ដោយ ខែ សុណង
2014-06-17
RFA

ពលរដ្ឋមានបញ្ហាដីឈរតវ៉ានៅខាងមុខការដ្ឋានក្រុមហ៊ុនចិន ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ទាមទារសំណង និងអ្នកខ្លះតវ៉ាមិនទៅនៅកន្លែងថ្មី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤។ RFA/Tin Zakariya
តំណាងពលរដ្ឋ ១៥គ្រួសារ ក្នុងចំណោម ២០គ្រួសារ មកពីភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង បាននាំគ្នាទៅសាលាស្រុក ដាក់លិខិតសុំឲ្យអភិបាលស្រុកអន្តរាគមន៍ដោះស្រាយសំណងដីធ្លីរបស់ពួកគាត់ដែលប៉ះពាល់ដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវែលឡុបមេន (Union Development)។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ ១៥គ្រួសារ អ្នកស្រី ឃុន ផល្លា មានប្រសាសន៍នៅថ្ងៃទី១៧ មិថុនា ថា ពួកគាត់ដាក់លិខិតស្នើសុំឲ្យអភិបាលស្រុក លោក អន ភារៈ សម្របសម្រួលជាមួយក្រុមហ៊ុននេះ ផ្ដល់សំណងដល់ពលរដ្ឋចំពោះការអភិវឌ្ឍរបស់ក្រុមហ៊ុនប៉ះពាល់ដីស្រែនិងផ្ទះរបស់ពួកគាត់នៅចំណុចតាទែន និងព្រែកស្វាយ ស្ថិតនៅឃុំតានូន។
អ្នកស្រីបន្តថា ក្រុមហ៊ុននេះបានឈូសឆាយដីស្រែចម្ការ និងផ្ទះពលរដ្ឋ ហើយហាមមិនឲ្យពលរដ្ឋធ្វើស្រែចម្ការឡើយ។ អ្នកស្រីបញ្ជាក់ថា ពួកគាត់ធ្លាប់បានដាក់លិខិតទៅគណៈកម្មការអន្តរក្រសួងសុំឆ្វៀលចំណុចដីប៉ះពាល់នេះទុកឲ្យពលរដ្ឋតែគ្មានដំណោះស្រាយ។
មន្ត្រីសង្គមស៊ីវិលឲ្យដឹងថា ពលរដ្ឋទាំងនេះ អាជ្ញាធរកន្លងមកធ្លាប់បដិសេធមិនទទួលស្គាល់ ហើយថាពួកគាត់ជាពលរដ្ឋរស់នៅក្រៅមូលដ្ឋាន។ កាលពីថ្ងៃទី១២ មិថុនា ក្រុមហ៊ុនចិន បានប្រើកម្លាំងទាហានប្រមាណ ៣០នាក់បណ្ដេញពលរដ្ឋដែលកំពុងភ្ជួរស្រែនៅលើដីទំនាស់នោះ។
នៅចុងសប្ដាហ៍នេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) គ្រោងនឹងចុះទៅតំបន់នោះ ដើម្បីពិនិត្យមើលស្ថានភាពនៃការជម្លៀសពលរដ្ឋនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិព្រៃផ្ដៅសុំឲ្យអាជ្ញាធរបើកផ្លូវលំដែលតុលាការខេត្តតាកែវសម្រេចផ្ទេរជាដីឯកជន
- ពលរដ្ឋនៅស្វាយរៀងចោទអាជ្ញាធរថាជីកប្រឡាយប៉ះពាល់ដីនិងលំនៅឋាន
- តំណាងជនជាតិដើមភាគតិចព្នងជិត២០០គ្រួសារនៅក្រចេះតវ៉ាទំនាស់ដីធ្លីដល់ភ្នំពេញ
- អ្នកបឹងកក់ហៅធនាគារពិភពលោកថាមានបាតដៃប្រឡាក់ឈាម
- ពលរដ្ឋនៅស្រុកមេមត់គ្រោងដាក់ញត្តិជំរុញឲ្យមន្ត្រីរដ្ឋាភិបាលដោះស្រាយបញ្ហាដី
- សមត្ថកិច្ចរុះរើខ្ទមនិងបំផ្លាញដំណាំពលរដ្ឋចំណាកស្រុកនៅមណ្ឌលគិរី
- ពលរដ្ឋ១៤គ្រួសារនៅកំពង់ស្ពឺទាមទារឲ្យក្រុមហ៊ុនដកកម្លាំងទាហានចេញពីតំបន់ដីជម្លោះ
- ជនជាប់ចោទពីបទប៉ុនប៉ងបង្កើតតំបន់អបគមន៍នៅក្រចេះភៀសខ្លួនទៅប្រទេសហូល្លង់ដ៍
- របាយការណ៍៖ ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បង្កផលប៉ះពាល់ដីពលរដ្ឋ៨៤គ្រួសារនៅពោធិ៍សាត់