ដោយ៖ ពៅ មេត្តា
ថ្ងៃសៅរ៍ ទី14 មិថុនា 2014
http://vodhotnews.com
ប្រជាពលរដ្ឋប្រមាណ៥០នាក់ នៅភូមិបឹងកក់ឃុំតាជេសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង បានប្រមូលផ្តុំនៅមុខផ្ទះប្រធានភូមិ ដើម្បីតវ៉ាដោយពួកគេចោទថា ប្រធានភូមិ រូបនោះកាន់ជើង ក្រុមហ៊ុនមិនគាំទ្រពួកគាត់ដែលកំពុងបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនរំលោភយក។
តំណាងប្រជាពលរដ្ឋបឹងកក់លោក ហុង ដារ៉ូថ្លែងថា រូបលោកនិងប្រជាពលរដ្ឋផ្សេងទៀត មិនពេញចិត្តចំពោះប្រធានភូមិលោក ង៉ែត វណ្ណា ដែលថ្លែងប្រាប់ទូរទស្សន៍ស៊ីអ៊ិនស៊ីថា ប្រជាពលរដ្ឋនៅក្នុងភូមិមិនមានដីធ្លីមានជម្លោះទេ តែបែរជាចេញមុខតវ៉ាជាមួយ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅភូមិឡពាង។ លោក ដារ៉ូ បញ្ជាក់ថា ពេលនេះអ្នកភូមិបឹងកក់២៩ គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី តែប្រធានភូមិបែរជាគាំទ្រក្រុមហ៊ុនបោះបង់ប្រជាពលរដ្ឋទៅវិញ។
ករណីនេះប្រធានភូមិបឹងកក់លោកង៉ែត វណ្ណា លើកឡើងថា លោកមិននិយាយ ដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះទេ។ លោកបញ្ជាក់ថា បទសំភាសន៍ជាមួយ ទូរទស្សន៍ស៊ីអ៊ិនស៊ីកាលពីថ្ងៃទី១០ខែមិថុនាកន្លងទៅនោះគឺលោកលើកឡើងតែពីបញ្ហាការងាររបស់ប្រជាពលរដ្ឋក្នុងភូមិតែប៉ុណ្ណោះ។
បច្ចុប្បន្នប្រជាពលរដ្ឋនៅភូមិបឹងកក់ និង ភូមិឡពាង ក្នុងឃុំតាជេស ស្រុកកំពុងត្រឡាច ៤៩គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី លើទំហំដីជិត៩០ហិកតា អូសបន្លាយតាំងពីឆ្នាំ២០០៧មកនៅមិនទាន់បានដោះស្រាយនៅឡើយ។
សរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com