ដោយ ទេព សុរ៉ាវី និង វោហារ ជាតិ
2014-05-05
RFA

អ្នកភូមិត្រពាំងល្វា ថ្លែងក្នុងសន្និសីទកាសែតពីការស្នើសុំឲ្យខាងអាកាសចរណ៍ស៊ីវិល អភិវឌ្ឍន៍បញ្ចៀសលំនៅឋានរបស់ពួកគាត់ កាលពីព្រឹកថ្ងៃ៥ ឧសភា ឆ្នាំ២០១៤។ RFA/Tep Soravy
ប្រជាពលរដ្ឋ ៥ភូមិ ដែលរស់នៅជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្នើសុំឲ្យខាងអាកាសចរណ៍ស៊ីវិលកម្ពុជា ដោះស្រាយសំណងផលប៉ះពាល់លើដីលំនៅឋានរបស់ពួកគាត់តាមតម្លៃទីផ្សារ ហើយខ្លះស្នើសុំឲ្យការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បញ្ចៀសរាល់ការប៉ះពាល់លំនៅរបស់ពួកគាត់ ខណៈដែលខាងអាកាសចរស៊ីវិលកម្ពុជា កំពុងចុះអនុវត្តការងារបោះបង្គោលព្រំខណ្ឌដី ដើម្បីកំណត់តំបន់គ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពនៅជុំវិញបរិវេណអាកាសយានដ្ឋាន។
ពលរដ្ឋរស់នៅជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានជំហរផ្សេងគ្នាក្នុងការស្នើសុំឲ្យខាងអាកាសចរណ៍ស៊ីវិលកម្ពុជា ដោះស្រាយជម្លោះរឿងការកំណត់ព្រំដីអាកាសយានដ្ឋាន។
ពលរដ្ឋដែលរងផលប៉ះពាល់នៃការកំណត់ព្រំដីទាំងនោះ រួមមានពលរដ្ឋមកពីភូមិថ្មគោល ភូមិគោកចំបក់ ភូមិតាងួន ភូមិត្រពាំងល្វា និងភូមិជ្រៃជីសាក់។
ប្រធានសហគមន៍ត្រពាំងល្វា លោក កៅ សុវណ្ណ ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី៥ ខែឧសភា ថ្លែងដោយទទូចស្នើសុំឲ្យខាងអាកាសចរណ៍ស៊ីវិលកម្ពុជា អភិវឌ្ឍបញ្ចៀសលំនៅឋានរបស់ពលរដ្ឋចំនួន ៦៣គ្រួសារ ដែលកំពុងរស់នៅក្បែររបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោកបដិសេធថា ក្រុមសហគមន៍លោកមិនត្រូវការសំណង ឬការទិញលក់ក្នុងតម្លៃទីផ្សារសេរីនោះទេ ដោយសំអាងថា ទីតាំងដែលពួកគេរស់នៅសព្វថ្ងៃនេះ គឺអាចប្រកបអាជីវកម្មបាននៅជិតសាលារៀន មានវត្តអារាម មន្ទីរពេទ្យ ជិតផ្សារ និងមានថ្នល់ចេញចូលល្អ។ ម្យ៉ាងពួកគាត់រស់នៅនិងកាន់កាប់ដីនិងផ្ទះនៅតំបន់នោះតាំងពីឆ្នាំ១៩៧៩។
«សំឡេង»
ស្រដៀងគ្នានេះដែរ អ្នកស្រី ច្រាយ នីម តំណាងអ្នកភូមិថ្មគោល ឲ្យដឹងថា ពលរដ្ឋចំនួន ១៨២គ្រួសារ រស់នៅក្នុងសហគមន៍ថ្មគោល ភាគច្រើនមានដីទំហំទទឹង ៥ម៉ែត្រ និងបណ្ដោយ ១២ម៉ែត្រ ហើយខាងអាកាសចរណ៍ស៊ីវិលតម្រូវឲ្យពួកគាត់រុះរើចេញពីរបងអាកាសយានដ្ឋាន ៥ម៉ែត្រ ដូច្នោះដីដែលនៅសេសសល់មិនអាចរស់នៅបាន។ អ្នកស្រីបន្តថា ខាងសហគមន៍ថ្មគោលទាំងអស់ស្នើសុំឲ្យអាជ្ញាធរដោះដូរដីថ្មីនៅក្បែរទីតាំងចាស់ចម្ងាយ ២គីឡូម៉ែត្រ។
