ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​ចោទ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថា​ធ្វើ​ការ​មិន​ត្រឹមត្រូវ

ដោយ​ សូត សុខប្រាថ្នា
2014-06-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប្រជាពលរដ្ឋ​នៅ​ឃុំ​បល្ល័ង្ក និង​ឃុំ​ចើងដើង ស្រុក​បារាយ ខេត្ត​កំពង់ធំ បាន​នាំ​គ្នា​ទៅ​កាប់​ឈើ​លើ​ដី​ចម្ការ​​យក​មក​ប្រើប្រាស់ និង​គ្រាន់​លក់​ដូរ​ខ្លះ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋបាល​ព្រៃឈើ​ចាប់​រឹបអូស​គោយន្ត និង​រណា​ជា​ច្រើន​គ្រឿង​កាល​ពី​ថ្ងៃ​ទី​១០ មិថុនា។

ការ​ចាប់​នេះ​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​យល់​ថា អាជ្ញាធរ​ចាប់​តែ​អ្នក​ក្រ ហើយ​ចំពោះ​អ្នក​មាន គឺ​លើក​លែង​មិន​ចាប់។ អាជ្ញាធរ​រដ្ឋបាល​ព្រៃ​ឈើ​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់ គឺ​មិន​ប្រកាន់​អ្នក​មាន ឬ​អ្នក​ក្រ​នោះ​ឡើយ ប៉ុន្តែ​គ្រាន់​តែ​ការ​ធ្វើ​អាជីវកម្ម​ឈើ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មិន​មាន​លិខិត​អនុញ្ញាត​នោះ​ទេ។

បន្ទាប់​ពី​មាន​ការ​ចាប់​គោយន្ត​ និង​ម៉ាស៊ីន​អារ​ឈើ​ជា​ច្រើន​គ្រឿង​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចើងដើង និង​ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​១០ មិថុនា ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រួច​មក ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​គោយន្ត​​បាន​លើក​ឡើង​ថា គឺ​ជា​ការ​បំពេញ​ការងារ​ដោយ​គ្មាន​ភាព​ស្មើ​គ្នា និង​មិន​ត្រឹមត្រូវ​នោះ​ឡើយ។ ពីព្រោះ​ប្រជាពលរដ្ឋ​ដែល​ទៅ​កាប់​ឈើ​សម្រាប់​លក់​ដូរ​ដើម្បី​សម្រួល​ជីវភាព​ក្នុង​គ្រួសារ​គឺ​ត្រូវ​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ពួកគាត់​ខុស​ច្បាប់ ប៉ុន្តែ​ចំពោះ​ឈ្មួញ​រក​ស៊ី​ឈើ​ធំៗ​នៅ​តំបន់​ដូច​គ្នា​នោះ ហាក់​មិន​ខុស​ច្បាប់​នោះ​ទេ។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ លោក ងិន ចន្ថា ឱ្យ​ដឹង​ថា នៅ​ក្នុង​ឃុំ​របស់​លោក​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​កាប់​ឈើ​ងាប់ៗ នៅ​ក្នុង​ដី​ចម្ការ​របស់​គេ​ដោយ​មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ម្ចាស់​ដី​នោះ។

លោក​បន្ត​ថា ការ​កាប់​​ឈើ​ងាប់ៗ​នោះ គឺ​ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​គ្រួសារ​ខ្លះ និង​សម្រាប់​លក់​គ្រាន់​សម្រួល​ជីវភាព​ក្នុង​គ្រួសារ​មួយ​ចំណែក ប៉ុន្តែ​របរ​រក​ស៊ី​របស់​ពួកគាត់​ត្រូវ​បាន​រំខាន​ពី​សំណាក់​ខាង​រដ្ឋបាល​ព្រៃឈើ​ជា​និច្ច ដោយ​បញ្ជាក់​ថា ពួក​គាត់​ខុស​ទៅ​នឹង​ផ្លូវ​ច្បាប់។ ចំណែក​អ្នក​មាន​ឡាន​ធំៗ ចូល​ដឹក​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នោះ សមត្ថកិច្ច​ហាក់​មិន​ចាប់​អារម្មណ៍​​ឡើយ។

លោក ងិន ចន្ថា៖ «បាទ! អា​ឡាន​យីឌុប បង​ឯង​ចង់​ដឹង​មក​មើល​ផ្លូវ​យើង​១០២ ទៅ​បាន​ដឹង សុទ្ធតែ​អា​ភ្លៅ​ប្រាំ  លេង​សុទ្ធតែ​ខ្ពស់​ទៅ​លើ​បី​ម៉ែត្រ​អី​ហ្នឹង! សុទ្ធតែ​ច្រូស​ថែម ហើយ​មើល​មុខ​បង​ឯង​មើល​អុស​វា​សុទ្ធ​តែ​មុខ ៤០ មុខ ៥០។ បាទ! គេ​ថា​ត្រូវ​ច្បាប់​វិញ គេ​ថា​មាន​ដេសេ​ដេញ​អី​ណា​កាប់​ពី​ព្រៃ​គុក​មក។ ដល់​ពេល​ប្រជាពលរដ្ឋ​ទៅ​កាប់​ទន្លេ​ថង់​បួន​ប្រាំ​គូប ដប់​គូប​យក​លក់​ហ្នឹង​សុទ្ធតែ​ខុស​ច្បាប់​រហូត។ បាន​ថា​មិន​ចេះ​ត្រូវ​ទេ​ប្រជាពលរដ្ឋ​ខុស​តែ​រហូត​ហ្នឹង។ ត្រូវ​ច្បាប់​នោះ​គឺ​លុយ​បង! និយាយ​ចំ​បើ​ឱ្យ​លុយ​រួច​ត្រូវ​ច្បាប់​តែម្ដង»

