ដោយ៖ ឡុង គីមម៉ារីតា
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com
ពលរដ្ឋ១៥នាក់តំណាងឲ្យពលរដ្ឋ២០គ្រួសារនៅឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង បានលើកគ្នាទៅសាលាស្រុក ដើម្បីស្នើឲ្យអភិបាលស្រុកជួយរកដំណោះស្រាយ ករណីដែលក្រុមហ៊ុនចិនយូនៀន(Union Development Group CO.,LTD) រារាំងពួកគាត់មិនឲ្យធ្វើស្រែលើដីទំនាស់។
អ្នកស្រី ខុន ផល្លា ជាប្រជាពលរដ្ឋរងការបណ្តេញពីក្រុមហ៊ុនឈ្មោះញ៉ូញៀញ ប្រាប់VODនៅ រសៀលថ្ងៃអង្គារថា ក្រុមហ៊ុននោះ បានហាមឃាត់ពួកគាត់មិនឲ្យធ្វើស្រែនៅលើដីដែលធ្លាប់បង្កបង្កើនផលជារៀងរាល់ឆ្នាំដោយប្រាប់ថាដីនោះជាដីរបស់ក្រុមហ៊ុនដែលទទួលបានសម្បទានពីរដ្ឋាភិបាល។ អ្នកស្រីបន្តថា ជម្លោះនេះបានអូសបន្លាយជាច្រើនឆ្នាំមកហើយ នៅតែមិនមានដំណោះស្រាយ ទើបថ្ងៃនេះពួកគាត់បាននាំគ្នាទៅជួបអភិបាលស្រុក ឲ្យជួយរកដំណោះស្រាយ ដើម្បីបានធ្វើស្រែលើដីរបស់ខ្លួនវិញ។
អ្នកស្រី ខុន ផល្លា បន្តថា បើទោះជាក្រុមហ៊ុនមិនអនុញ្ញាតឲ្យពួកគាត់ធ្វើស្រែនៅលើដីទម្លាស់ ប៉ុន្តែពួកគាត់នៅតែធ្វើដើម្បីជីវភាព ហើយរាល់ថ្ងៃពួកគាត់បានប្តូរវេនគ្នាយាមកាមដីស្រែនោះ ព្រោះខ្លាចមានការបំផ្លិចបំផ្លាញពីសំណាក់ក្រុមហ៊ុន។
អភិបាលស្រុកបុទុមសាគរ លោក អន ភិរក្ស មានប្រសាសន៍ថា លោកមិនមានលទ្ធភាពក្នុងការដោះស្រាយជម្លោះដីធ្លីនេះទេ ព្រោះក្រុមហ៊ុនចិនយូនៀន បានការទទួលដីសម្បទានពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍដីតំបន់នោះ។ តែទោះជាយ៉ាងណា លោកថា លោកនឹងបញ្ជូនសំណុំរឿងនេះ ទៅសាលាខេត្តកោះកុងឲ្យជួយអន្តរាគមន៍។
មន្ត្រីស៊ើបអង្គេតសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ករណីនេះ ពលរដ្ឋធ្លាប់បានធ្វើការទាមទារឲ្យអាជ្ញាធរជួយដោះស្រាយជាច្រើនលើកមកហើយ ប៉ុន្តែនៅតែមិនមានដំណោះស្រាយណាមួយសមរម្យសម្រាប់ពួកគាត់នៅឡើយទេ រហូតមកដល់សព្វថ្ងៃនេះ។ លោកថា ទង្វើនេះអាចជាលេសរបស់អាជ្ញាធរ ដែលមិនចង់ដោះស្រាយជូនប្រជាពលរដ្ឋ។
ជម្លោះដីធ្លីរវាងពលរដ្ឋជាង២០គ្រួសារ នៅភូមិកន្តេល ឃុំតានូន ស្រុកបទុមសាគរ ខេត្តកោះកុង ជាមួយក្រុមហ៊ុនចិនឈ្មោះយូនៀន(Union Development Group CO.,LTD)បានកើតឡើងអស់រយៈពេល៤ឆ្នាំមកហើយ លើផ្ទៃដីប្រមាណជាង១០០ហិកតា៕
សូមសរសេរមកកាន់កញ្ញា ឡុង គីមម៉ារីតា តាមរយៈ longkimmarita@gmail.com