តំណាងសហគមន៍ជ្រៃជីសាក់ លោក ខឹម ណាំ បញ្ជាក់ថា ពលរដ្ឋជាង ១០០គ្រួសារ ដែលរងផលប៉ះពាល់ពីការកំណត់ព្រំដីរបស់អាកាសចរណ៍ស៊ីវិល ស្នើសុំដោះដូរជាប្រាក់កាស ដោយស្នើសុំឲ្យខាងក្រុមហ៊ុនទិញក្នុងតម្លៃមួយព្រមព្រៀងគ្នា។
«សំឡេង»
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជូនដំណឹងមួយទៅពលរដ្ឋដែលពាក់ព័ន្ធនឹងទំនាស់ដីលំនៅឋានអំពីការចុះអនុវត្តការងារបោះបង្គោលព្រំខណ្ឌដី ដោយចាប់ផ្ដើមពីថ្ងៃទី២១ មេសា ដល់ថ្ងៃទី២៨ ឧសភា ដើម្បីកំណត់តំបន់គ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ភាគីខាងអាកាសចរណ៍ស៊ីវិលធ្លាប់ចុះទៅជួបជាមួយពលរដ្ឋទាំងនោះ និងធានាថា ការបោះបង្គោលកំណត់ព្រំដែនសន្តិសុខនិងសុវត្ថិភាព ជុំវិញអាកាសយានដ្ឋាននោះ គឺមិនមែនជាការរឹបអូសយកដីធ្លី ផ្ទះសម្បែង ឬជាការបណ្ដេញពលរដ្ឋចេញពីលំនៅឋានទេ។ តែជាការកំណត់សម្គាល់តំបន់សន្តិសុខ និងតំបន់សុវត្ថិភាព ដើម្បីសម្រួលដល់ភ្នាក់ងារឯករាជ្យ ចុះធ្វើសម្រង់ស្ថិតិ ជំរឿនសិក្សាតម្លៃមុននឹងឈានដល់ការដោះស្រាយផលប៉ះពាល់។
អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងជាប្រធានក្រុមការងារបច្ចេកទេសអនុវត្តការងារចុះវាស់វែងនិងបោះបង្គោលកំណត់តំបន់គ្រប់គ្រងសន្តិសុខ និងសុវត្ថិភាព លោក សយ សុខាន់ ឲ្យដឹងថា ពលរដ្ឋទាំងនោះបានឯកភាពជាមួយខាងអាកាសចរណ៍ស៊ីវិល ដើម្បីកំណត់ព្រំខណ្ឌ ប៉ុន្តែពួកគាត់បែរជាក្រឡាស់ និងដាក់សំណើទាមទារខុសពីការជជែកគ្នាពីមុខ។
«សំឡេង»
គម្រោងអភិវឌ្ឍន៍ពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងតម្រូវឲ្យរដ្ឋាភិបាលកាត់ដី ឬផ្ទះទំហំ ៥ម៉ែត្រពីរបងអាកាសយានដ្ឋាន ដើម្បីធ្វើឲ្យអាកាសយានដ្ឋានកម្ពុជា ក្លាយជាអាកាសយានដ្ឋានដែលទទួលស្គាល់ថា គោរពតាមបទដ្ឋានអន្តរជាតិ។ គម្រោងអភិវឌ្ឍន៍នេះ អាចធ្វើឲ្យប៉ះពាល់ផ្ទះសម្បែង ដីធ្លីពលរដ្ឋជាង ៤០០គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន ៥ ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ។
ចំណែកអតីតអ្នកភូមិបឹងកក់ដែលបានចាកចេញកន្លងមក គឺក្រុមអ្នកស្រី សយ កូឡាប ធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី៥ ឧសភា នេះដែរ
