Thursday, 03 April 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ប្រភពពីដែនដីមហាអំណាចអាមេរិកបានបង្ហើបប្រាប់ថា តារាចម្រៀងមាឌល្អិតម្ចាស់បទ «វាចាស្រីឡង់សេ» នាង យ៉ុង ចាន់កណ្ណិកា គ្រាដែលដឹកដៃតារាចម្រៀងលោក ហង្ស ឧត្តមមុនី ច្រៀងនៅអាមេរិកនោះ កំពុងត្រូវបានបុរសៗតាមសុំស្នេហ៍នាងក៏មិនតិចទេ បើទោះជាដឹងថាតារាចម្រៀងរូបនេះមានម្ចាស់បេះដូងចាំនៅស្រុកខ្មែរ ហើយក្តី។
ឆ្លើយឆ្លងតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ប្រភពដែលចាកចេញពីទឹកដីកំណើត ទៅរស់នៅទឹកដីអាមេរិកបានជាង៣ឆ្នាំ នៅរដ្ឋ ម៉ូនីសូតា បានពោលប្រាប់ទាំងលាន់មាត់ស្ងើចសរសើរថា៖«គិតទៅមិនធម្មតាដែរ ហ្នឹង នាង យ៉ុង ចាន់កណ្ណិកា និងតារាចម្រៀងមកពីផលិតកម្មសាន់ដេ លោក ហង្ស ឧត្តមមុនី មកដល់ទឹកដីអាមេរិកនេះ ពួកគេទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈការប្រគំតន្រ្តីមានអ្នកចូលទស្សនាច្រើនមែនទែន មិនមែនតែបងប្អូនខ្មែរទេ បរទេសក៏ទិញសំបុត្រដែរ»។
ប្រភពនោះ បន្តប្រាប់ថា៖«បើតាមខ្ញុំសម្គាល់ឃើញនឹងភ្នែកគ្រាដែលបានទស្សនា ការប្រគំតន្រ្តីផ្ទាល់នោះ បានឃើញយ៉ាងច្បាស់ ឃើញមានបុរសៗមានទាំងកំលោះ ពោះម៉ាយក៏មាន បាននាំគ្នាជូនកាដូដល់នាង ខ្លះទៀតក៏បន្លឺសារភាពបេះដូងទាំងមិនមានភាពអៀនខ្មាស នៅមុខមហាជនទស្សនាយ៉ាងច្រើនកុះករ»។
ប្រភពដដែលក៏បានបញ្ជាក់ថា យ៉ាងណា តារាចម្រៀងមាឌល្អិត ដែលបងប្អូននៅអាមេរិកច្រើនដាក់ងារថា ម្ចាស់បទ «វាចាស្រីឡង់សេ» នោះមិនមានចិត្តធំសម្លឹងឃើញដុំដុល្លារប្រុសអាមេរិកដែរ។ ប្រភពដែលមានកំណើតពីទឹកដីខេត្តស្វាយរៀងរូបនេះ បានប្រាប់ថា តារាចម្រៀងនាង យ៉ុង ចាន់កណ្ណិកា បានប្រាប់ដោយភាពទន់ភ្លន់ទៅបុរសៗដែលសុំស្រឡាញ់នាងវិញថា អរគុណចំពោះការស្រឡាញ់ពីបងៗនៅទីនេះ តែការស្រឡាញ់នេះ នាងទទួលបានត្រឹមតែជាមិត្តភក្តិរាប់អានគ្នា ឬត្រឹមជាបងធម៌អីបាន តែបើលើសនេះនាងមិនអាចទទួលបានទេ ព្រោះនាងមានគូដណ្តឹងទៅហើយ។
ប្រភពដដែលនេះបានប្រាប់ពីអារម្មណ៍ ផ្ទាល់ ដែលគេមានចំពោះតារាចម្រៀងមាឌល្អិតនាង យ៉ុង ចាន់កណ្ណិកា ថា៖ «ខ្ញុំមិនដឹងថា ខ្មែរៗនៅអាមេរិកគេគាំទ្រស្រឡាញ់នាង ត្រង់ចំណុចណាទេ តែសម្រាប់ខ្ញុំ គាំទ្រនាងទីមួយសំឡេងនាងច្រៀងបានពីរោះ និងជាពិសេសតាំងពីខ្ញុំនៅស្រុកខ្មែរ ពេលដែលគាត់ច្រៀងបទ«វាចាស្រីឡង់សេ» ខ្ញុំពេញចិត្តនឹងសំឡេងគាត់មែនទែន។ មកដល់ទីនេះក៏មានបងប្អូនសំណូមពរឲ្យនាងច្រៀងបទហ្នឹងក៏មិនតិច នាក់ដែរ មិនថានាងច្រៀងនៅក្នុងការប្រគំតន្រ្តីនៅរដ្ឋណាទេ មានអ្នកសំណូមពរឲ្យនាងច្រៀងតែរហូតហ្នឹង រួមទាំងខ្ញុំផងដែរ»។
វត្តមានតារាចម្រៀងមាឌល្អិត សំឡេងលន្លង់លន្លោចបែបមនោសញ្ចេតនា នាង យ៉ុង ចាន់កណ្ណិកា នៅលើទឹកដីអាមេរិក មិនមែនជាលើកទីមួយទេ នាងទទួលបានឱកាសចេញសម្តែងក្រៅប្រទេស ពោលគឺស្ទើររាប់ភ្លេចជើងទៅហើយ។ ប៉ុន្តែលើកនេះ វាក្លាយជាលើកដំបូងនៃឱកាសនាងចាកចេញពីគូដណ្តឹង ខណៈគេក៏ដឹងផងដែរថា បុរសជាគូដណ្តឹងរបស់នាងក៏ពូកែប្រចណ្ឌណាស់ដែរ។
គួរបញ្ជាក់ថា ក្រោយពីភ្ជាប់ពាក្យ តារាចម្រៀង នាង យ៉ុង ចាន់កណ្ណិកា បានប្រកាសប្រាប់យ៉ាងក្តែងៗថា អាពាហ៍ពិពាហ៍នាង និងគូដណ្តឹងមិនអាចលេចរូបរាងឆាប់នោះទេ។ ឆ្នាំនេះក៏មិនទាន់មានសញ្ញាដែរព្រោះថា នាងចង់ទុកឱកាសចេញច្រៀងក្រៅប្រទេសឲ្យបានច្រើនសិន»។
ពេលនេះមិនអាចសុំការពន្យល់ពី យ៉ុង ចាន់កណ្ណិកា បានទេ សូម្បីតាមបណ្តាញសង្គម៕
មានអីនាងមានមន្តស្នេហ៍ដែរតើ
ស្រីយួនរស់នៅលើទឹកបឹងទន្លេសាបស្អាតជាងនាង១នោះ១០០ដងឯណោះ ឯផ្លែទន្លាប់វិញឃើញគួរឲ្យខ្នាញ់មិនស្ទាបអង្អែលមិនបាន Oh! God.