ដោយ៖ បូ សាវី
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ពលរដ្ឋតវ៉ាជាថ្មីទៀត នៅមុខសាលាខេត្ដព្រះវិហារ ឲ្យដោះស្រាយ ទំនាស់ដី ជាមួយក្រុមហ៊ុនចិន(រូបថតដោយបូ សាវី)
ប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ ជាង៣០០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្ដុំគ្នាជាថ្មីទៀត នៅខាងមុខសាលាខេត្ដព្រះវិហារ ដើម្បីទាមទារឲ្យអាជ្ញាធរ ជួយដោះស្រាយ ករណីទំនាស់ដីធ្លីដ៍រាំរ៉ៃ ជាមួយក្រុមហ៊ុនចិនឡាន ហ្វេង។
សមាជិកសហគមន៍ឃុំប្រមេរ ស្រុកត្បែងមានជ័យ អ្នកស្រី នួន ម៉ុន ប្រាប់ VODថា ប្រជាពលរដ្ឋ រួមទាំងកុមារផង បាននាំយកគ្រឿងឧបភោគ បរិភោគ មកតាមខ្លួន ដើម្បីដេកតវ៉ានៅមុខសាលាខេត្ត ឲ្យជួយដោះស្រាយជម្លោះដីធ្លីពួកគាត់ ជាមួយក្រុមហ៊ុនចិននោះ។ អ្នកស្រីបន្ដថា ពួកគេមិនត្រឡប់ទៅលំនៅឋានវិញនោះទេ បើមិនមានកិច្ចសន្យាដោះស្រាយពីអាជ្ញាធរ។
អ្នកតវ៉ាម្នាក់ទៀត អ្នកស្រី សឹង សាំ ឲ្យដឹងថា ពួកគាត់ ចង់ឲ្យអាជ្ញាធរ ចុះបញ្ជីដីធ្លីពួកគាត់ ជាដីសមូហភាពរបស់សហគមន៍ ដើម្បីទុកជាផលប្រយោជន៏ដល់កូនចៅជំនាន់ក្រោយ និងអ្នកភូមិមួយចំនួនទៀតសុំចុះបញ្ជីជាឯកជន។ អ្នកស្រីបន្ដថា ក្រសួងមហាផ្ទៃ បានចេញលិខិតឲ្យអាជ្ញាធរខេត្ដ ដោះស្រាយ ប៉ុន្ដែអាជ្ញាធរមិនអនុវត្តតាមឡើយ។
អភិបាលរង ខេត្ដព្រះវិហារ លោកស្រី ខូយ ប៊ុនថាន មានប្រសាសន៍ថា លោកស្រីកំពុងជួបជាមួយពលរដ្ឋ ដើម្បីដោះស្រាយបញ្ហានេះ។
អ្នកសម្របសម្រួល សមាគការពារសិទ្ធិមនុស្សអាដហុក ខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ទំនាស់ដីធ្លីនេះ កើតឡើង នៅឆ្នាំ២០១២ ជាមួយក្រុមហ៊ុនចិនឡានហ្វេង ស្ថិតនៅឃុំប្រមេរ ជាប់ព្រំប្រទល់ ស្រុកត្បែងមានជ័យ និងស្រុកឆែប។ ក៏ប៉ុន្ដែលោកថាអាជ្ញាធរមិនមានឆន្ទៈដោះស្រាយទេ។
លោក ឡោ ចាន់ បន្តថា ក្រុមហ៊ុនចិនឡានហ្វេង ទទួលបានដីសម្បទានសេដ្ឋកិច្ចនៅតំបន់នោះ ៩០១៥ហិកតា ដោយគ្របដណ្ដប់លើដីសហគមន៍ជនជាតិដើមភាគតិចគួយផងដែរ។
បើតាមទិន្ន័យរបស់អង្គការពលកម្មអន្ដរជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ អន្ដរជាតិដាណឺម៉ាក នៅឆ្នាំ២០១២ ឲ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្ដសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន៦០ ក្នុងនោះមានសហគមន៍ចំនួន ៣ភូមិ នៅឃុំប្រមេរនេះផងដែរ៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com