ដោយ៖ ពេជ្រ សុធារី
ថ្ងៃសុក្រ ទី4 ខែមេសា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អ្នកគាំទ្រ ទាមទារឲ្យដោះលែងលោក វន់ ពៅ(រូបថតដោយជន ស្រីណុច)
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ បានបើកសវនាការលើពាក្យសុំ នៅក្រៅឃុំបណ្តោះអាសន្ន របស់លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងសមត្ថកិច្ច និងកម្មករ កាលពីដើមខែមករា កន្លងទៅនេះ។
លោក គីម សុជាតិ មេធាវីសហភាពការងារកម្ពុជា (CLC) និងជាមេធាវីការពារសិទ្ធិលោក វន់ ពៅ ឲ្យដឹងថា ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នលើកទី៣ ក្នុងដំណាក់កាលមុនអង្គសេចក្តីរបស់តុលាការនេះ បានបើកនៅម៉ោង ៨ព្រឹក ថ្ងៃសុក្រ ទី៤ ខែមេសានេះ។ លោកបន្តថា ក្នុងដំណាក់នីតិវិធីនេះ តុលាការសាលាដំបូង ត្រូវបើកសវនាការដោយមានវត្តមានរបស់លោក វន់ ពៅ។
ប៉ុន្តែនៅព្រឹកនេះ គេពុំឃើញមានវត្តមានរបស់លោក វន់ ពៅ នៅក្នុងសវនការនោះទេ។
ខណៈដែលសាលាដំបូងកំពុងបើកសវនការនោះដែរ អ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ និងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ៥០នាក់ ក៏បានប្រមូលផ្តុំនៅមុខសាលាដំបូងនោះដែរ ដោយជំរុញឲ្យតុលាការដោះលែងលោកវន់ ពៅ ឲ្យមានសេរីភាពវិញ។
ការបើកសវនការ លើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ននេះ ធ្វើឡើងមុនពេលដែលសាលាដំបូង បើកសវនការជំនុំជម្រះក្តីលើសំណុំរឿងជនជាប់ចោទទាំង ២៣នាក់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទទាំង ២២នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅពេលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលដល់កម្មករ ១៦០ដុល្លារក្នុងមួយខែ។
បច្ចុប្បន្នលោក វន់ ពៅ និងមនុស្ស២០នាក់ទៀត កំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ខណៈកម្មករពីរនាក់ ត្រូវបានតុលាការឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី០៧ ខែកុម្ភៈ៕
សូមសរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com