​បុគ្គលិក​ផ្នែក​បើកបរ ​ក្រុមហ៊ុន​ភ្នំពេញសូរិយា ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​៧​ចំណុច​​

ដោយ៖​ ញឹម សុខន​
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ក្រុមបុគ្គលិក​ផ្នែក​បើកបរ ​ក្រុមហ៊ុន​ភ្នំពេញសូរិយា (រូបភាព៖ ញឹម សុខន)

​អ្នកបើក​រថយន្ត​ក្រុង ប្រមាណ​ជា​១០០​នាក់ របស់​ក្រុមហ៊ុន​ភ្នំពេញ សូរិយា បាន​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មិន​ចេញ​ទៅ​ដឹក​ភ្ញៀវ ដូច​ការគ្រោងទុក ដើម្បី​ដាក់​សម្ពាធ ឲ្យ​ភាគី​ក្រុមហ៊ុន គោរព​សិទ្ធិ​បុគ្គលិក និង​ដំឡើង​ប្រាក់ខែ ដើម្បី​ឲ្យ​ពួកគេ​រស់នៅ​សមរម្យ​បាន​។​

ការតវ៉ា​នេះ​ធ្វើឡើង​នៅ​ចំណតរថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​សូរិយា ស្ថិតក្នុង​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សកែវ រាជធានី​ភ្នំពេញ​។​

​លោក សម្បត្តិ វន ដែល​អះអាង​ថា ជា​តំណាង​ក្រុមអ្នកតវ៉ា ឲ្យ​អ្នកសារព័ត៌មាន​ដឹង​នៅ​កន្លែង​ធ្វើ​ការតវ៉ា ថ្ងៃទី​៣​ខែ​មេសា​ឆ្នាំ​២០១៤​នេះ​ថា ការផ្ទុះ​កូដកម្ម​នេះ ដោយសារ​ភាគី​ក្រុមហ៊ុន បាន​រំលោភ​សិទ្ធិ​បុគ្គលិក ដូចជា​ឲ្យធ្វើ​ការលើស​ម៉ោង មិន​គិត​ប្រាក់​ឈ្នួល​បន្ថែម មិន​គុណ​លុយ ពេល​ធ្វើការ​ថ្ងៃ​បុណ្យ គ្មាន​ប្រាក់​ធានា​សុខ​ភាព ពេល​រថយន្ត​ខូច ថៅកែ​កាត់លុយ​ជាដើម​ «សូមកុំឲ្យមានការកាត់លុយចំពោះតៃកុងឡាន ដែលដាក់ភ្ញៀវតាមផ្លូវ ព្រោះថាដាក់ កាត់លុយច្រើនពេក ដាក់ភ្ញៀវម្នាក់គេគិត១០ម៉ឺន គុណនឹង៣០ វាស្មើ៧៥០ដុល្លារហើយ»។

លោក សម្បត្តិ វន ឲ្យដឹងទៀតថា កូដកម្ម​នេះ​ក៏​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ដំឡើង​ប្រាក់ខែ​ពួកគេ​ពី​១២០​ទៅដល់​១៨០​ដុល្លារ និង​ដំឡើង​លុយ​ថ្លៃ​ចាយវាយ​ប្រចាំថ្ងៃ ពី​៥​ម៉ឺន ទៅ​៧​ម៉ឺន ៥​ពាន់​រៀល ហើយ​បុគ្គលិក​ដែល​អាច​បញ្ឈប់​ពី​ការងារ​បាន លុះណាតែ​ពួកគេ ធ្វើ​ខុស ៣​ដង​ដូចៗ​គ្នា។​

​អ្នក​តវ៉ា​ផ្សេង​ទៀត​ឲ្យដឹងថា ក្រុមហ៊ុន​នេះ បាន​តម្រូវ​ឲ្យ​អ្នកបើកបរ ម្នាក់​បង់​ប្រាក់​ពី​៣០០​ទៅ​៥០០​ដុល្លារ មុន​បាន​ចូល​បម្រើ​ការងារ​ជា​អ្នកបើកបរ ហើយ​ប្រាក់​តម្កល់​នេះ នឹង​ត្រូវ​ក្រុមហ៊ុន​កាត់ ពេល​មាន​កំហុស​ក្នុង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមហ៊ុន «យើងថាប្តូរប្រេងម៉ាស៊ីន គេថាអត់ទេទៅសិនទៅ ឥឡូវកំពុងអត់សូវមានឡានប្រើ ឲ្យយើងទៅសិន តែដល់ពេលឡានហ្នឹងវាខូចទៅ វាគុពេម៉ាស៊ីនតាមផ្លូវទៅ គេអត់ទទួលខុសត្រូវទេ គេទម្លាក់កំហុសមកលើយើង គេគាត់ប្រាក់ខែយើង។ ថ្លៃម៉ាស៊ីនហ្នឹងគេកាត់១០០០ដុល្លារ។ ប៉ុន្មានថ្ងៃមុខនេះ អ្នកចូលលើស១នាទីពីរនាទី គឺកាត់១០ដុល្លារ តែបើការងារពួកខ្ញុំធ្វើដល់១២យប់ ម៉ោង១ ម៉ោង២យប់ ឬទល់ភ្លឺនោះ គាត់មិនដែលគិតលុយឲ្យខ្ញុំផង»។​

តាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា ចុះ​ថ្ងៃ​ទី​១១​ខែ​មីនា​ឆ្នាំ​២០១៤​នេះ​ឲ្យដឹងថា បុគ្គលិក​គ្រប់​ខេត្ត​ក្រុង អ្នកបើកបរ ព្រូឡាន​ទាំងអស់ មិន​អនុញ្ញាតិ​ផ្ញើ​ឥ​វ៉ាន់ ដាក់​ឥ​វ៉ាន់​គ្មាន​វិក្ក័យប័ត្រ ឬ​វិក្ក័យប័ត្រ​សរសេរប​ន្លំ នៅ​ពេល​ក្រុមហ៊ុន​ចាប់បាន នឹង​ពិន័យ​១​គុណ​នឹង​៣០​ដង ចំពោះ​ភ្ញៀវ​ម្នាក់ ដែល​អ្នកបើកបរ ដាក់​តាម​ផ្លូវ ដោយ​គ្មាន​ការអនុញ្ញាត និង​ពិន័យ​ជា​ប្រាក់​៣​លាន​រៀល ជាដើមខណៈ​ប្រាក់ខែ​អ្នកបើកបរ​ត្រឹមតែ​១២០​ដុល្លារ​ក្នុង​មួយខែ​។​

នាយក​ក្រុមហ៊ុន លោក ចាន់ សុផាន់​ណា អះអាងថា ក្រុមហ៊ុន​មិន​បាន​កាត់លុយ​បុគ្គលិក​ដើម្បី​ជួសជុល​រថយន្ត​ទេ ។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា បទបញ្ជាផ្ទៃក្នុង ដែល​បាន​ដាក់ឲ្យអនុវត្តន៍​នា​ពាក់កណ្តាល​ខែ​មុន លោក​ចាត់​ទុក​ថា​ការសិក្សា​មិន​បាន​ច្បាស់លាស់​ពី​ភាគី​ក្រុមហ៊ុន «ឥឡូវនេះ ខាងក្រុមហ៊ុន ចេញសេចក្តីជូនដំណឹង មួយទៀត បញ្ជាក់មោឃៈ នៃសេចក្តីជូនដំណឹង ចេញថ្ងៃ១១នេះ ដើម្បីបញ្ជាក់ប្រាប់គាត់ថា នេះមិនមែនពាក់ព័ន្ធនឹងផ្នែកខាងគាត់ទេ»។

មន្ត្រី​ចងក្រង​សមាគម និង​ដោះស្រាយ​វិវាទ​នៅ​សហភាព​ការងារ​កម្ពុជា លោក ហៀ​ង គឹមហ៊ុន ដែល​តាមដាន​ករណីនេះ យល់ថា បទបញ្ជា​ផ្ទៃក្នុង​ទាំងឡាយណា ដែល​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ គ្មាន​សុពលភាព សម្រាប់​អនុវត្ត​ទេ លោក ជំរុញ​ឲ្យ​ភាគី​ក្រុមហ៊ុន​ត្រូវ​ពិនិត្យ​មើល​ករណី​នេះ​ឡើងវិញ ហើយ​ត្រូវ​អនុវត្ត​ច្បាប់ ការងារ​។​

​យ៉ាងណាក៏ដោយ អ្នក​តវ៉ា​ទាំងអស់​បាន​សម្រេច​ចូលធ្វើការ​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ បន្ទាប់​ពី​នាយក​ក្រុមហ៊ុន​ឯកភាព​ជា​ផ្លូវ​ការណ៍​ព្រម​ដក​បំរាម​នៃ​បទបញ្ជា​ផ្ទៃក្នុង​ដ៏​ចម្រូងចម្រាស​នេះ​ចេញ​៕

ទីតាំងចំណតរថយន្ត​ក្រុងក្រុមហ៊ុនភ្នំពេញ​សូរិយា ដែលស្ថិតក្នុងខណ្ឌ​ឫស្សីកែវ (រូបភាព៖ ញឹម សុខន)​

 

អត្ថបទទាក់ទង ៖  ​ក្រុមហ៊ុន​រថយន្ត​ក្រុង​ភ្នំពេញ​សូរិយា ផ្អាក​លក់​សំបុត្រ​ភ្លាមៗ ដោយសារ​អ្នកបើករថយន្ត ធ្វើ​កូដកម្ម​

 

សូមសរសេរមកកាន់លោក ​ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "​បុគ្គលិក​ផ្នែក​បើកបរ ​ក្រុមហ៊ុន​ភ្នំពេញសូរិយា ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​៧​ចំណុច​​"

  1. ទាមទា៧ចំណុចអីគេសុំ១៥០$មិនបានផងកុំចងើឮ់មកសុំ