ដោយ អ៊ុក សាវបូរី
2014-06-17
RFA
ផ្លូវសាធារណៈរបស់រដ្ឋមួយកន្លែងក្នុងភូមិព្រៃផ្ដៅ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវតុលាការសាលាដំបូងខេត្ត សម្រេចផ្ទេរទៅជាដីឯកជនវិញ។ ការសម្រេចរបស់តុលាការលើផ្លូវលំមួយនោះ បានប៉ះពាល់ការធ្វើដំណើររួមរបស់ប្រជាពលរដ្ឋ និងសិស្សសាលាក្នុងរដូវវស្សា។
ប្រជាពលរដ្ឋរស់នៅភូមិព្រៃផ្ដៅ បានហៅការសម្រេចរបស់តុលាការខេត្តតាកែវ ក្នុងការបិទផ្លូវលំមួយកន្លែងក្នុងភូមិព្រៃផ្ដៅ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ប៉ះពាល់ផលប្រយោជន៍រួមក្នុងភូមិ។
តុលាការខេត្តតាកែវ សម្រេចកាត់ក្តីឲ្យបិទផ្លូវហាមឆ្លងកាត់ ចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។
លោកស្រី ណុប ហេន អ្នកភូមិព្រៃផ្ដៅ ថ្លែងនៅថ្ងៃទី១៧ ខែមិថុនា ថា ផ្លូវលំនោះពលរដ្ឋធ្វើដំណើរ និងដឹកកសិផល តាំងពីឆ្នាំ១៩៨៥ មក។ លោកស្រីបានសុំឲ្យអាជ្ញាធរមូលដ្ឋានបើកផ្លូវ ព្រោះអ្នកភូមិ និងគាត់ ត្រូវការផ្លូវគោកតែមួយនេះឲ្យសិស្សធ្វើដំណើរទៅរៀន និងប្រើប្រាស់ផ្លូវជាប្រយោជន៍រួមក្នុងភូមិ។ លោកស្រីថា អ្នកដែលបិទផ្លូវនោះឈ្មោះ ហង់ ហឿន ជាអនុប្រធានភូមិព្រៃផ្ដៅ។ នៅឆ្នាំ១៩៩៧ លោក ហង់ ហឿន មកតាំងលំនៅ ហើយដាំបន្លែព័ទ្ធយកផ្លូវសាធារណៈរបស់រដ្ឋ រួចចោទថា អ្នកភូមិបើកបរគ្រឿងចក្រ និងដើរកាត់ដីគាត់។ ក្រោយមក លោក ហង់ ហឿន បានធ្វើអនុប្រធានភូមិព្រៃផ្ដៅ ក៏បានបិទផ្លូវអ្នកស្រុកមិនឲ្យដឹកបន្លែ និងបើកបរគ្រឿងចក្រកាត់ដីនោះ ដោយអះអាងថា មានប្លង់។ តុលាការសម្រេចឲ្យ លោក ហង់ ហឿន ឈ្នះក្តីកាលពីថ្ងៃទី១២ ខែមិថុនា នាំឲ្យមនុស្សច្រើនគ្រួសារគ្មានផ្លូវចូលផ្ទះ សម្ភារៈគ្រឿងយន្ត ឥវ៉ាន់ផ្សេងៗ មិនអាចបើក និងយកចូលផ្ទះបានដូចមុន៖ «ប្រធានភូមិមកវាស់វែងខាងកើតហ្នឹង ខ្ញុំគេឲ្យដើរ តែឥឡូវគេបិទហើយ គេបិទខ្ញុំជិតឈឹង ខ្ញុំបានតែប្រឡោះជើងដើរទេ តែរបស់របរខ្ញុំនៅចោលហាលវាលទាំងអស់ឥឡូវហ្នឹង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីតុលាការខេត្តតាកែវ ជម្រាបសួរព័ត៌មានតបការចោទបានភ្លាមៗទេ នៅថ្ងៃទី១៧ ខែមិថុនា។
លោក ចិក សុខន អ្នកភូមិព្រៃផ្ដៅ ដែរឲ្យដឹងថា គាត់មិនងាយស្រួលធ្វើដំណើរចូលផ្ទះដូចពីមុន ព្រោះតែជម្លោះដីរវាង លោកស្រី ណុប ហេន និងលោក ហង់ ហឿន ដែលប្ដឹងគ្នាទៅតុលាការរឿងដីផ្លូវសាធារណៈរបស់រដ្ឋ កែប្រែជាដីឯកជននោះ៖ «ជាការពិតទៅផ្លូវហ្នឹងធ្លាប់បើកពីមុនជាប់ ៣០ឆ្នាំមកហើយ គាត់បិទអ៊ីចឹងវាមានប៉ះពាល់ច្រើនក្នុងភូមិហ្នឹង»។
លោក ឈិត ចយ ថ្លែងថា អ្នកភូមិដែលលំបាកធ្វើដំណើរ និងដឹកឥវ៉ាន់ចូលផ្ទះជាងគេ គឺលោកស្រី ណុប ហេន ព្រោះថា ការបិទផ្លូវនោះ គឺខ្ទប់រន្ធចេញចូលរបស់គ្រួសារ លោកស្រី ណុប ហេន ដែលមានផ្លូវតែមួយគត់សម្រាប់ដើរចេញចូលផ្ទះច្រើនជាង អ្នកភូមិ ៥ ទៅ ៦គ្រួសារ ដែលដើរកាត់តាមផ្លូវជម្លោះនោះ៖ «បើគេបិទហើយ ទៅផ្លូវនោះម៉េចកើត ទៅផ្លូវហ្នឹងម៉េចរួច ដូចទៅលិចអីហ្នឹង ទាល់តែមានទូក»។
