ដោយ៖ ស៊ុន ណារិន
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com
មន្ត្រីក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា ប្រទេសរុស្ស៊ី និងកម្ពុជា បានប្តេជ្ញាក្នុងការដោះស្រាយបញ្ហាបំណុល ដែលកម្ពុជាជំពាក់ដោយស្មារតីមិត្តភាព និងប្រយោជន៍សម្រាប់ប្រទេសទាំងពីរក្នុងពេលឆាប់ៗខាងមុខ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីជំនួបគួរសមរវាងឯកអគ្គរដ្ឋទូតថ្មីរុស្ស៊ីប្រចាំកម្ពុជាលោក Dmitry Tsvetkov និងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង នៅព្រឹកថ្ងៃចន្ទនេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា ភាគីទាំងពីរ បានពិភាក្សាលើវិស័យសក្តានុពលជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ លោកបន្តថា ភាគីរុស្ស៊ី បានអញ្ជើញលោក ហោ ណាំហុង និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដើម្បីចុះអនុសារណៈយោគយល់គ្នាស្តីពីការពិគ្រោះយល់បល់រវាងប្រទេសទាំងពីរ និងបញ្ហាបំណុល ដែលកម្ពុជាជំពាក់។ លោកបញ្ជាក់ថា បញ្ហាបំណុលដែលកម្ពុជាជំពាក់អតីតសហភាពសូវៀត ភាគីទាំងពីរ នឹងខិតខំដោះស្រាយក្នុងស្មារតីមិត្តភាព ក្នុងប្រយោជន៍រវាងប្រទេសទាំងពីរ។
លោក កុយ គួង បន្តថា កម្ពុជា មិនទាន់កំណត់ពេលវេលាសម្រាប់ដំណើរទស្សនកិច្ច ទៅប្រទេសរុស្ស៊ីនៅឡើយទេ។លោក កុយ គួង មិនបានបញ្ជាក់ពីតួលេខច្បាស់លាស់នៃបំណុល ដែលកម្ពុជាជំពាក់រុស្សីទេ ប៉ុន្តែបើតាមឯកសារនានា ប្រទេសកម្ពុជា ធ្លាប់ជំពាក់ប្រទេសរុស្សីប្រមាណជា១៥០លានដុល្លារ។ រុស្សី បានលុបចោលអស់៧០ភាគរយ ហើយនៅសល់ទាំងប៉ុន្មាន ស្នើឲ្យបង្វែរជាជំនួយអភិវឌ្ឍន៍វិញ។
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសរុស្ស៊ី ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៣ខែឧសភា ឆ្នាំ១៩៥៦៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com