​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ ប្រុងប្រយ័ត្ន​រឿង​ឆបោក​តាម​ទូរស័ព្ទ​​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃពុធ ទី11 មិថុនា 2014
http://vodhotnews.com

​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​ខេត្ត ក្រុង និង​កងកម្លាំងប្រដាប់អាវុធ ប្រុងប្រយ័ត្ន​ចំពោះ​ជន​ទុច្ចរិត​មួយចំនួន ដែល​បាន​និង​កំពុង​ធ្វើការ​ឆបោក​តាម​ទូរស័ព្ទឲ្យ​បញ្ជូន​ប្រាក់តាម​ប្រព័ន្ធ Wing ដើម្បី​ជា​ថ្នូរ​នឹង​ការ​តម្លើង​ឋានរន្តស័ក្កិ ឬ​តម្លើង​ឋានៈ និង​រត់ការ​កិច្ចការ​ផ្សេងៗ​ទៀត​។​

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១១ ខែ​មិថុនា​នេះ បានបញ្ជាក់​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​ជន​ទុច្ចរិត បាន​និង​កំពុង​ធ្វើការ​ឆបោក​តាម​ទូរស័ព្ទ​ចំពោះ​មន្ត្រីរាជការ​ខេត្ត ក្រុង និង​កងកម្លាំងប្រដាប់អាវុធ ដោយ​ភូត​កុហកថា ខ្លួន​ធ្វើការ​នៅក្នុង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដើម្បី​ឲ្យ​ជនរងគ្រោះ​បញ្ជូ​ន​ប្រាក់​ឲ្យ​ខ្លួន​តាម​ប្រព័ន្ធ Wing ជា​ថ្នូរ​នឹង​ការ​តម្លើង​ឋានរន្តស័ក្កិ ឬ​តម្លើង​ឋានៈ និង​រត់ការ​កិច្ចការ​ផ្សេងៗ​ទៀត​។

​សេចក្តីជូនដំណឹង​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដដែល​នោះ​បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​ខេត្ត ក្រុង និង​កងកម្លាំងប្រដាប់អាវុធ ប្រុងប្រយ័ត្ន​ចំពោះ​ករណីនេះ ហើយ​ប្រសិនបើ​ទទួលបាន​ការហៅ​ទូរស័ព្ទ​ចូល ដោយ​អ្នក​ហៅ​នោះ​អះអាងថា​ជា​មន្ត្រី​ខុទ្ទកាល័យ ហើយ​សុំឲ្យ​មាន​ការផ្ទេរ​ប្រាក់​ដើម្បី​កិច្ចការ​ណាមួយ​នោះ សូម​ទូរស័ទ្ទ​ទៅកាន់​លេខ ០១២ ៦០១ ១១១ ដើម្បី​ជៀសវាង​ការ​ឆបោក​ពី​ជន​ទាំងនោះ​៕

សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles