ដោយ៖ ណាត សុភាព
ថ្ងៃអាទិត្យ ទី15 មិថុនា 2014
http://vodhotnews.com
ប្រជាសហគមន៍ជនជាតិដើមភាគតិច ស្ថិតនៅភូមិស្រែអំពិល ខេត្តមណ្ឌលគិរី ចោទក្រុមហ៊ុនវៀតណាម ឈ្មោះ សុវណ្ណ រាជសីថា បន្តឈូសឆាយដីព្រៃចំការបម្រុងរបស់ជនជាតិដើមភាគតិច ដើម្បីដាំកៅស៊ូនៅតំបន់នោះ។
តំណាងប្រជាសហគមន៍ជនជាតិដើមភាគតិច ស្ថិតនៅភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លោក ក្រៀត អៀន ឲ្យVODដឹងកាលពីថ្ងៃសៅរិ៍ម្សិលមិញថា ក្រុមហ៊ុនវៀតណាម នៅតែបន្តប្រើគ្រឿងចក្រឈូសឆាយដីព្រៃបម្រុងទុករបស់ជនជាតិដើមភាគតិច ធ្វើឲ្យពួកគេព្រួយបារម្ភ បាត់បង់ព្រៃ ដី នឹងបាត់បង់អត្តសញ្ញាណនាពេលដ៏ខ្លីខាងមុខនេះ។
លោក ក្រៀត អៀន បន្តថា នៅពេលក្រុមហ៊ុនឈូសឆាយដីចំការបម្រុងទុកនោះ ពួកគាត់មិនឃើញ អាជ្ញាធរខេត្ត និងមូលដ្ឋាន ចុះទៅជួយអន្តរាគមន៍នោះទេ។ លោកបង្ហាញការសោកស្តាយចំពោះអាជ្ញាធរដែលបើកដៃឲ្យក្រុមហ៊ុនវៀតណាម ចូលមកអភិវឌ្ឍន៍នៅតំបន់នោះ។
VOD មិនអាចសុំការអត្ថាធិប្បាយពីភាគីក្រុមហ៊ុនវៀតណាម សុវណ្ណ រាជសី អភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលរង លោក យឹម លុច និងអភិបាលខេត្តមណ្ឌលគិរីលោក អាង ប៊ុនហ៊ាង បានទេនៅព្រឹកថ្ងៃអាទិត្យនេះ។
ប្រជាសហគមន៍ជនជាតិដើមភាគតិច ស្ថិតក្នុងភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឲ្យដឹងថា ជនជាតិភាគតិចរស់នៅតំបន់នោះមានចំនួន៧៦គ្រួសារ ក្នុងនោះមានជាង៣០០នាក់ និងមានផ្ទៃដីចំការបម្រុងទុកសរុប៥០០ហិកតាធ្វើចំការវិលជុំ។ កាលពីឆ្នាំ២០១១ ក្រុមហ៊ុនសុវណ្ណ រាជសីបានឈូសឆាយម្តងរួចមកហើយលើផ្ទៃដី២៥០ហិកតា និងមានការដាក់សមត្ថកិច្ចរារាំងការតវ៉ា ក្រោយមកនៅខែឧសភា ឆ្នាំ២០១៤នេះ ក៏មានការឈូសឆាយ បោះព្រំដីដែលនាំឲ្យមានការតវ៉ា រហូតដល់អ្នកខ្លះព្រមផ្តិតស្នាមមេដៃលក់ ខ្លះមិនព្រម៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com