អ្នកស្រី សយ កូឡាប តំណាងអតីតអ្នកភូមិបឹងកក់បញ្ជាក់ថា ការធ្វើសន្និសីទកាសែតនេះ ដើម្បីឆ្លើយតបទៅមន្ត្រីសាលារាជធានីភ្នំពេញ ដែលអ្នកស្រីអះអាងថា មន្ត្រីរាជធានីភ្នំពេញ បានចោទពួកគាត់ថា ការតវ៉ាទាមទាររបស់អតីតអ្នកភូមិបឹងកក់កន្លងមកគឺទាក់ទងរឿងនយោបាយ។
អ្នកស្រីបញ្ជាក់ថា ៖ «ខ្ញុំចង់ឆ្លើយតបថា អ្វីដែលពួកខ្ញុំបានធ្វើកន្លងមកនេះអត់មានអ្នកចាក់ចុចទេ អត់មានលាយឡំរឿងនយោបាយទេ ពួកខ្ញុំតវ៉ាព្រោះជីវិតវេទនាអត់ឃ្លាន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិនៅស្វាយរៀងចោទអាជ្ញាធរថាមិនអើពើរឿងវៀតណាមបោះបង្គោលចូលដីខ្មែរ
- ពលរដ្ឋនៅក្រចេះត្រូវបានអាជ្ញាធរបណ្ដេញចេញពីដីធ្លីនិងផ្ទះជាបន្តបន្ទាប់
- អតីតអ្នកបុរីកីឡាសុំឲ្យអនុស្នងការអង្គការសហប្រជាជាតិជួយដោះស្រាយបញ្ហាលំបាក
- បញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចដែលទទួលបានកម្មសិទ្ធិដីធ្លីសមូហភាពយឺតយ៉ាវ
- ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីទាមទារឲ្យស្ថាប័នរដ្ឋដោះស្រាយជម្លោះដីធ្លី
- ក្រុមហ៊ុនលោក សុខ គង់ ត្រូវបានអនុញ្ញាតឲ្យសង់សណ្ឋាគារលើដីអាជ្ញាធរអប្សរា
- អាដហុករៀបចំសិក្ខាសាលាស្ដីពីបញ្ហាដីធ្លីនិងធនធានធម្មជាតិនៅខេត្តកំពង់ធំ
- ពលរដ្ឋ៤០គ្រួសារផ្សេងទៀតនៅកំពង់ឆ្នាំងប្ដឹងទាមទារដីពីក្រុមហ៊ុនខេ.ឌី.ស៊ី
- សាលាក្រុងនិងសង្គមស៊ីវិលមិនទាន់ត្រូវគ្នាលើការបើកវេទិកាសាធារណៈរឿងអ្នកបុរីកីឡា
បើពួកគាត់មិនមានបំណងធ្វើរដ្ឋប្រហារទេ ត្រូវទាមទារតែអ្វីដែលគាត់ចង់បាន។
ហើយកុំទាមទារ នៅពេលដែលពួកធ្វើរដ្ឋប្រហារ កំពុងបញ្ចេញសកម្មភាព។
KIM SAN you are wrong did you know how long this problem had happen ? my question is why this leader can not solving this matter for so many yeas.it became a habit for theses people, do not blame them. you should blame to the leader that was in power. what was he doing for all those years. did he see or heard about this problem??? the question is what was he doing in his office for all those years. did YOU KNOW THAT YOUR NATION IS JUST ABOUT TO END**************** PLEASE WAKEUP