ដោយ ទេព សុរ៉ាវី
2014-06-16
RFA
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បង្កើតគម្រោងពង្រឹងអំណាចអ្នកសរសេរប្លុកស្ត្រីកម្ពុជា និងប្រកាសជ្រើសរើសបេក្ខនារី ១៥ ទៅ ២០នាក់ ឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលនេះរយៈពេល៦ខែ។
នាយិកាប្រតិបត្តិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា គម្រោងនេះនឹងផ្តល់ឱកាសឲ្យស្ត្រីវ័យក្មេងពីតាមបណ្ដាខេត្តនានា ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ អាចពង្រឹងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងអាចឲ្យស្ត្រីក្លាយជាអ្នកសរសេរប្លុក ហើយពួកគេអាចបញ្ចេញមតិ ដើម្បីឲ្យមានការផ្លាស់ប្ដូរសង្គម តាមរយៈការសរសេរនោះ។
អ្នកស្រី ចក់ សុភាព៖ «យើងចង់ពង្រឹងអំណាចស្ត្រីវ័យក្មេង និងចង់ឲ្យគាត់អ្នកមានគេហទំព័រផ្ទាល់ខ្លួន ឬហៅថា ប្លុក ក្នុងហ្នឹងយើងដឹងហើយថា យើងចង់ឲ្យស្ត្រីគាត់មានសំឡេងមួយខ្លួនឯង ដែលគាត់អាចសរសេរនៅតាមគេហទំព័រ និងតាមរយៈវគ្គបណ្ដុះបណ្ដាលដែលយើងធ្វើឡើង ដែលមានលក្ខណៈលំអិត និងសង្ឃឹមថា បន្ទាប់ពីចប់គម្រោងទៅ គឺគាត់នឹងអាចក្លាយជាអ្នកសរសេរមួយ ហើយបញ្ចេញមតិរបស់គាត់»។
បេក្ខនារីដែលត្រូវជ្រើសរើស នឹងទទួលបានការបណ្ដុះបណ្ដាលចំនួន ៥វគ្គផ្សេងៗគ្នា ពាក់ព័ន្ធនឹងការសរសេរប្លុក ដែលរួមមានការបង្កើតប្លុកដែលគួរឲ្យចាប់អារម្មណ៍ គន្លឹះក្នុងការសរសេរ យុទ្ធសាស្ត្រប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីធានាឲ្យស្ត្រីវ័យក្មេងទាំងនោះក្លាយជាអ្នកជំនាញសរសេរប្លុកបានដ៏ជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលស្នើឲ្យក្រសួងកិច្ចការនារីលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយឲ្យបានច្រើន
- ស្ត្រីជនជាតិដើមភាគតិចព្រមានប្ដឹងរដ្ឋាភិបាលពីបញ្ហាបំផ្លាញធនធានធម្មជាតិ
- ក្រុមស្ត្រីជនជាតិដើមភាគតិចមកពីខេត្តចំនួន៧ពិភាក្សាពីបញ្ហាកំពុងប្រឈម
- ស្ត្រីកម្ពុជានិងភូមារៀបចំសិក្ខាសាលាពីការតស៊ូមតិនិងភាពជាអ្នកដឹកនាំ
- លីកាដូលុបចោលគម្រោងចែកអំណោយដល់ស្ត្រីនៅពន្ធនាគារ
- ស្ត្រីបុរីកីឡាខ្លះក្លាយជាអ្នករកស៊ីផ្លូវភេទក្រោយការបណ្ដេញចេញ
- ស្ត្រីខ្មែរ១០នាក់ចាញ់បោកមេខ្យល់នាំទៅប្រទេសចិន
- សង្គមស៊ីវិលពិភាក្សាពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនារីភេទ
- យុទ្ធនាការបូពណ៌សទាមទារអោយបញ្ឈប់អំពើហិង្សាលើស្ត្រី