ប្រភព​ដដែល​បន្ត​ថា ការ​បំពេញ​ការ​ងារ​ដូចនេះ​គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​តែ​ប្រជាពលរដ្ឋ​ក្រីក្រ ចំណែក​ឯ​ក្រុម​អ្នកមាន​អំណាច មាន​លុយ​វិញ រក​ស៊ី​ដឹក​ឈើ​​ស្ទើរ​តែ​រូង​ផ្លូវ​ទៅ​ហើយ ក្នុង​មួយ​ថ្ងៃៗ​ ក៏​គ្មាន​មន្ត្រី​ជំនាញ​ណា​ចាត់​វិធាន​ការ​នោះ​ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​បារាយណ៍ លោក ហេង កាម៉ិច មាន​ប្រសាសន៍​ថា តំបន់​ដែល​ប្រជាពលរដ្ឋ​ធ្វើ​អាជីវកម្ម​កាប់​ឈើ​មក​លក់​នោះ គឺ​តំបន់​ដែល​រដ្ឋ​ហាម​ឃាត់ ពីព្រោះ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​មិន​ស្រប​ច្បាប់។ លោក​បន្ត​ថា មុន​ពេល​ឃាត់​ឧបករណ៍​នឹង​វត្ថុតាង​ អាជ្ញាធរ​ក៏បាន​ជម្រាប​ជូន​ដំណឹង និង​ធ្វើ​កិច្ចសន្យា​ជាមួយ​​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក​មក​ហើយ​ ថា​កុំ​ឱ្យ​ប៉ះពាល់​ព្រៃ​តំបន់​នោះ និង​បញ្ឈប់​ធ្វើ​អាជីវកម្ម​ឈើ​ត​ទៅ​ទៀត ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ស្ដាប់។

លោក​អះអាង​ថា ចំពោះ​ការ​ចោទ​ប្រកាន់​ថា ខាង​រដ្ឋបាល​ព្រៃឈើ​អនុវត្ត​ច្បាប់​បាន​តែ​ប្រជាពលរដ្ឋ​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ ពីព្រោះ​រថយន្ត​ដែល​ធ្វើ​អាជីវកម្ម​នៅ​តំបន់​នោះ​ភាគ​ច្រើន​ ​ស្រប​ច្បាប់ ដោយ​មាន​ការ​បង់​ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ៖ «អា​ហ្នឹង​គាត់​យល់​ច្រឡំ​បងៗ ទៅ​នឹង​អា​ឡាន​ដែល​គេ​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​សង្គមកិច្ច គឺ​គេ​មាន​លិខិត​អនុញ្ញាត គេ​បង់​ពន្ធ​ស្រប​ច្បាប់​ទាំង​អស់ ហើយ​គាត់​មិន​ដឹង​គាត់​យល់​ថា អ្នក​ទាំង​អស់​នោះ​មិន​មាន​ច្បាប់ ហើយ​យើង​បក​ស្រាយ​ជូន​គាត់​ហើយ គឺ​គេ​ហ្នឹង​មាន​ច្បាប់​បង់​ពន្ធ​គ្រប់គ្រាន់​កំប្លេ​ទាំង​អស់»

លោក​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​គឺ​មិន​ចំពោះ​អ្នក​មាន ឬ​អ្នក​ក្រ​នោះ​ទេ ប៉ុន្តែ​អាស្រ័យ​លើ​ភាព​ស្រប​ច្បាប់​របស់​ពួក​គាត់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ឈើ​នោះ ពីព្រោះ​រដ្ឋបាល​ព្រៃ​ឈើ​មាន​តួនាទី​បង្ក្រាប​នូវ​បទ​ល្មើស​ខុស​ច្បាប់​ដើម្បី​ថែ​រក្សា​ការពារ​ធនធាន​ធម្មជាតិ​ឱ្យ​បាន​គង់វង្ស។

នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ ធ្លាប់​មាន​ប្រសាសន៍​ថា មិន​មាន​ច្បាប់​ណា​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ ឬ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ទេ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​បច្ចុប្បន្ន ត្រូវ​ក្លាយ​ជា​ជន​រងគ្រោះ​ចំពោះ​បញ្ហា​មួយ​នេះ។ ចំណែក​ឯ​មន្ត្រី​ឧកញ៉ា​អ្នក​មាន​អំណាច​ធំៗ វប្បធម៌​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​ពៃ​នៅ​រុំ​ស្រោប​ជាប់​ជានិច្ច។ លោក​បន្ថែម​ថា រាល់​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ចំពោះ​ប្រជាពលរដ្ឋ​នោះ​ គឺ​គ្រាន់​ជា​ការ​ធ្វើ​ឱ្យ​ល្អ​មើល​តែប៉ុណ្ណោះ ហើយ​ជា​ការ​លាក់បាំង​នូវ​អ្នក​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ព្រៃ​ឈើ​ធំៗ របស់​អ្នក​មាន​អំណាច​ដោយ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ណា​មួយ​ចង់​ថែ​រក្សា​ព្រៃ​ឈើ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles