\ដោយ៖ ស៊ុន ណារិន
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ពលករខ្មែរដែលត្រូវបានបញ្ជូនមកពីប្រទេសថៃតាមច្រកប៉ោយប៉ែត (រូបថតដោយ បូ សាវី)
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យ ណែនាំ និងសហការសម្របសម្រួលអំពីបញ្ហាពលករខ្មែរដែលភាគីថៃបានបញ្ជូនមកកម្ពុជា។
សេចក្តីសម្រេចចុះហត្ថលេខាដោយលោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាល ពីថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០១៤។ លោក ឌុល គឿន រដ្ឋលេខាក្រសួមមហាផ្ទៃ ជាប្រធានគណៈកម្មការ និងលោស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន។
សេចក្តីសម្រេច ឲ្យដឹងថាគណៈកម្មការនឹងសហការសម្របសម្រួលជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនថៃត្រួតពិនិត្យការប្រគល់ទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃស្របតាមគោលការណ៍ជំនាញ។ គណៈកម្មការ នឹងត្រួតពិនិត្យ ណែនាំ និងសហការសម្របសម្រួលការរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន អាហារ ថ្នាំពេទ្យ គ្រូពេទ្យ ដើម្បីធានាឲ្យបាននូវសុខភាព និងសុខមាលភាពពលករទាំងនោះ ជាពិសេសចាស់ជរា ស្ត្រី កុមារ និងអ្នកមានជំងឺ។
គណៈកម្មការនឹងត្រួតពិនិត្យការដឹកជញ្ជូន ការគ្រប់គ្រង ការថែទាំសុខភាព ជីវភាព សុវត្ថិភាពរបស់ពលករខ្មែរពីច្រកទ្វារព្រំដែនទៅកាន់លំនៅដ្ឋានរៀងៗខ្លួន។ គណៈកម្មការមានតួនាទីដឹកនាំណែនាំគណៈបញ្ជាការឯកភាពខេត្ត ប្រធានច្រកទ្វារព្រំដែន និងកងកម្លាំងមានសមត្ថកិច្ចដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជាថៃ ឲ្យពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងចេញចូលឆ្លងកាត់ព្រំដែន ដើម្បីធានាអនុវត្តឲ្យបានម៉ឹងម៉ាត់ នូវកិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ ជាពិសេសត្រូវទប់ស្កាត់ឲ្យបានដាច់ខាតការឆ្លងកាត់ព្រំដែនខុសច្បាប់ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
របាយការណ៍របស់មន្ត្រីកម្ពុជា ឲ្យដឹងថា រហូតមកដល់ពេលនេះចំនួនពលករសរុបមានប្រមាណ១៨ម៉ឺននាក់ ដែលត្រូវបានបញ្ជូនពីប្រទេសថៃតាមច្រកព្រំដែនប៉ោយប៉ែត។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតដែលធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ លោក ស ខេង ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ខកចិត្តចំពោះមេដឹកនាំយោធាថៃដែលបានបញ្ជូនពលករខ្មែរ មកស្រុកកំណើតវិញទាំងតក់ក្រហល់ ដោយមិនបានជូនដំណឹង និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោក ស ខេង ឲ្យដឹងថា វិធានការបោសសម្អាតពលករចំណាកស្រុករបស់មេដឹកនាំយោធាថៃនោះ បានធ្វើឲ្យពលរដ្ឋខ្មែរយ៉ាងតិច៩នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលអាជ្ញាធរថៃដឹកជញ្ជូនពលករមកប្រទេសកម្ពុជាវិញ។ លោកថា ករណីនេះភាគីថៃត្រូវតែទទួលខុសត្រូវ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com