រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​ពិធី​រំលឹក​ខួប​ថ្ងៃ​ឈ្នះក្តី​ប្រាសាទ​ព្រះវិហារ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com

មើលរូបភាពបន្ថែម

ប្រាសាទព្រះវិហារ មើលពីចំងាយ (រូបថត៖ ពេជ្រ សុធារី)

​រដ្ឋាភិបាល​កម្ពុជាមិន​ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី​៥២ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ ICJ បាន​សម្រេច​ឲ្យ​ភាគី​កម្ពុជាឈ្នះក្តី​លើ​ភាគី​ថៃ​ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ឆ្នាំ​១៩៦២នោះទេ។​

​ការ​មិន​ធ្វើ​ពិធី​នេះ ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​ថៃ​ប្រែប្រួលហើយ​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ត្រូវបាន​យោធា​ថៃ​ចាប់បញ្ជូន​មក​វិញ​។ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យដឹងថាការធ្វើ​រំលឹក​ខួប​ថ្ងៃ​ដែល​កម្ពុជា​ឈ្នះក្តី​លើ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​នោះ ធ្លាប់​ធ្វើ​តាំង​ពី​សម្តេច​ព្រះ​នរោត្តម​សីហនុនៅ​មាន​ព្រះជន្ម ដើម្បី​បង្ហាញ​ពី​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​។​

​រដ្ឋលេខាធិការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ជុច ភឿន មានប្រសាសន៍ថា ថ្ងៃទី​១៥​ខែ​មិថុនា​ឆ្នាំ​១៩៦២ មិន​មាន​ក្នុង​ពិធីបុណ្យ​ជាតិ​នោះ​ទេ ប៉ុន្តែ​លោក​ចាំ​ថា​ពិធីបុណ្យ​នេះ​ធ្លាប់​ប្រារព្ធ​ធំ​ម្តង។​

​លោកស្រី ជា វណ្ណាត អ្នកវិភាគ​ឯករាជ្យ មានប្រសាសន៍ថា ជ័យជម្នះរបស់​ព្រះបាទ​នរោត្តម​សីហនុ​នៅ​ឆ្នាំ​១៩៦២ ជា​ស្នា​ព្រះហស្ត​ប្រវត្តិសាស្ត្រ ដែល​មាន​ការទទួលស្គាល់​នៅលើ​ឆាក​អន្តរជាតិ​ថា ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ​ «​បើកាលណា ប្រវត្តិសាស្ត្រ​អត់​មានការ​រំលឹក​អី​ទេ ធ្វើឲ្យ​យើង​ពី​មួយជំនាន់​ទៅ​មួយ​ជំនាន់​ភ្លេច​បាត់ ហើយ​ប្រទេស​មួយ​ដែល​មាន​វប្បធម៌ អរិយធម៌ មាន​ប្រវត្តិ​ហ្នឹង គឺ​ដោយសារ​ការនិយាយ​តត​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ឲ្យ​កូនចៅ​មាន​ការចងចាំ​។ បើ​មិន​បាន​រំលឹក​ទេ​ពី​មួយ​ជំនាន់​ទៅមួយ​ជំនាន់​ភ្លេច​បាត់​ »។

​លោកស្រី ជា វណ្ណាត ចង់ឲ្យ​រដ្ឋាភិបាល​កម្ពុជាចាក់ផ្សាយ​ស្នា​ព្រះហស្ត​នេះតាម​កញ្ចក់​ទូរទស្សន៍​ជាតិ គ្រប់​កម្មវិធី​បុណ្យជាតិ ដូចជា​បុណ្យចំរើនព្រះជន្ម បុណ្យ​រំលឹក​ខួប និង​ពិធីបុណ្យ​ជាតិ​ផ្សេងៗ​ទៀត​។

​លោក ជាង សុខា ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជនដែល​ហៅ​កាត់​ថា YRDPឲ្យដឹង​ដែរថា មិនមែន​ត្រឹមតែ​ស្នា​ព្រះហស្ត​ក្នុង​ការឈ្នះក្តី​ប្រាសាទ​ព្រះវិហារ​នោះ​ទេ ដែល​មិន​បាន​រំលឹក សូម្បី​តែ​មុខវិជ្ជា ប្រវត្តិសាស្ត្រ​ខ្មែរ ក៏​ក្រសួង​អប់រំ​កំពុង​ពិចារណា ដក​ករណី​នេះ​ចេញពី​ការប្រឡងដែរ​ «​ប្រទេស​មួយ​ដែល​ប្រជាពលរដ្ឋ មិន​យល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ប្រទេស​នោះ​មិន​អាច​រីកចម្រើន​បានឡើយ ហើយ​ការដឹកនាំ​នឹង​អាច​ដើរ​ទៅ​តាម​ផ្លូវ​ដដែលៗ មានន័យ​ថា វា​ជាន់​ប្រវត្តិសាស្ត្រ​ដដែល មានន័យ​ថា យើង​មិន​បាន​ចាប់​យក​តម្លៃ​នៃ​ប្រវត្តិសាស្ត្រ ឲ្យ​ប្រែ​ក្លាយទៅជា​មេរៀនសម្រាប់​ដឹកនាំ​ប្រទេស ឬ​ផ្តល់​ឲ្យ​ក្មេងជំនាន់ក្រោយ​»។

​បើ​ជា​រដ្ឋាភិបាល​មិន​បាន​រំលឹក​ខួប ដែល​កម្ពុជា​ឈ្នះក្តី លើ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ ១៥ ខែមិថុនា ឆ្នាំ​១៩៦២ ក៏ដោយតែ​រដ្ឋាភិបាល​បាន​ធ្វើ​ពិធី​ធំដុំ នៅ​ថៃ្ង​ទី​៧ ខែកក្កដា ឆ្នាំ ២០០៨ ជា​ថ្ងៃ​អង្គការ UNESCO ចុះបញ្ជី​ប្រាសាទ​ព្រះ​វិហារ​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព។   ប៉ុន្តែ​មួយ​សប្តាហ៍​ក្រោយមក រដ្ឋាភិបាល​ទីក្រុង​បាងកក បាន​បញ្ជួន​ទាហាន​របស់​ខ្លួន​មក​កាន់តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ទាមទារ​គ្រប់គ្រងដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា​នៅ​ជុំវិញ​ប្រាសាទ​នេះ ដែល​នាំ​សំណុំរឿង​ក្តី​ត្រូវ​បាន​បញ្ជួនទៅ​តុលាការយុត្តិ​ធម៌​អន្តរជាតិ​ឡើងវិញ​៕ 

សូមសរសេរមមកាន់អ្នកស្រី ថុល ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles