ដោយ៖ ណាត សុភាព
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រជាសហគមន៍ព្រែកតាគង់ លើកបដា តវ៉ាមុខសាលារាជធានីភ្នំពេញ (រូបថត៖ ណាត សុភាព)
ប្រជាពលរដ្ឋប្រមាណជា១០០នាក់ មកពីសហគមន៍ ព្រែកតាគង់១ នៅសង្កាត់ចាក់អង្រែលើ ប្រមូលផ្តុំគ្នាជាថ្មីនៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យសង់ផ្លូវថ្មីបន្ថែម ដើម្បីការពារទឹកជំនន់ នៅរដូវស្សានេះ។
តំណាងសហគមន៍ព្រែកតាគង់១ អ្នកស្រី លាង ផល ថ្លែងនៅថ្ងៃចន្ទនេះថា កាលពីចុងសប្តាហ៍មុនមន្ត្រីសាលារាជធានី ធ្លាប់សន្យាថា ជូនដំណឹងទៅប្រជាសហគមន៍ ពាក់ព័ន្ធនឹងការសង់ផ្លូវនោះ។ តែ១សប្តាហ៍កន្លងទៅហើយ ពួកគាត់មិនបានទទួលដំណឹងទេ ទើបពួកគាត់នាំគ្នាប្រមូលផ្តុំជាថ្មីនៅមុខសាលារាជធានីភ្នំពេញ ដើម្បីសង់ផ្លូវបន្ថែម៨០០ម៉ែត្រ ដោយមានទំហំស្មើនឹងទំហំផ្លូវចាស់ ៥ទៅ៦ម៉ែត្រ និងកម្ពស់ឲ្យផុតពីទឹក៣ម៉ែត្រ។ អ្នកស្រីបន្តថា រដូវវស្សាជិតមកដល់ធ្វើឲ្យពួកគាត់ព្រួយបារម្ភពីសុវត្ថិភាព ជីវភាព ការរស់នៅ ការធ្វើដំណើរទៅមន្ទីរពេទ្យ និងក្មេងៗទៅរៀនជាដើម។
មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យតំណាងសហគមន៍ព្រែកតាគង់១ ចំនួន៤នាក់ ចូលទៅពិភាក្សា។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ សំណូមពរឲ្យប្រជាសហគមន៍ធ្វើដំណើរទៅគេហដ្ឋានវិញ ដោយរង់ចាំដំណោះស្រាយពីសាលារាជធានីនៅពេលក្រោយ។ លោកយល់ថា ការប្រមូលផ្តុំរបស់ប្រជាសហគមន៍ទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងខ្លាចមានជនឱកាសនិយមឆ្លៀតឱកាស ប្រព្រឹត្តអំពើខុសច្បាប់ណាមួយ។
យ៉ាងនេះក្តី យុវជនម្នាក់មកពីសហគមន៍ព្រែកតាគង់១ ដែលទៅរៀនថ្នាក់ទី៨ នៅវិទ្យាល័យផ្សារដើមថ្កូវ លោក នី ណារិទ្ធ ឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគេ ពិបាកធ្វើដំណើរទៅរៀន ដោយសារទឹកលិចនៅតំបន់នោះ។
អ្នកភូមិឲ្យដឹងថា សហគមន៍ព្រែកតាគង់១ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅសរុបជាង៣០០គ្រួសារ។ កាលពីឆ្នាំ២០១៣ អាជ្ញាធរមូលដ្ឋានបានសាងសង់ផ្លូវនោះចំងាយ៥០០ម៉ែត្រ ប៉ុន្តែបច្ចុប្បន្ននេះ នៅសល់៨០០ម៉ែត្រទៀតមិនទាន់សាងសង់នៅឡើយ ក្នុងនោះមានប្រជាពលរដ្ឋជាង១០០គ្រួសារកំពុងប្រឈមនឹងទឹកលិច៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
Tags:
10
អ្នកមានជម្លោះដីធ្លី ទាមទារឲ្យ World Bank ផ្អាកផ្តល់ប្រាក់កម្ចីនានា រហូតដល់មានដំណោះស្រាយនៅបឹងកក់
ថ្ងៃទី16 មិថុនា 2014, 09:24 AM
អ្នកមានជម្លោះដីធ្លីប្រមាណ៧០នាក់ មកពីបីសហគមន៍ នាំគ្នាដាក់ញត្តិនៅធនាគារពិភពលោក (World Bank) ទាមទារឲ្យរដ្ឋមន្ត្រីរតនាគារនៃសហរដ្ឋអាមេរិក ណែនាំដល់នាយកប្រតិបត្តិតំណាងឲ្យសហរដ្ឋអាមេរិកប្រចាំធនាគារពិភពលោក ផ្អាកផ្តល់ប្រាក់កម្ចី ឬជំនួយផ្នែកគាំទ្រហិរញ្ញវត្ថុនានាដល់កម្ពុជា ដរាបណាប្រជាពលរដ្ឋសហគមន៍បឹងកក់ ទទួលបានដំណោះស្រាយ និងសំណងសមរម្យ។