បំភ្លឺតបបញ្ហានេះ លោក ហង់ ហឿន អនុប្រធានភូមិព្រៃផ្ដៅ ថ្លែងថា លោកមានប្លង់ដីតាំងពីឆ្នាំ១៩៩២ មក ទោះបីលោកទើបមកសង់លំនៅក្នុងភូមិព្រៃផ្ដៅ ក្រោយ លោកស្រី ណុប ហេន ក៏ដោយ។ លោកបានចោទថា ក្រុមគ្រួសារ លោកស្រី ណុប ហេន បើកបរគ្រឿងចក្រកាត់ដីគាត់ដាំបន្លែ និងបានប្ដឹងគាត់៖ «មិនមែនជាមានផ្លូវទេ អាហ្នឹងដើរពេញតែវាលស្រែ ពេលដាំដំណាំគេចពីនេះទៅ ទៅនោះទៅអ៊ីចឹងទៅ មិនមែនដើរផ្លូវតែមួយឯណា។ ផ្លូវធំមាននៅខាងកើតនោះ ហើយគាត់ហ្នឹងក៏បានចេញចូលទៅជើងទៅកើតអ៊ីចឹង ទៅត្បូងអ៊ីចឹង វាជុំវិញតែម្តង មិនមែនចេញមកតែផ្លូវខ្ញុំទេ»។
ជំទប់ទី២ ឃុំសំបួរ លោក អូត ឃឿង ថ្លែងថា មនុស្ស ៥ ទៅ ៦គ្រួសារ បានរងផលប៉ះពាល់ផ្ទាល់ពីការសម្រេចរបស់សាលាដំបូងខេត្តតាកែវ កាត់ឲ្យផ្លូវលំសាធារណៈរបស់រដ្ឋ ទៅជាដីឯកជននេះ៖ «អ៊ីចឹងវាបាត់បង់ផ្លូវដើរទាំងមូល ហើយយើងធ្វើអ៊ីចឹង យើងមានអំណាចយើងធ្វើអ៊ីចឹងម៉េចកើត យើងត្រូវតែបើកផ្លូវឲ្យគេដើរ»។
មេភូមិព្រៃផ្ដៅ លោក លឹម ញុន ថ្លែងថា លោកបានធ្វើការសម្របសម្រួលច្រើនសាក្នុងជម្លោះរវាង លោកស្រី ណុប ហេន និងលោក ហង់ ហឿន។ អាជ្ញាធរមិនអាចសម្របសម្រួលបានទៀតទេ ព្រោះគូភាគីទាំង២ត្រូវតុលាការខេត្តតាកែវ កាត់ក្តីឈ្នះចាញ់អស់ហើយ៖ «ដល់អ៊ីចឹងទៅប្ដឹងតុលាការ បកមកសួរខ្ញុំ ក៏មិនដឹងថាយ៉ាងម៉េច អាហ្នឹងវាអំណាចរបស់តុលាការ»។
ក្រុមគ្រួសារ លោកស្រី ណុប ហេន ឲ្យដឹងថា គាត់ការពារដីរបស់រដ្ឋ និងការពារផលប្រយោជន៍រួមក្នុងភូមិ ទើបគាត់ដាក់ពាក្យប្ដឹងទាស់ការសម្រេចរបស់តុលាការសាលាដំបូងខេត្តតាកែវ ទៅតុលាការកំពូល រួចហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅស្វាយរៀងចោទអាជ្ញាធរថាជីកប្រឡាយប៉ះពាល់ដីនិងលំនៅឋាន
- ពលរដ្ឋនៅកោះកុងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធររឿងជម្លោះដីជាមួយក្រុមហ៊ុនចិន
- តំណាងជនជាតិដើមភាគតិចព្នងជិត២០០គ្រួសារនៅក្រចេះតវ៉ាទំនាស់ដីធ្លីដល់ភ្នំពេញ
- អ្នកបឹងកក់ហៅធនាគារពិភពលោកថាមានបាតដៃប្រឡាក់ឈាម
- ពលរដ្ឋនៅស្រុកមេមត់គ្រោងដាក់ញត្តិជំរុញឲ្យមន្ត្រីរដ្ឋាភិបាលដោះស្រាយបញ្ហាដី
- សមត្ថកិច្ចរុះរើខ្ទមនិងបំផ្លាញដំណាំពលរដ្ឋចំណាកស្រុកនៅមណ្ឌលគិរី
- ពលរដ្ឋ១៤គ្រួសារនៅកំពង់ស្ពឺទាមទារឲ្យក្រុមហ៊ុនដកកម្លាំងទាហានចេញពីតំបន់ដីជម្លោះ
- ជនជាប់ចោទពីបទប៉ុនប៉ងបង្កើតតំបន់អបគមន៍នៅក្រចេះភៀសខ្លួនទៅប្រទេសហូល្លង់ដ៍
- របាយការណ៍៖ ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បង្កផលប៉ះពាល់ដីពលរដ្ឋ៨៤គ្រួសារនៅពោធិ៍សាត់
