
តារាចម្រៀងផលិតកម្មថោនកញ្ញា មាស សុខសោភា។ ហុង មិនា
Tue, 17 June 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: យុវវ័យបានសម្តែងការខកចិត្តខកថ្លើមយ៉ាងខ្លាំងទៅនឹងកម្មវិធីតន្ត្រីមនុស្សធម៌ ដែលរៀបចំឡើងដោយសួនកម្សាន្ត ឌ្រីមលែនដ៍ នឹងបានរិះគន់ធ្ងន់ដល់អវត្តមានរបស់កំពូលតារាចម្រៀងស្រីផលិតកម្មថោន មាស សុខសោភា ខណៈពួកគេលើកចំៗថា ម៉េចធ្វើតារាចម្រៀងល្បីប៉ុនហ្នឹងត្រូវទឹករលាយមែនទេ?
តាមគម្រោង តន្ត្រីមនុស្សធម៌ដើម្បីប្រមូលថវិកាយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលរៀបចំឡើងដោយឌ្រីមលែនដ៍ បានប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី១៥ ខែមិថុនានេះដោយពាំនាំនូវវត្តមានកំពូលតារាចម្រៀងល្បីៗបួនរូបមានកញ្ញា មាស សុខសោភា ឱក សុគន្ធកញ្ញា លោក ឆាយ វីរៈយុទ្ធ និងរ៉ូលីន។ ជុំវិញការផ្អាកការប្រគំតន្ត្រីនោះ ប្រិយមិត្តដែលជាវសំបុត្រចូលទស្សនាបានចូលទៅទំព័រហ្វេសប៊ុកតារាចម្រៀង មាស សុខសោភា ហើយសរសេរសារលើកជាចម្ងល់ថា ហេតុអ្វី?
ក្នុងចំណោមសារនោះ ប្រិយមិត្តម្នាក់សរសេរថា៖ «ខ្ញុំខឹងខ្លាំងណាស់ ខ្ញុំមក ឌ្រីមលែនដ៍ មកមើលខនសឺត។ យប់នេះខ្ញុំខំសុំច្បាប់ពីការងារដើម្បីទៅមើលអ្នក…តែមេឃមិនភ្លៀងផងបែរជា cancel វិញខ្ញុំនឹងឈប់ support អ្នកហើយខ្ញុំស្អប់ចរិតអ្នកចម្រៀងខ្មែរណាស់អាងខ្លួនឯងល្បី…ម៉េចខ្លាចត្រូវទឹកភ្លៀងណាស់មែន….មាស សុខសោភា….ចុះមិនគិតអ្នកនៅខាងក្រោមផងទេអីគ្នាខំចំណាយលុយ..ពេលវេលា…»។
ក្រុមអ្នកខកចិត្តនឹងការប្រគំតន្ត្រីប្រជុំដោយតារាចម្រៀងខ្លួនគាំទ្រនេះ បានលើកឡើងទៀតថា៖ «១ដុល្លារសម្រាប់ខ្ញុំវាច្រើនណាស់ តែវាមិនសំខាន់សម្រាប់អ្នកទេ…មាស សុខសោភា»។
ឆ្លើយតបនឹងការអន់ចិត្តអន់ថ្លើមនេះ លោក មាស សុខរតនៈ ដែលជាបងប្រុសតារាស្រីរូបនេះបានបញ្ជាក់ថា៖ «កាលពីថ្ងៃនោះ តារាចម្រៀង មាស សុខសោភា បានទៅសមបទចម្រៀងអស់ហើយ សម្រាប់ការប្រគំតន្ត្រីយប់ថ្ងៃទី១៥ មុននេះ ប៉ុន្តែយើងក៏ដឹងដែរថា ម្សិលមិញ(ថ្ងៃអាទិត្យ)មានភ្លៀងធ្លាក់ គ្មានកន្លែងឲ្យអ្នកទស្សនាកើតនោះ ឌ្រីមលែនដ៍ ក៏ផ្អាកសិន ទុកលើកទៅធ្វើថ្ងៃក្រោយវិញ»។ លោកអះអាងទៀតថា៖ «អាភា សម្រាប់ តន្ត្រីមនុស្សធម៌នេះ នាងបានត្រៀម៧បទ សម្រាប់ចំណងដៃនោះ មានបទញាក់ចំនួន៣បទ និងបទស៊្លូចំនួន៤បទ»។
ទាក់ទិននឹងការលុបចោលកម្មវិធីនេះលោក សឿន សាវរី ប្រធានផ្នែកទីផ្សារនៅសួនកម្សាន្ត ឌ្រីមលែនដ៍បានរៀបរាប់ថា៖ «ខ្ញុំក៏មានការសោកស្តាយដែរ ដែលកម្មវិធីប្រគំតន្ត្រីមនុស្សធម៌ មានត្រៀមតារាចម្រៀងល្បីៗ តែត្រូវបានខកខាននោះ»។
ក្រៅពីអះអាងថាមូលហេតុនៃការលុបកម្មវិធីចោលនេះមិនមានការថ្នាំងថ្នាក់ជាមួយតារាចម្រៀងល្បីណាមួយនោះ លោកបញ្ជាក់ទៀតថាការប្រគំតន្ត្រីនេះនៅតែបន្តធ្វើសម្រាប់ថ្ងៃខាងមុខ ប៉ុន្តែកម្មវិធីនៅមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយ៕