ដោយ៖ តាំង វីដា
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ចំណតរថយន្តក្រុងមួយ នៅជិតស្តុបបូកគោ
សាលារាជធានីភ្នំពេញ គ្រោងពង្រីកផ្លូវសាកល្បងដំណើរការរថយន្តក្រុងសាធារណៈ លើបណ្តោយផ្លូវព្រះមុនីវង្ស ចាប់ពីស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិច ខណ្ឌឫស្សីកែវ រហូតដល់ក្រុងតាខ្មៅ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់ VOD នៅរសៀលនេះថា គម្រោងសាកល្បងរថយន្តក្រុងសាធារណៈ ដែលបានដាក់ដំណើរការសាកល្បងពីរខែមកនោះ គឺនឹងត្រូវបន្តសាកល្បងរយៈពេល ១ខែទៀត ចាប់ពីថ្ងៃទី៤ ខែមេសា រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤។
លោកបន្តថា សាលារាជធានី ក៏គ្រោងនឹងពង្រីកផ្លូវធ្វើដំណើរដែលចាប់ផ្តើមពីរង្វង់មូលស្តាតចាស់ រហូតដល់ស្ពានច្បារអំពៅនោះ។ ដោយឡែក សម្រាប់កិច្ចដំណើរការសាកល្បងលើកទី៣នេះ គឺស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់សាលារាជធានីភ្នំពេញ ដោយហេតុថា មិនទាន់មានក្រុមហ៊ុន ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់វិនិយោគលើសេវានេះ នៅឡើយទេ។
គម្រោងសាងល្បងដំណើរការថយន្តក្រុង របស់សាលារាជធានី លើបណ្តោយផ្លូវព្រះមុនីវង្ស ដែលចាប់ផ្តើមពីរង្វង់មូលស្តាតចាស់រហូតដល់ស្ពានច្បារអំពៅ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានរយៈពេល២ខែមកហើយ បានចាប់ផ្តើមពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤។
រថយន្តក្រុងសាធារណៈចំនួន ១០គ្រឿង ដំណើរការសាកល្បង លើកំណាត់ផ្លូវមួយខ្សែប្រវែងប្រហែល ៧,៥គីឡូម៉ែត្រ។ តម្លៃសេវាធ្វើដំណើរ គឺ១៥០០រៀល សម្រាប់ម្នាក់ ក្នុង១ជើង៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com