កម្មករ​រោងចក្រ​ហារតា​តវ៉ា​រឿង​ប្រាក់​អតីតភាព​ការងារ​នៅ​មុខ​ក្រសួង​ការងារ

ដោយ ម៉ម មុនីរតន៍
2014-06-17
RFA

ស៊ន បូរ៉ា កម្មករ​តវ៉ា ៦១០
លោក ស៊ន បូរ៉ា តំណាង​កម្មករ​រោងចក្រ ហារតា (Harta) លើក​បង្ហាញ​រចនាសម្ព័ន្ធ និង​លក្ខន្តិកៈ​នៅ​ក្នុង​រោងចក្រ​ក្នុង​ពេល​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៤។ RFA/Morm Moniroth

កម្មករ​រោងចក្រ ហារតា (Harta) ដែល​មាន​ទីតាំង​នៅ​ភូមិ​កន្ត្រក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ប្រមាណ ២០​នាក់ ក្នុង​ចំណោម​កម្មករ​ជិត ៣០០​នាក់ (២៨៥) បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា។

ការ​ជួប​ជុំ​ជា​ថ្មី​ទៀត​នេះ គឺ​ជំរុញ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ ជួយ​អន្តរាគមន៍​ទៅ​ភាគី​រោងចក្រ ឲ្យ​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាធរ​កណ្ដាល អំពី​ប្រាក់​អតីតភាព​ការងារ​របស់​ពួក​គេ។

គិត​មក​ដល់​ពេល​នេះ វិវាទ​បាន​បន្ត​អូស​បន្លាយ​ជិត ៥​ខែ​មក​ហើយ ចាប់​តាំង​ពី​រោងចក្រ​ដែល​ផលិត​ក្រដាស​កាតុង​របស់​ម៉ាឡេស៊ី ផ្លាស់​ប្ដូរ​ឈ្មោះ​រោងចក្រ​ពី ហារតា មក​ជា​ឈ្មោះ​រោងចក្រ អូជី វិញ។

ថ្លែង​នៅ​ខាង​មុខ​របង​ក្រសួង​ការងារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា នាយក​ផ្នែក​ផលិតកម្ម​ខាង​កាតុង និង​ជា​តំណាង​សហជីព​មិត្ត​កម្មករ​ផង លោក ស៊ន បូរ៉ា ថ្លែង​ថា មូលហេតុ​ដែល​កម្មករ​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត​នេះ ព្រោះ​តែ​ខាង​ភាគី​រោងចក្រ​មិន​ព្រម​ចេញ​មុខ​ដោះស្រាយ​រឿង​ប្រាក់​អតីតភាព​ការងារ​របស់​ពួក​គេ។ លោក​បន្ត​ថា ចំណែក​ខាង​ក្រសួង​ការងារ វិញ​បែរ​ជា​ឆ្លើយ​តប​ថា ពុំ​មាន​លទ្ធភាព​ដោះស្រាយ​ឡើយ ហើយ​បាន​ជំរុញ​ឲ្យ​ក្រុម​កម្មករ​បន្ត​ស្វែងរក​មធ្យោបាយ​ដោយ​ខ្លួន​ឯង​ចុះ។

លោក​ថ្លែង​ទៀត​ថា មក​ដល់​ពេល​នេះ​ទៅ​ហើយ ក្រុម​កម្មករ​មិន​ចង់​បាន​អ្វី​ច្រើន​ទៀត​ទេ ក្រៅ​ពី​ស្នើសុំ​ឲ្យ​ក្រសួង​ការងារ ជួយ​អន្តរាគមន៍​ទៅ​ភាគី​រោងចក្រ ហារតា ជំរុញ​ក្នុង​ការ​អនុវត្ត​តាម​ស្មារតី​នៃ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ប៉ុណ្ណោះ៖ «ការ​អន្តរាគមន៍​ពី​ពួក​គាត់​ទៅ​ខាង​ក្រុមហ៊ុន​ហ្នឹង គឺ​អន្តរាគមន៍ ប៉ុន្តែ​ឥត​មាន​ពន្លឺ​អី​ទេ ឮ​តែ​ក្រុមហ៊ុន​នៅ​តែ​ប្ដឹង​ផ្ដល់​ពួក​ខ្ញុំ​ទៅ​ដល់​តុលាការ។ ដោះស្រាយ​គ្នា​នៅ​តុលាការ​រហូត គឺ​ខាង​ក្រសួង​គេ​ឥត​មាន​ដំណោះស្រាយ​អី​ទេ។ គាត់​ថា​គាត់​អស់​លទ្ធភាព​ក្នុង​ការ​សម្រប​សម្រួល​ហើយ គណៈកម្មការ​បាតុកម្ម​កូដកម្ម​ហ្នឹង​ហើយ គាត់​បាន​និយាយ​ទៀត​ថា ឲ្យ​ពួក​ខ្ញុំ បើ​សិន​ជា​មាន​កម្លាំង​មាន​ពេល​វេលា នឹង​នាំ​គ្នា​កូដកម្ម​គ្រប់​ស្ថាប័ន​ណា​ក៏​កូដកម្ម​ចុះ ឲ្យ​តែ​យើង​មាន​កម្លាំង គឺ​ជា​សិទ្ធិ​សេរីភាព​របស់​បង​ប្អូន​កម្មករ»