នៅម៉ោងជិត៩ព្រឹកនេះ អ្នកមានជម្លោះដីធ្លីមកពីតំបន់បឹងកក់ អតីតអ្នកបឹងកក់ និងអ្នកបុរីកីឡា បាននាំគ្នាទៅប្រមូលផ្តុំគ្នានៅមុខធនាគារពិភពលោក ដើម្បីដាក់ញត្តិ ក្រោមការឃ្លាំមើលរបស់ក្រុមសន្តិសុខសាលាខណ្ឌដូនពេញប្រមាណ២០នាក់។
ប្រជាសហគមន៍មានជម្លោះដីធ្លីនឹងប្រមូលផ្តុំគ្នានៅមុខធនាគារពិភពលោកនៅព្រឹកថ្ងៃចន្ទស្អែកនេះ
ថ្ងៃទី15 មិថុនា 2014, 11:42 AM
ប្រជាសហគមន៍មានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ នឹងប្រមូលផ្តុំគ្នានៅមុខធនាគារពិភពលោកនៅព្រឹកថ្ងៃចន្ទស្អែកនេះ ដើម្បីធ្វើសន្និសីទសារព័ត៌មាន ទាមទារឲ្យធនាគារនេះ ដាក់សម្ពាធទៅរដ្ឋាភិបាលជួយរកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លី នៅតំបន់បឹងកក់។
តំណាងសហគមន៍បឹងកក់អ្នកស្រី ទេព វន្នី ឲ្យVOD ដឹងនៅថ្ងៃអាទិត្យនេះថា នៅព្រឹកថ្ងៃចន្ទស្អែកនេះ មានតំណាងសហគមន៍ថ្មគោល បុរីកីឡា និងអ្នកបឹងកក់ នឹងនាំគ្នាប្រមូលផ្តុំនៅមុខធនាគារពិភពលោក ដើម្បីទាមទារឲ្យធនាគារនេះដាក់សម្ពាធទៅរដ្ឋាភិបាលកម្ពុជា ឲ្យជួយណោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជូនប្រជាពលរដ្ឋបឹងកក់ឲ្យបានឆាប់ ដោយសារពួកគេកំពុងជួបបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។ អ្នកស្រីបន្តថា កន្លងមកធនាគារពិភពលោកមានចេតនាពន្យាពេលមិនដោះស្រាយជូនអ្នកបឹងកក់នោះទេ ទើបពួកគេគ្រោងនាំគ្នាប្រមូលផ្តុំនៅមុខធនាគារបែបនេះ។
ប្រជាពលរដ្ឋប្រមាណ៥០នាក់នៅឃុំតាជេសខេត្តកំពង់ឆ្នាំង ចេញតវ៉ានៅតំបន់មានជម្លោះដីធ្លី
ថ្ងៃទី15 មិថុនា 2014, 10:20 AM
ប្រជាពលរដ្ឋប្រមាណ៥០នាក់ នៅភូមិបឹងកក់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រមូលផ្តុំនៅតំបន់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី ដើម្បីទាមទារឲ្យក្រុមហ៊ុននេះផ្តល់ដីទំហំជិត១៩០ហិកតាឲ្យប្រជាពលរដ្ឋវិញ។
តំណាងប្រជាពលរដ្ឋ អ្នកស្រី អ៊ំ សូភី ឲ្យVODដឹងនៅថ្ងៃអាទិត្យនេះថា ពួកគាត់ប្រមាណ៥០នាក់ ចេញទៅតវ៉ានៅតំបន់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី ដើម្បីទាមទារឲ្យក្រុមហ៊ុនប្រគល់ដីឲ្យប្រជាពលរដ្ឋវិញ និងថតយករូបភាពទុកជាភស្តុតាង ព្រោះកាលពីថ្ងៃសោរិ៍ម្សិលមិញក្រុមហ៊ុនជួលកម្មករកាប់បំផ្លាញដំណាំ ពួកគាត់ដូចជា ស្វាយចន្ទីរ ត្របែកជាដើម ដើម្បីធ្វើរបងព័ទ្ធជុំវិញដីដែលមានជម្លោះនោះ។
ក្រុមហ៊ុនវៀតណាមបន្តឈូសឆាយដីចំការបម្រុងទុករបស់ជនជាតិភាគតិចខេត្តមណ្ឌលគិរី
ថ្ងៃទី15 មិថុនា 2014, 09:29 AM
ប្រជាសហគមន៍ជនជាតិដើមភាគតិច ស្ថិតនៅភូមិស្រែអំពិល ខេត្តមណ្ឌលគិរី ចោទក្រុមហ៊ុនវៀតណាម ឈ្មោះ សុវណ្ណ រាជសីថា បន្តឈូសឆាយដីព្រៃចំការបម្រុងរបស់ជនជាតិដើមភាគតិច ដើម្បីដាំកៅស៊ូនៅតំបន់នោះ។
