសបន្លាយជាង ១០ឆ្នាំ មកហើយ។
ពលរដ្ឋម្នាក់ ដែលចូលរួមតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ លោក ប្រាក់ សំអុល អាយុ ៦១ឆ្នាំ ប្រាប់ VODថា ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី ទាំង ២៤៥គ្រួសារ បានជួបជុំគ្នានៅមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីទាមទារឲ្យអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធជួយអន្តរាគមលើបញ្ហាដីធ្លី ចំនួន១៣ហិកតា កន្លះ ដែលអូសបន្លាយ តាំងពីឆ្នាំ ២០០៤ មកដល់បច្ចុប្បន្ន ជាមួយនឹងក្រុមហ៊ុន ជា រ៉ាវី នៅក្រុងប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ។
ពលរដ្ឋថា ពួកគាត់បានជួបជាមួយមន្ត្រីខាងសាលាខេត្ត ហើយខាងខេត្តក៏បានសន្យាថានឹងចុះ ទៅអន្តរាគមលើករណីនេះផងដែរ។ ប៉ុន្តែអភិបាលខេត្តបន្ទាយមានជ័យ លោក គោស៊ុំ សារឿត ឲ្យVODដឹងថា មិនឃើញមាន ប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តនោះទេ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្ត បន្ទាយមានជ័យ លោក ស៊ុំ ចាន់គា ប្រាប់ VODថានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋប្រមាណជាង ៦០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលា ខេត្តបន្ទាយមានជ័យ ដើម្បីទាមទារឲ្យ អាជ្ញាធរខេត្តជួយអន្តរាគមន៍បញ្ហាជម្លោះដីធ្លី ដែលគ្មានដំណោះស្រាយ ជាយូរមកហើយ។ លោកបន្តថាអាជ្ញាធរគួរតែជួយអន្តរាគមន៍បញ្ហានេះ ដើម្បីជៀសវាងបញ្ហាកើតឡើង ដដែលៗ ហើយគ្នានដំណោះស្រាយ។
ក្រុមហ៊ុន ជា រ៉ាវី មានជម្លោះជាមួយប្រជាពលរដ្ឋចំនួន ២៤៥គ្រួសារលើទំហំដី ១៣ហិតាកន្លះ នៅក្រុងប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ តាំងពីឆ្នាំ២០០៤ រហូតមក ដល់បច្ចុប្បន្នមានរយៈពេល ១០ឆ្នាំហើយ។
កាលពីថ្ងៃទី១ ខែមេសា អង្គការលីកាដូ បានចេញរបាយការណ៍ស្ដីពីកំណើនជនរងគ្រោះដោយសារជម្លោះដីធ្លី ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០១៤នេះ បានកើនឡើងបួនដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៣។
លីកាដូបានរិះគន់ថា កំណើននេះជាតួលេខមួយ គួរឲ្យខ្មាសអៀន ខណៈរដ្ឋាភិបាលប្រកាសបញ្ឈប់ផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងប្រកាសធ្វើកំណែទម្រង់គោលនយោបាយដីធ្លីនោះ។
សូមសរសេរមកកាន់កញ្ញា ម៉ៅ ចរិយា តាមរយៈ chakriyamao168@gmail.com