ទិដ្ឋភាព​ក្នុង​ពេល​តវ៉ា​ជា​ថ្មី​ទៀត​នេះ កម្មករ​បាន​ឈរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​អម​ដោយ​បដា​ជាច្រើន​ផ្ទាំង ដែល​មាន​សរសេរ​ខ្លឹមសារ​នៃ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ផង។ ក្រៅ​ពី​នេះ ថែម​ទាំង​មាន​រូបថត​ចំនួន ២​សន្លឹក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក​ថែម​ទៀត។ បន្ថែម​ពី​លើ​នេះ កម្មករ​បាន​យក​លក្ខន្តិកៈ និង​រចនាសម្ព័ន្ធ​ដែល​មាន​ចែក​នៅ​ក្នុង​ក្រុមហ៊ុន លាត​ត្រដាង​ជា​សាធារណៈ​ទៀត​ផង។

កម្មករ​ជិត ៣០០​នាក់ (២៨៥) បាន​ផ្ទុះ​កូដកម្ម គិត​មក​ដល់​ពេល​នេះ​បន្ត​អូស​បន្លាយ​ជិត ៥​ខែ​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក។ មូលហេតុ​កម្មករ​ងើប​តវ៉ា​នេះ​ឡើង នៅ​បន្ទាប់​ពី​អតីត​រោងចក្រ ហារតា របស់​ម៉ាឡេស៊ី ផ្ទេរ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ឈ្មោះ អូជី (OJI) ជា​អ្នក​គ្រប់គ្រង និង​មើល​ការ​ខុស​ត្រូវ​វិញ។ រហូត​មក​ដល់​ពេល​នេះ កម្មករ​អះអាង​ថា ពុំ​មាន​ភាគី​ណា​មួយ​ចេញ​មុខ​អន្តរាគមន៍​ឡើយ ដោយ​រួម​ទាំង​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​ផង។

ឆ្លើយ​តប​បញ្ហា​នេះ លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​កំពុង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល លើ​សំណើ​របស់​កម្មករ​នេះ​ហើយ។ លោក​បន្ត​ថា ប៉ុន្តែ​ប្រសិន​បើ​ក្រោយ​វិធានការ​នេះ​បាន​បិទ​បញ្ចប់ ហើយ​ភាគី​ជម្លោះ​ណា​មួយ​កើត​ទុក្ខ​មិន​សុខ​ចិត្ត អាច​មាន​សិទ្ធិ​ប្ដឹង​បន្ត​ទៀត​ប្រឆាំង​សេចក្ដី​សម្រេច​នេះ​បាន​ទៅ​តុលាការ៖ «គាត់​បាន​ស្នើសុំ​ឲ្យ​ក្រសួង​បន្ត​ជួយ​ជំរុញ​ឲ្យ​ខាង​រោងចក្រ ហារតា ទទួល​យក​នូវ​អ្វី​ដែល​ជា​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ហើយ​ចំណុច​នេះ គឺ​ក្រសួង​បាន​កំពុង​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។ ហើយ​មួយ​ទៀត អ្វី​ដែល​បង​ប្អូន​កម្មករ​និយោជិត គាត់​អាច​ជ្រើស​រើស​យក​នីតិវិធី​មួយ​ទៀត គឺ​ថា​ក្រោយ​ពី​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល បើ​សិន​ជា​មាន​ភាគី​មិន​ទទួល​យក​សេចក្ដី​សម្រេច​នេះ​ទេ គឺ​គេ​អាច​បដិសេធ​បាន»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​សម្រេច​បង្គាប់​ឲ្យ​ភាគី​រោងចក្រ ហារតា ត្រូវ​ទូទាត់​ប្រាក់​បណ្ដេញ​ចេញ និង​ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ជូន​ដំណឹង​មុន​ជូន​ពួក​គាត់។ បន្ថែម​លើ​នេះ សេចក្ដី​បង្គាប់​នេះ​ក៏​សម្រេច​ឲ្យ​ភាគី​រោងចក្រ ទទួល​យក លោក ស៊ន បូរ៉ា ចូល​ធ្វើ​ឡើង​វិញ។ ប៉ុន្តែ​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​នេះ​ដដែល បាន​បដិសេធ​ការ​ទាមទារ​របស់​កម្មករ​និយោជិត ដែល​ស្នើ​ឲ្យ​ខាង​រោងចក្រ​ទទួល​យក​កម្មករ ដែល​មាន​កិច្ច​សន្យា​ការងារ​មាន​ថេរវេលា​មិន​កំណត់​ក្នុង​ចំណោម ២០៦​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles