ដោយ សូត សុខប្រាថ្នា និង វណ្ណ វិចារ
2014-05-05
RFA

ក្បួនឃោសនាបោះឆ្នោតថ្នាក់ក្រោមជាតិ របស់បក្សសង្គ្រោះជាតិ នារាជធានីភ្នំពេញ នៅថ្ងៃ៤ ឧសភា ឆ្នាំ២០១៤។ RFA/Morm Moniroth
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានទៅជួបអ្នកគាំទ្របក្សរបស់ខ្លួន និងហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត ស្រុក ខណ្ឌ នៅខេត្តក្រចេះ នៅថ្ងៃ៥ ឧសភា។ ចំណែកនៅឯរាជធានីភ្នំពេញ មន្ត្រីថ្នាក់ដឹកនាំបក្សជាច្រើនទៀត ក៏ហែក្បួនឃោសនាបោះឆ្នោតនេះដែរ។
ប្រធានគណបក្សសង្គ្រោះជាតិ បានចុះជួបជាមួយសមាជិកនិងអ្នកគាំទ្របក្សខ្លួននៅខេត្តក្រចេះ ដែលមានប្រមាណជា ២ពាន់នាក់ ដើម្បីឃោសនាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃ៥ ឧសភា។ ការជួបជុំនិងហែក្បួននោះ គឺមិនមានការរារាំង និងការបង្កការរំខានណាមួយកើតឡើងនោះទេ។
សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ លេខរៀងទី១ គណបក្សសង្គ្រោះជាតិ លោក ទឹម សុធន់ មានប្រសាសន៍ថា ក្នុងការជួបជុំជាមួយសមាជិក និងអ្នកគាំទ្រនៅទីស្នាក់ការបក្ស និងដង្ហែក្បួនឃោសនារបស់បក្សសង្គ្រោះជាតិ មកទីលានបាល់ទាត់នៅទីរួមខេត្ត គឺមិនមានការរារាំងពីសំណាក់អាជ្ញាធរខេត្តក្រចេះ នោះទេ ផ្ទុយទៅវិញអាជ្ញាធរបានសហការយ៉ាងល្អក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងចរាចរណ៍ទៀតផង។
លោក ទឹម សុធន់៖ «បានជាខ្ញុំរៀបរោងរៀបអីល្ងាចមិញហ្នឹង វាមានឧបសគ្គតិចតួច ក៏ប៉ុន្តែទីបំផុតមានដំណោះស្រាយ ដោយសារតែខ្ញុំបានទៅជួបតំណាងបោះឆ្នោតខេត្តជួបជាមួយអភិបាលខេត្ត ហើយនិយាយមែនទែនទៅមានការសហការល្អ ហើយក៏ខ្ញុំអរគុណដែរដោយសារតែគេនិយាយមកវាមានហេតុផលក្នុងការសហការ អាហ្នឹងជារឿងមួយល្អ ដែលខ្មែរចេះនិយាយគ្នា»។
លោកបន្តថា ក្រៅពីការហែក្បួននៅខេត្តក្រចេះ ប្រធានគណបក្សសង្គ្រោះជាតិ បានទៅជួបជាមួយប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរបណ្ដេញចេញពីលំនៅឋាននិងដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីពិនិត្យពីស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងនោះ និងដើម្បីពិនិត្យទៅលើបញ្ហាផ្សេងៗដែលកើតចេញពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលឱ្យទៅក្រុមហ៊ុនឯកជននោះ ហើយក្នុងនាមអាជ្ញាធរគប្បីត្រូវមានដំណោះស្រាយសមស្របសម្រាប់ពួកគាត់ដែលជាប្រជាពលរដ្ឋខ្មែរនោះ។
អភិបាលរងខេត្តក្រចេះ ទទួលបន្ទុកសន្តិសុខអចិន្ត្រៃយ៍ លោក ហឿ ស៊ីយ៉ែម មានប្រសាសន៍ថា ដោយមានការសហការពីខាងបក្សសង្គ្រោះជាតិដើម្បីស្នើសុំឱ្យអាជ្ញាធរចូលរួមក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម នៅពេលគណបក្សសង្គ្រោះជាតិ ធ្វើការឃោសនាទើបធ្វើឱ្យអាជ្ញាធរអាចថែរក្សាសណ្ដាប់ធ្នាប់បានយ៉ាងប្រសើរ។
ចំណែកឯអភិបាលរងខេត្តក្រចេះ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី លោក ខ័ណ្ឌ ចំណាន មានប្រសាសន៍ដែរថា ចំពោះការចុះជួបប្រជាពលរដ្ឋដែលបានកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់នោះ គឺជាសិទ្ធិសេរីភាពរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហើយអាជ្ញាធរបានអនុវត្តច្បាប់នៅពេលនេះ គឺវាស្របទៅនឹងការលើកឡើងរបស់បក្សសង្គ្រោះជាតិ នៅពេលកន្លងទៅ ដែលចង់ឱ្យមានការអនុវត្តច្បាប់ចំពោះនរណាដែលកាប់ទន្ទ្រានព្រៃឈើខុសច្បាប់នោះ។
លោកបន្ថែមទៀតថា វានឹងមិនប៉ះពាល់ដល់សកម្មភាពអនុវត្តច្បាប់របស់អាជ្ញាធរនោះទេ ប្រសិនបើការចុះជួបនោះគឺមានគោលបំណងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋពិតប្រាកដ៖ «បាទ! នេះគឺជាសិទ្ធិរបស់តំណាងរាស្ត្រ ឬក៏ជាសិទ្ធិរបស់ពលរដ្ឋម្នាក់ក្នុងការប្រាស្រ័យជាមួយប្រជាពលរដ្ឋទូទៅ ពលរដ្ឋដទៃដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬក៏ការជួបប្រាស្រ័យជាមួយអ្នកនៅខាងក្រៅស្រុក។ជាសិទ្ធិក្នុងការជួប ក៏ប៉ុន្តែយើងខ្ញុំលើកឡើង ក៏ដូចជាសុំអំពាវនាវកុំឱ្យមានការមួលបង្កាច់ទៅដល់អាជ្ញាធរដែលមានសមត្ថកិច្ចដែលជាអ្នកប្រតិបត្តិនូវច្បាប់ នូវបទបញ្ជា ជាអ្នកមានភារកិច្ចនៅក្នុងនាមជាមន្ត្រីរាជការ ក្នុងនាមជាអ្នករក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម»។
មន្ត្រីផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅខេត្តក្រចេះ លោក ហេង ភារៈ បានលើកឡើងថា ការឃោសនារបស់បក្សសង្គ្រោះជាតិ នៅក្នុងក្រចេះ គឺប្រព្រឹត្តទៅដោយល្អប្រសើរ មិនមានការរារាំង ឬការរំខានណាមួយកើតឡើងដូចនៅខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ឧសភា នោះទេ។ ចំណែកឯការចុះពិនិត្យស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋដែលអាជ្ញាធរបណ្ដេញចេញនោះ លោកយល់ថា គឺជារឿងត្រឹមត្រូវរបស់សមាជិកតំណាងរាស្ត្រទាំងអស់ ដើម្បីពាំនាំទុក្ខសោកសង្រេងរបស់ប្រជាពលរដ្ឋទាំងនោះដាក់ក្នុងរបៀបវារៈនៅសភាជាតិ សម្រាប់រកវិធីដោះស្រាយរួម និងកាន់តែធ្វើឱ្យសភាមានដំណើរការល្អប្រសើរ។
ស្របពេលដែលលោក សម រង្ស៊ី ទៅឃោសនាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ នៅខេត្តក្រចេះនេះ នៅឯភ្នំពេញវិញ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ផ្សេងទៀត ក៏បានឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ឈានចូលថ្ងៃទី២ ដែរ។
សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍របស់លោក វណ្ណ វិចារ អំពីព្រឹត្តិការណ៍នៅរាជធានីភ្នំពេញនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប្រធានពន្ធនាគារខេត្តមណ្ឌលគិរីរងការចោទប្រកាន់ថារើសអើងនយោបាយ
- អាជ្ញាធររារាំងក្បួនដង្ហែបក្សសង្គ្រោះជាតិមិនឱ្យចូលក្រុងកំពង់ចាម
- ពុទ្ធសាសនិកជនអំពាវនាវឲ្យអ្នកនយោបាយដោះស្រាយបញ្ហាតាមទសពិធរាជធម៌
- គ.ជ.ប.ព្រមានចាត់វិធានការច្បាប់លើបក្សសង្គ្រោះជាតិបើរំលោភសេចក្ដីណែនាំ
- ក្រសួងមហាផ្ទៃណែនាំឲ្យបញ្ឈប់កោះប្រជុំសមាជិកក្រុមប្រឹក្សាខេត្តក្រុងបក្សសមរង្ស៊ី
- លោក សម រង្ស៊ី និងលោក កឹម សុខា ជួបជាមួយអ្នកគាំទ្រនៅព្រៃវែង
- បក្សប្រឆាំងថ្កោលទោសរដ្ឋាភិបាលចំពោះការហាមឃាត់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សា
- ពលរដ្ឋប្រមាណ៥នាក់ត្រូវកងសន្តិសុខវាយឲ្យរបួស
- បក្សប្រឆាំងលើកបញ្ហារំលោភសិទ្ធិមនុស្សជាមួយមន្ត្រីអ.ស.ប
សូមឪ្យទស្សនះនៃការយោកយល់គ្នារវាងគណះបក្សនយោបាយខ្មែរទាំងអស់ស្ថិតនៅជាអមតះ ដើម្បីសេចក្តីសុខចំរើន សន្តិភាព និងយុត្តិធម៍ដល់ប្រទេសជាតិ និងប្រជាជនខ្មែរយើងទូរទាំងប្រទេស។
សូមឪ្យទស្សនះនៃការយោកយល់គ្នារវាងគណះបក្សនយោបាយខ្មែរទាំងអស់ស្ថិតនៅជាអមតះ ដើម្បីសេចក្តីសុខចំរើន សន្តិភាព និងយុត្តិធម៍ដល់ប្រទេសជាតិ និងប្រជាជនខ្មែរយើងទូរទាំងប្រទេស។