ប៉ូលិស​ចាប់​ខ្លួន​ជន​វៀតណាម ៤ នាក់​លួច​មក​កាប់​ឈើ​នៅ​អូររាំង

ជន​វៀត​ណាម​លួច​ឆ្លង​ដែន​​មកកាប់​ឈើ​ក្នុងទឹក​ដីកម្ពុ​ជា​ ត្រូវ​សហគមន៍​ឃាត់​ខ្លួន​កន្លង​មក​​។ រូបថត សហ​ការី




ភ្នំពេញប៉ុស្តិ៍

មណ្ឌលគិរីៈ បុរស​ជនជាតិ​វៀតណាម​បួន​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ចាប់​ឃាត់​ខ្លួន​កាល​ពី​ម្សិលមិញ ពី​បទ​លួច​ឆ្លង​ដែន​មក​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដី កម្ពុជា ខុស​ច្បាប់ នៅ​ក្នុង​តំបន់​ជើង ភ្នំ​ស្រឡៅ ភូមិ​ពូហ្យាម ឃុំ​សែន​មនោរម្យ ស្រុក​អូររាំង។

ជន​សង្ស័យ​មាន​ឈ្មោះ អង មិញចុង អាយុ ៣០​ឆ្នាំ និង ឡេ វ៉ាន់ទៀន អាយុ ៣៨​ឆ្នាំ រស់​នៅ ខេត្ត​ដាក់ណុង ប្រទេស​វៀតណាម និង​គូកន​ពីរ​នាក់​ទៀត​ម្នាក់​ឈ្មោះ ត្វាច់ ដាក់ទិច អាយុ ៣៣​ឆ្នាំ និង​ឈ្មោះ ថ្វាម វ៉ាន់ថៃ អាយុ ៣៦​ឆ្នាំ មក​ពី ខេត្ត​ដាក់ឡាក់ ប្រទេស​វៀតណាម ត្រូវ​កម្លាំង​នគរបាល ស្រុក​អូររាំង ចាប់​ខ្លួន ពេល​កំពុង​ជញ្ជូន​កំណាត់​ឈើ​បេង កាត់​ជា​កង់ៗ​ថ្មីៗ​ដាក់​លើ​គោយន្ត​ពីរ​គ្រឿង​បម្រុង​នឹង​ដឹក​ឆ្ពោះ​ទៅ ប្រទេស​វៀតណាម។ នេះ​បើ​តាម លោក ប៊ូ ប៊ុនឈាត អធិការ​នគរបាល ស្រុក​អូររាំង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ព្រឹក​ម្សិលមិញ។

លោក ប៊ុនឈាត បាន​បញ្ជាក់​ថា៖ «ពួក​គេ​ត្រូវ​ចាប់​ខ្លួន​ខណៈ​កំពុង​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ទឹក​ដី​កម្ពុជា​ខុស​ច្បាប់»។

លោក​អធិការ​បន្ត​ថា ក្រោយ​ការ​ចាប់​ខ្លួន ពួក​គេ​ទាំង​បួន​នាក់​នោះ ត្រូវ​បន្ត​បញ្ជូន​ទៅ​កាន់​ការិយាល័យ​អន្តោ​ប្រវេសន៍ ខេត្ត​មណ្ឌលគិរី ដើម្បី​សាកសួរ។​ចំណែក​គោយន្ត​ទាំង​ពីរ​គ្រឿង និង​ឈើ​ប្រណីត ១៤ ដុំ (១ ដុំៗ ជាង ២ ម៉ែត្រ) ត្រូវ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​អូររាំង ជា​បណ្ដោះ​អាសន្ន។

លោក សុខ រដ្ឋា មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​ថា ការ​បញ្ជូន​ជនជាតិ វៀតណាម ទាំង​បួន​នាក់​ទៅ​កាន់​ការិយាល័យ​អន្តោ​ប្រវេសន៍ គឺជា​ការ​អនុវត្ត​ខុស​នីតិវិធី នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ​នៅ​កម្ពុជា។