តំណាងប្រជាសហគមន៍ជនជាតិដើមភាគតិច ស្ថិតនៅភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លោក ក្រៀត អៀន ឲ្យVODដឹងកាលពីថ្ងៃសៅរិ៍ម្សិលមិញថា ក្រុមហ៊ុនវៀតណាម នៅតែបន្តប្រើគ្រឿងចក្រឈូសឆាយដីព្រៃបម្រុងទុករបស់ជនជាតិដើមភាគតិច ធ្វើឲ្យពួកគេព្រួយបារម្ភ បាត់បង់ព្រៃ ដី នឹងបាត់បង់អត្តសញ្ញាណនាពេលដ៏ខ្លីខាងមុខនេះ។
លោក ក្រៀត អៀន បន្តថា នៅពេលក្រុមហ៊ុនឈូសឆាយដីចំការបម្រុងទុកនោះ ពួកគាត់មិនឃើញ អាជ្ញាធរខេត្ត និងមូលដ្ឋាន ចុះទៅជួយអន្តរាគមន៍នោះទេ។ លោកបង្ហាញការសោកស្តាយចំពោះអាជ្ញាធរដែលបើកដៃឲ្យក្រុមហ៊ុនវៀតណាម ចូលមកអភិវឌ្ឍន៍នៅតំបន់នោះ។
ជនជាតិភាគតិចខេត្តមណ្ឌលគិរី ចោទអាជ្ញាធរឃុបខិតជាមួយក្រុមហ៊ុនវៀតណាមទន្ទ្រានយកដីបម្រុងទុក
ថ្ងៃទី14 មិថុនា 2014, 03:35 PM
ប្រជាសហគមន៍ជនជាតិដើមភាគតិច ស្ថិតនៅភូមិស្រែអំពិល ខេត្តមណ្ឌលគិរី ចោទអាជ្ញាធររខេត្ត និងមូលដ្ឋានឃុបខិតជាមួយក្រុមហ៊ុនវៀតណាមឈ្មោះ សុវណ្ណ រាជសី ទន្ទ្រានយកដីចំការបម្រុងទុករបស់ជនជាតិដើមភាគតិច ដើម្បីដាំកៅស៊ូ នៅតំបន់នោះ។
តំណាងប្រជាសហគមន៍ជនជាតិដើមភាគតិច ស្ថិតនៅភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លោក អឿន មៀ ឲ្យដឹងនៅថ្ងៃសៅរិ៍នេះថា អាជ្ញាធរខេត្តមណ្ឌលគិរី និងមូលដ្ឋានបើកដៃឲ្យក្រុមហ៊ុនវៀតណាម ចូលមកអភិវឌ្ឍន៍នៅតំបន់នោះ ដោយគ្រោងដាំកៅស៊ូ លើដីចំការបម្រុងទុករបស់ជនជាតិដើមភាគតិច។ លោកថា បច្ចុប្បន្ន អាជ្ញាធរ និងក្រុមហ៊ុន ព្យាយាមប្រើវិធីសាស្ត្រថ្មីបំបែកបំបាក់សាមគ្គីរបស់ជនជាតិដើមភាគតិចទាំងនោះ តាមរយៈទិញទឹកចិត្តពួកគេចំនួន៧៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានប្រាក់ចំនួន១លានរៀល ជាថ្នូរនិងការដោះដូរដីចំនួន២៥០ហិកតា។
ប្រជាពលរដ្ឋប្រមាណ៥០នាក់នៅឃុំតាជេសខេត្តកំពង់ឆ្នាំងតវ៉ាមុខផ្ទះមេភូមិករណីជម្លោះដីធ្លី
ថ្ងៃទី14 មិថុនា 2014, 11:07 AM
ប្រជាពលរដ្ឋប្រមាណ៥០នាក់ នៅភូមិបឹងកក់ឃុំតាជេសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង បានប្រមូលផ្តុំនៅមុខផ្ទះប្រធានភូមិ ដើម្បីតវ៉ាដោយពួកគេចោទថា ប្រធានភូមិ រូបនោះកាន់ជើង ក្រុមហ៊ុនមិនគាំទ្រពួកគាត់ដែលកំពុងបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនរំលោភយក។
តំណាងប្រជាពលរដ្ឋបឹងកក់លោក ហុង ដារ៉ូថ្លែងថា រូបលោកនិងប្រជាពលរដ្ឋផ្សេងទៀត មិនពេញចិត្តចំពោះប្រធានភូមិលោក ង៉ែត វណ្ណា ដែលថ្លែងប្រាប់ទូរទស្សន៍ស៊ីអ៊ិនស៊ីថា ប្រជាពលរដ្ឋនៅក្នុងភូមិមិនមានដីធ្លីមានជម្លោះទេ តែបែរជាចេញមុខតវ៉ាជាមួយ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅភូមិឡពាង។ លោក ដារ៉ូ បញ្ជាក់ថា ពេលនេះអ្នកភូមិបឹងកក់២៩ គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី តែប្រធានភូមិបែរជាគាំទ្រក្រុមហ៊ុនបោះបង់ប្រជាពលរដ្ឋទៅវិញ។