ដោយ៖ តាំង វីដា
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ក្រុមសមត្ថកិច្ច ដែលថតបាន ពេលប្រើហិង្សាលើអ្នកសារព័ត៌មាន និងពលរដ្ឋ ក្នុងទិវាពលកម្មអន្តរជាតិ ០១ ឧសភា (រូបថត តាត ឧត្តម)
គណបក្សប្រឆាំង មន្ត្រីសិទ្ធិមនុស្ស និងអ្នកជំនាញសារព័ត៌មាន ជំរុញឲ្យក្រសួងព័ត៌មាន ក្នុងនាមជាស្ថាប័នសាម៉ី ត្រូវចេញមុខចាត់វិធានការជាសកម្មភាពរកយុត្តិធម៌តាមផ្លូវច្បាប់ ជូនដល់អ្នកសារព័ត៌មាន ជាជាងការអំពាវនាវលើក្រដាស។
ការលើកឡើងនេះ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃអាទិត្យម្សិលមិញថា ការរគំរាមកំហែង ការប្រើហិង្សា និងការប្រមាថអ្នកសារព័ត៌មាន កើតមានឡើងដោយក្រុមបាតុករ ជនខិលខូច ជាពិសេស អាជ្ញាធរមានសមត្ថកិច្ច ដែលខ្វះវិន័យ ក្នុងគ្រាដែលមានការតវ៉ា កន្លងមក។ ក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់ក្រុមអ្នកតវ៉ា បាតុករ ពិសេសគឺ សមត្ថកិច្ច កងកម្លាំងរក្សាសន្តិសុខ ប្រកាន់យកនូវការអនុវត្តសិទ្ធិសេរីភាព និងសមត្ថកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
តាមរយៈសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ថា ក្រសួងព័ត៌មាន ពិតជាទទួលស្គាល់ថា ក្នុងនោះ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសសន្តិសុខសាលាខណ្ឌដូនពេញ ដែលជាញឹកញាប់ ត្រូវបានគេថតឃើញថា ប្រើហិង្សាធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋ ជាពិសេសលើអ្នកសារព័ត៌មាន ដែលជាបុគ្គលសំខាន់ ក្នុងការផ្តល់ព័ត៌មានពិត។ កត្តានេះ លោកថា ក្រសួងសាម៉ី ត្រូវចាត់វិធានការដោយផ្ទាល់ ដើម្បីផ្តន្ទាទោសលើអាជ្ញាធរ ដែលខ្វះវិន័យ ដើម្បីជាគំរូ ក្នុងការការពារសិទ្ធិសេរីភាពអ្នកសារព័ត៌មាន។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ យល់ថា ការអំពាវនាវលើក្រដាស មិនមានប្រសិទ្ធិភាពលើការអនុវត្តរបស់អាជ្ញាធរនោះទេ។ លោកថា ក្រសួងព័ត៌មាន មានតួនាទីសំខាន់ក្នុងការកោះប្រជុំ ពន្យល់ណែនាំដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ពីសិទ្ធិ សេរីភាព និងការការពារអ្នកសារព័ត៌មាន។
មន្ត្រីជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត គិតថា អ្នកសារព័ត៌មានបច្ចុប្បន្ន កំពុងជួបហានិភ័យខ្ពស់ ពីការបង្ក្រាបរបស់អាជ្ញាធរ ដែលទាមទារឲ្យស្ថាប័នទទួលបន្ទុក ត្រូវបង្កើតយន្តការបន្ទាន់ការពារ មិនមែនត្រឹមការចេញសេចក្តីថ្លែងការណ៍ត្រឹមល្អមើលនោះទេ។
VOD មិនអាចសុំការឆ្លើយតបពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធិ បានទេ ដោយទូរស័ព្ទចូលតែលោក មិនលើក។
សម្រាប់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ទទួលស្គាល់ថា ហិង្សាទាំងនេះ គឺមានខ្លះផ្តើមចេញដោយអាជ្ញាធរមានសមត្ថកិច្ចពិតមែន តែលោក ជឿជាក់ថា នេះក៏បណ្តាលមកពីអ្នកសារព័ត៌មានមួយចំនួន ខ្វះនូវក្រមសីលធម៌ បង្កើតជម្លោះ និងមិនបានសហការជាមួយអាជ្ញាធរ ក្នុងស្ថានភាពច្របូកច្របល់នោះ។
ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ០៣ ឧសភា ឆ្នាំ២០១៤នេះ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានលើកឡើងថា ការដែលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រងការគំរាមកំហែង និងរងការវាយដំពីសំណាក់អាជ្ញាធរកម្ពុជាកន្លងមកនេះ គឺកើតឡើងដោយសារការចៃដន្យតែប៉ុណ្ណោះ ដែលនេះជាការឆ្លើយតបទៅនឹងហិង្សា ដែលកើតមាននៅថ្ងៃទី០១ នៃទិវាពលកម្មអន្តរជាតិ និងថ្ងៃទី០២ឧសភា ដែលបណ្តាលឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីអង្គការសង្គមស៊ីវិល និង អ្នកសារព័ត៌មានប្រមាណ ១០អង្គ/នាក់ បានរងរបួសធ្ងន់និងស្រាល៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
ស្រុក ខ្មែរ ជា ស្រុក ព្រៃ ឬ បានជាអ្នក វ៉ៃ អ្នកសារព័ត៏មាន ប្រជាពលរដ្ឋ ស្លូត ត្រង់ មិនមាន ទោស !