លោក​ថា៖ «ជន​សង្ស័យ​បាន​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ទឹក​ដី កម្ពុជា ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​នឹង​កន្លែង​កើត​ហេតុ វា​ជា​បទ​ល្មើស​ជាក់​ស្ដែង។ តាម​ច្បាប់​សមត្ថកិច្ច​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់ មិន​ត្រូវ​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​នោះ​ទេ»។

បើ​តាម​ប្រជា​សហគមន៍​ព្រៃឈើ​នៅ ភូមិ​ពូហ្យាម ថា ការ​លួច​ឆ្លង​ដែន​របស់​ជន វៀតណាម មក​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដី កម្ពុជា គឺ​មាន​ក្រុម​ឈ្មួញ​នៅ​ក្នុង​ស្រុក​ខ្លះ​ឃុប​ឃិត​គ្នា ជាមួយ​អាជ្ញាធរ​នគរបាល​ការពារ​ព្រំដែន​យក​លុយ​ពី​ពួក​គេ បើ​ពុំ​នោះ​ពួក​គេ​មិន​ហ៊ាន​លួច​ឆ្លង​ចូល​មក​កាប់​ឈើ​លើ​ទឹក​ដី កម្ពុជា ទេ។

លោក ជឹម យាន តំណាង​សហគមន៍​ព្រៃឈើ អូរ​ខ្លា បាន​ប្រាប់​ថា មាន​ឈ្មួញ​រក​ស៊ី​ឈើ​ម្នាក់​ក្នុង​ភូមិ​របស់​គាត់ [ភូមិ​ពូហ្យាម] ឈ្មោះ ជា និង​ប្រពន្ធ​ឈ្មោះ បូក ជា​ញឹក​ញាប់​បាន​នាំ​ជនជាតិ វៀតណាម បី​បួន​នាក់​ចូល​មក​កាប់​ឈើ​ធ្នង់ និង​បេង នៅ​ក្នុង​ព្រៃ​សហគមន៍​គាត់ ប៉ុន្តែ​អាជ្ញាធរ​មិន​ចាត់​វិធានការ​ចាប់​ឃាត់​ខ្លួន​គ្រួសារ​នេះ​ទៅ​សាក​សួរ ឬ​អប់រំ​អ្វី​ឡើយ។

លោក​បន្ត​ថា៖ «កន្លង​មក​ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​អន្តរាគមន៍ បង្ក្រាប​ក្រុម​គ្រួសារ​នេះ​ដែរ តែ​ហាក់​ដូច​ជា​មិន​មាន​ចំណាត់ការ​អ្វី​សោះ ទំនង​អាជ្ញាធរ​មាន​ការ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​នឹង​ពួក​គេ»។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក ញ៉ែម វ៉ាន់នី ស្នងការ​នគរបាល ខេត្ត​មណ្ឌលគិរី បាន​អះអាង​ថា កម្លាំង​លោក​បាន​ទទួល​សេចក្ដី​រាយការណ៍​ថា គ្រួសារ​លោក ជា និង​យាយ បូក នោះ​ធ្លាប់​ឃុប​ឃិត​នឹង​ជនជាតិ វៀតណាម ចូល​មក​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​មែន ប៉ុន្តែ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មិន​ឃើញ​មាន​ពួក វៀតណាម នោះ​ទេ។

លោក វ៉ាន់នី បញ្ជាក់​ថា ទោះ​យ៉ាង​ណា​ករណី​នេះ សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​តាម​នីតិវិធី ដើម្បី​ចៀស​វាង​ការ​ចាប់​ឃាត់​ខ្លួន​ដោយ​គ្មាន​ភ័ស្ដុតាង។ ចំណែក​ជនជាតិ វៀតណាម ទាំង​បួន​នាក់ ខាង​ជំនាញ​កំពុង​សាក​សួរ និង​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ផ្តន្ទាទោស​ទៅ​តាម​នីតិវិធី​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ លោក​ប្រាប់​ថា៖ «ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​លួច​ឆ្លង​ដែន​មក​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី កម្ពុជា»៕


What Next?

Recent Articles