ដោយ៖ តាំង វីដា
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ពលរដ្ឋអ្នកមានជម្លោះដីធ្លី ប្រមូលផ្តុំគ្នានៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (រូបថត៖ តាត ឧត្តម)
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីចំនួនពីរសហគមន៍ នៅរសៀលថ្ងៃចន្ទនេះ ដាក់ញត្តិស្នើអន្តរាគមន៍ដោយផ្ទាល់ពីអ្នករាយការណ៍ពិសេសនៃឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យផ្តល់ដំណោះស្រាយ និងបញ្ចប់ជម្លោះដីធ្លីរបស់ពួកគេ។
តំណាងសហគមន៍បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ឲ្យដឹងថា ញត្ដិស្នើអន្តរាគមន៍នេះ គឺរៀបរាប់ពីទុក្ខវេទនានៃការ រស់ នៅរបស់ប្រជាសហគមន៍ ក្រោយការរំលោភ ឈូសឆាយ និងការបំផ្លាញផ្ទះសម្បែងដោយគ្រឿងចក្ររបស់ក្រុមហ៊ុនផានអ៊ីម៉ិច រួមនឹងការដែលរាជរដ្ឋាភិបាល បានចូលដៃជាមួយក្រុមហ៊ុន បំពានលើសិទ្ធិមនុស្ស ប្រើហិង្សាលើស្ត្រី និងចាប់សកម្មជនដីធ្លីជាបន្តបន្ទាប់។ អ្នកស្រីសង្ឃឹមថា លោក ស៊ូប៊ែឌី នឹងជំរុញថ្នាក់ដឹកនាំរដ្ឋាភិបាល ដាក់សម្ពាធលើភាគីពាក់ព័ន្ធជាមួយក្រុមហ៊ុន ផាន អ៊ីម៉ិច ដើម្បីពន្លឿនការដោះស្រាយដល់ពលរដ្ឋដែលរងគ្រោះទាំងនោះ «អ្វីដែលខ្ញុំចង់បញ្ចាក់កាលពីឆ្នាំ ២០១២ លោកសុរិយា ស៊ូប៊ែឌី បានអញ្ចើញទៅសហគមន៍បុរីកីឡារូចម្តងហើយ ខ្ញុំចង់ប្រាប់ទៅជាសារថា រយៈពេលពីរឆ្នាំ តាំងពី ២០១២ ដល់ពេលនេះ គឺពួកនាងខ្ញុំរស់នៅលើគំនរសំរាមដដែល គឺមិនទាន់មានអ្វីដោះស្រាយឲ្យពួកនាងខ្ញុំនៅឡើយទេ »។
សម្រាប់តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ក៏ស្នើឲ្យលោក សុរិយា ស៊ូប៊ែឌី អន្តរាគមន៍បន្ទាន់ទៅរដ្ឋាភិបាល បញ្ចប់ជម្លោះនៅតំបន់បឹងកក់ បោះព្រំប្រទល់ដីទំហំ១២,៤៤ហិកតា តាមអនុក្រឹត្យឆ្នាំ២០១១ របស់ប្រមុខរដ្ឋាភិបាល និងដាក់បញ្ចូលប្រជាពលរដ្ឋចំនួន៤០គ្រួសារចូលទៅក្នុងដីនោះ ព្រមទាំងផ្តល់ប្លង់កម្មសិទ្ធិត្រឹមត្រូវ។
នៅម៉ោងជិត២ និង៣០នាទី លោក សុរិយា ស៊ូប៊ែឌី បានជួបនឹងប្រជាសហគមន៍ទាំងនោះ និងបានចាត់តាំងតំណាងរបស់ខ្លួន ឲ្យចាំទទួលយកញត្តិប្រជាពលរដ្ឋក្នុងជម្លោះដីធ្លីទាំងនោះ ដោយសន្យានឹងយកចិត្តទុកដាក់ពិនិត្យមើល។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងថា សមត្ថកិច្ច បានកំពុងសហការជាមួយអង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំវេទិកាសាធារណៈនៅពេលឆាប់ៗនេះ ដោះស្រាយជម្លោះដីធ្លីរបស់សហគមន៍បុរីកីឡា ប៉ុន្តែករណីតំបន់បឹងកក់ គឺប្រជាសហគមន៍ទាំងនោះ មិនព្រមសហការជាមួយអាជ្ញាធរឡើយ ដែលនាំឲ្យមានផលវិបាកក្នុងការដោះស្រាយ «យើងកំពុងធ្វើការសំរបសំរួល តែបងប្អូនដែលបង់ប្រាក់ហ្នឹងទេដែលគាត់ មិនទាន់សហការជាមួយនឹងយើង ព្រោះគាត់ មិនព្រមទទួលយកកម្មសិទ្ធិដី ដែលយើងប្រគល់ទៅឲ្យគាត់មួយប្លង់ៗនឹងគាត់មិនព្រមទេ គាត់ត្រូវការប្លង់កាត់គាត់ជាក់ស្តែង ទំហំជាក់ស្តែងហ្នឹងវាជារបស់ខុសច្បាប់ ជារបស់ឥតច្បាប់»។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ យល់ថា ទិដ្ឋភាពនៃការស្នើអន្តរា គមន៍ពីប្រជាពលរដ្ឋរងគ្រោះទំនាស់ដីធ្លី បញ្ហាសិទ្ធិការងារ និងបញ្ហាសិទ្ធិមនុស្ស ទៅកាន់អ្នករាយការណ៍ពិសេសរបស់ UN រាល់ពេលទស្សនកិច្ចនេះ អាចស្តែងឲ្យឃើញពីការអស់ជំនឿចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំប្រទេសរបស់រដ្ឋាភិបាលកម្ពុជាក្នុងឆាកអន្តរជាតិ «ចង់មិនចង់រាជរដ្ឋាភិបាលគាត់ត្រូវទទួលភាពអាម៉ាស់ ពីការថ្កោលទោសពីឆាកអន្តជាតិដែរ ប្រទេសយើងមិនមែនប្រទេសផ្តាច់ការ កុម្មុយនីស្តណា គឺប្រទេសយើងជាប្រទេសចូលសន្ធិសញ្ញាអង្គការសហប្រជាជាតិ ហើយយើងជាសមាជិកអង្គការសហប្រជាជាតិផងដែរ »។
លោក សូរិយា ស៊ូប៊ែរឌី (Surya P.Subedi) មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ខែមិថុនា ដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ក្នុងគោលដៅពិនិត្យលើបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តនូវអនុសាសន៍របស់លោក ហើយលោក នឹងបើកឲ្យមានសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ខែមិថុនាខាងមុខនេះ៕

អ្នកស្រី ឆាយ គឹមហ៊ន តំណាងសហគមន៍បុរីកីឡា

សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com