ដោយ៖ បូ សាវី
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com
សមាជិកក្រុមប្រឹក្សាខេត្ដ គណបក្សសមរង្ស៊ី ប្រចាំខេត្ដសៀមរាប បានហៅការចេញលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ឲ្យបញ្ឈប់កោះហៅប្រជុំ និងកាត់ប្រាក់ឧបត្ថម្ភ ដល់សមាជិកបក្សប្រឆាំងថា ខុសនីតិវិធី និងជាចរិករើសអើងនយោបាយ។
ការរិះគន់នេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំ ដល់ក្រុមប្រឹក្សារាជធានី ខេត្ដក្រុង ស្រុក ខណ្ឌ ស្ដីពីការអនុវត្ដគោលការណ៍ និងនីតិវិធីក្រុមប្រឹក្សារាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ដែលទៅឈរឈ្មោះបោះឆ្នោតពេញសិទ្ធិ ឬបម្រុង ក្រុមប្រឹក្សា រាជធានី ខេត្ដ ស្រុក ខណ្ឌ អាណត្ដិទី២។
សមាជិកក្រុមប្រឹក្សាខេត្ដ មកពីគណប្សសមរង្ស៊ី នៅខេត្ដសៀមរាប លោក សុខ គឹមសេង ថ្លែងប្រាប់VODនៅរសៀលថ្ងៃនេះថា ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹង ដល់សមាជិកក្រុមប្រឹក្សាខេត្ដ ឲ្យបញ្ឈប់ផ្ដល់ប្រាក់ឧបត្ថម្ភ និងកោះឲ្យចូលរួមប្រជុំ ចាប់ពីដើមខែមេសានេះ រហូតដល់បោះឆ្នោត រួចរាល់ ។ លោកបន្ដថា ការចេញលិខិតជូនដំណឹងនេះ ផ្ទុយពីគោលការណ៍ច្បាប់ និងចរិតរើសអើងភាពនយោបាយ។ លោក បន្ដថា សមាជិកក្រុមប្រឹក្សាក្រុងស្រុកចំនួន ៤ ក្នុងចំណោម១១ស្រុក ក្រុង នៅតែត្រូវបានកោះហៅចូលរួមប្រជុំ និងទទួលបានប្រាក់ឧបត្ថម្ភដដែល។
ករណីនេះ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុករដ្ឋបាលមូលដ្ឋាន លោក សក់ សេដ្ឋា បំភ្លឺថា ការចេញលិខិតនេះ មិនមែនជាការរើសអើងនោះទេ ដោយលោកលើកឡើងស្ដីពីច្បាប់គណបក្សនយោបាយថា ប្រជាពលរដ្ឋម្នាក់មិនអាចជាសមាជិកគណបក្សនយោបាយពីរក្នុងពេលតែមួយបានទេ ។
សំឡេង៖
ទោះជាយ៉ាងនេះក្ដី នាយកប្រតិបត្ដិ នៃអង្គការឃ្លាំមើលការបោះឆ្នោត ដោយសេរី និងយុត្ដិធម៌ ហៅកាត់ថា និកហ្វិក NICFE Cលោក ហង្ស ពុទ្ធា បានហៅការសេចក្ដីជូនដំណឹងនោះថា ជាការគាបសង្កត់ផ្នែកនយោបាយ ដើម្បីឲ្យអសកម្មការងារគណបក្សសង្គ្រោះជាតិ។ លោកថា សេចក្ដីណែនាំនោះ ផ្ទុយពីនីតិវិធីបោះឆ្នោត និងខុសពីការងារគ្រប់គ្រងរចនាសម្ព័ន្ធជាតិផងដែរ។
លិខិតជូនដំណឹងចំនួនពីរ ដែលចេញដោយក្រសួងមហាផ្ទៃផង និងអភិបាលខេត្ដសៀមរាបផង មិនបានបញ្ជាក់ឲ្យបានច្បាស់ពីកាលបរិឆ្ឆេទ នៃការបញ្ឈប់ការផ្ដល់ប្រាក់ឧបត្ថម្ភ និងមិនត្រូវអញ្ជើញសមាជិកក្រុមប្រឹក្សាសមរង្ស៊ី ឲ្យចូលរួមប្រជុំនៅពេលណានោះទេ ប៉ុន្ដែសមាជិកក្រុមប្រឹក្សា គណបក្សប្រឆាំង ខេត្ដសៀមរាប លោក សុខ គឹមសេង ឲ្យដឹងថា អនុវត្ដនៅខែមេសានេះតទៅ៕
សរសេរមកកាន់លោក បូ សាវី តាមរយៈsavy@vodhotnews.com