ដោយ៖ ស៊ុន ណារិន
ថ្ងៃអាទិត្យ ទី15 មិថុនា 2014
http://vodhotnews.com
អង្គការលីកាដូ ស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ច្រានចោលច្បាប់ថ្មីចំនួនបីទាក់ទងនឹងតុលាការដែលទើបតែត្រូវបានប្រថាប់ត្រាគាំទ្រដោយព្រឹទ្ធសភាកាលពីពេលថ្មីៗនេះ ខណៈច្បាប់ទាំងនេះរងការរិះគន់ពីសង្គមស៊ីវិលជាតិ និងអន្តរជាតិ។
សេចក្តីព្រាងច្បាប់ចំនួន៣ដែលត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភាបានឯកភាពទាំងស្រុងនោះគឺ ទី១ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ទី២ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងទី៣ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ លើកឡើងថា ថ្ងៃនេះជាថ្ងៃ១៥ខែមិថុនា ជាថ្ងៃខួបនៃការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ហើយអង្គការលីកាដូ ស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញបដិសេធច្បាប់ថ្មីចំនួនបីដែលក្នុងអត្ថន័យបច្ចុប្បន្នមានការប៉ះពាល់ដល់ឯករាជ្យភាពនៃប្រព័ន្ធតុលាការ។ សេចក្តីថ្លែងការណ៍បន្តថារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបញ្ញត្តិថា “អំណាចតុលាការជាអំណាចឯករាជ្យ” និងការអនុវត្តច្បាប់ដ៏ត្រឹមត្រូវរបស់ស្ថាប័ននេះ គឺជាការចាំបាច់ណាស់សម្រាប់ការពង្រឹងនីតិរដ្ឋ ប៉ុន្តែការអនុម័តច្បាប់ទាំងបីនេះ ក្នុងអត្ថន័យបច្ចុប្បន្ន នឹងបង្កើនឲ្យមានភាពខ្វះខាតឯករាជ្យភាពកាន់តែខ្លាំងឡើង ហើយនឹងធ្វើឲ្យប្រព័ន្ធតុលាការប្រទេសកម្ពុជាកាន់តែអាក្រក់។
សេចក្តីថ្លែងការណ៍ ឲ្យដឹងទៀតថា ដើម្បីឲ្យសង្គមកម្ពុជាមានសេរីភាព និងយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺតម្រូវឲ្យប្រព័ន្ធតុលាការមានសមត្ថភាព មិនត្រឹមតែក្នុងការដោះស្រាយវិវាទទៅតាមច្បាប់នោះទេ ប៉ុន្តែត្រូវតែការពារប្រជាពលរដ្ឋកម្ពុជាពីការរំលោភបំពានពីសំណាក់រាជរដ្ឋាភិបាល។
អង្គការលីកាដូបញ្ជាក់ថា «រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានចែងថា ប្រព័ន្ធតុលាការដែលឯករាជ្យ ត្រូវតែធានាថា ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតុលាការពិតជាមានភាពឯករាជ្យទាំងស្រុង និងមិនស្ថិតនៅក្រោមសម្ពាធខាងផ្នែកនយោបាយ។ ក៏ប៉ុន្តែច្បាប់ដែលបានស្នើឡើងមិនបានបំពេញតាមលក្ខខណ្ឌទាំងអស់នេះទេ ផ្ទុយទៅវិញបែរជាមានចេតនាក្នុងការព្យាយាមធ្វើឲ្យការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលទៅលើតុលាការគ្រប់ជាន់ថ្នាក់ កាន់តែមានភាពស្របច្បាប់ទៅវិញ»។
សេចក្តីថ្លែងការណ៍បន្តថា រដ្ឋធម្មនុញ្ញបញ្ញត្តិថា ព្រះមហាក្សត្រជាអ្នកធានាឯករាជ្យភាពនៃប្រព័ន្ធតុលាការ។ ក៏ប៉ុន្តែនៅខណៈដែលព្រះមហាក្សត្រជាព្រះប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប៉ុន្តែព្រះអង្គបែរជាមិនត្រូវបានអនុញ្ញាតថ្វាយព្រះអង្គចូលរួមពាក់ព័ន្ធក្នុងដំណើរការធ្វើសេចក្តីសម្រេចទៅវិញ។ សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថា អ្នកណាម្នាក់ដែលព្រះមហាក្សត្រចាត់តាំងឲ្យធ្វើជាតំណាងរបស់ព្រះអង្គក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការធ្វើសេចក្តីសម្រេចនោះទេ លុះត្រាតែអ្នកតំណាងនោះជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ មានប្រសាសន៍ថា «ភាពខ្វះខាតនៃភ័ស្តុតាងយ៉ាងច្រើននាពេលថ្មីៗនេះ ត្រូវបានសាធារណជនចាត់ទុកថាមានភាពគ្រប់គ្រាន់សម្រាប់បញ្ជាក់ថា ការផ្តន្ទាទោសកម្មករ និងអ្នកការពារសិទ្ធិមនុស្សចំនួន២៥នាក់កន្លងមក មានការពាក់ព័ន្ធនឹងនយោបាយនេះហើយការសម្រេចចិត្តរឹតតែបង្ហាញពីរបៀបនៃដំណើការរបស់ប្រព័ន្ធតុលាការមានការផ្តេកផ្ទួលតាមឆន្ទៈរបស់រាជរដ្ឋាភិបាល»។លោកបានបន្តទៀតថា “ក្នុងច្បាប់ថ្មីទាំងបីនេះ រាជរដ្ឋាភិបាលបានឈានមួយជំហានទៅមុខទៀត ក្នុងការលុបបំបាត់រាល់ចំនុចដែលប្រព័ន្ធតុលាការអាចឯករាជ្យបាន»។
លីកាដូបញ្ជាក់ថាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម(SCM)ដែលជាស្ថាប័នមួយត្រូវបានបង្កើតឡើងសម្រាប់ទទួលខុសត្រូវចំពោះការដាក់វិន័យ និងបញ្ឈប់ចៅក្រម និងព្រះរាជអាជ្ញា នឹងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវបានប្រគល់សិទិ្ធអំណាចក្នុងការតំណាងឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងទំនាក់ទំនងសាធារណៈ និងឯកជន (សេចក្តីព្រាងព្រះរាជ្យក្រឹត្យស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម)និងក្នុងការសម្រេចថាតើត្រូវបន្តដាក់វិន័យលើចៅក្រម និងព្រះរាជអាជ្ញា ឬយ៉ាងណា។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏មានអំណាចក្នុងការសម្រេចលើថវិការបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
អង្គកា លីកាដូ ស្នើសុំដល់ក្រុមប្រឹក្សាធម្មនុញ្ញ សូមមេត្តាបដិសេធច្បាប់ថ្មីចំនួនបីដែលក្នុងអត្ថន័យបច្ចុប្បន្នមានការប៉ះពាល់ដល់ប្រព័ន្ធតុលាការ ហើយអំពាវនាវឲ្យមានការពិគ្រោះយោបល់រួមគ្នា ដើម្បីធានាថាមាត្រាសំខាន់ៗនៅក្នុងច្បាប់ទាំងនេះ អាចចូលជាធរមានបាននៅពេលដែលច្បាប់ទាំងនេះត្រូវបានធ្វើវិសោធនកម្មឲ្យស្របនឹងរដ្ឋធម្មនុញ្ញ និងបានទទួលការយល់ព្រមជាកុងសង់ស៊ីស(មតិជាឯកច្ឆ័ន្ទ) រួមទាំងការអនុម័តយល់ព្រមដោយរដ្ឋសភាជាតិដែលពេញលេញមួយ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com