​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា នៅរាជធានីភ្នំពេញ នា​រសៀល​នេះ​​

ដោយ៖​ តាំង វីដា​
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

គណបក្សសង្រ្គោះជាតិ ដង្ហែជាក្បួននៅរាជធានីភ្នំពេញ(រូបថតដោយតាំង វីដា)

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ១០០០​នាក់ បានចាប់ផ្តើម​បន្ត​ហែ​ក្បួន​ពី​ទីស្នាក់ការ​គណបក្ស ទៅកាន់​ទីតាំង​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ដែលជា​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​។​

​យុទ្ធនាការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​នេះ ចាប់ផ្តើម​នៅ​ម៉ោងជាង ៣​រសៀល​នេះ ហើយ​នឹង​បញ្ចប់​នៅ​ម៉ោង​ប្រមាណ ៧ ទៅ​៨​យប់​។ 

​នៅ​មុន​ពេល​ហែ​ក្បួន មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យដឹងថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ថ្ងៃ​ចន្ទ​នេះ នឹង​ចែក​ជា​ពីរ​ក្រុម ដែល​មួយ​ក្រុម​ដឹកនាំ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មួយ​ក្រុម​ទៀត ដឹកនាំ​ដោយ​លោក យឹម សុវណ្ណ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ជំនួស​ឲ្យ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃោសនា​នៅ​ខេត្ត​ក្រចេះ​។ មន្ត្រី​រូប​នោះ បន្តថា ក្រុម​របស់​លោក​យឹម សុវណ្ណ បាន​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចាក់អង្រែលើ ឆ្ពោះទៅ​កាន់​មហាវិថី​ព្រះមុនីវង្ស បន្ត​ទៅ​ផ្លូវ​ម៉ៅ​សេង​ទុង ឆ្ពោះទៅ​រក​រង្វង់​មូល​ទួលគោក ដើម្បី​ជួប​ក្បួន​លោក​កឹម សុខា ហើយ​នឹង​បន្ត​ហែ​ក្បួន​ឃោសនា​ជុំវិញ​រាជ ធានី​ភ្នំពេញ​។ 

​តែ​ទោះជា​យ៉ាងណា មន្ត្រី​រូប​នោះ មិន​បាន​បញ្ជាក់​ពី​ទីតាំង​ដែល​ត្រូវ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​នេះ​ទេ​។​

​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃនេះ គឺជា​យុទ្ធនាការ​មួយ ក្នុង​យុទ្ធនាការ​ឃោសនា​បន្ថែម រយៈពេល​៦​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០៥ ទី​០៧ ទី​១០ ទី​១១ ទី​១៤ និង​ទី​១៦​ខែ​ឧសភា​។ យុទ្ធនាការ​នេះ នឹង​ត្រូវ​ដឹកនាំ​ដោយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​ចាប់ផ្តើម​ពី​ការជួបជុំ​នៅ​ទីស្នាក់ការ​របស់​គណបក្ស នៅ​ចាក់អង្រែលើ ចាប់ពី​ម៉ោង​២​រសៀល​។​

យុទ្ធនាការ​រក​សំ​ទ្បេង​ឆ្នោត សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិ​ទី​២ ឆ្នាំ​២០១៤ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា នេះ​។ ការបោះឆ្នោត​ក្រុមប្រឹក្សា នឹង​ធ្វើ​នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​មាន​គណបក្សនយោបាយ​ចំនួន​៥​ចូលរួម ក្នុងនោះ​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​៕

សរសេរមកកាន់លោក តាំង វីដា តាមរយៈvida@vodhotnews.com

What Next?

Recent Articles