ដោយ៖ ពេជ្រ សុធារី
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com
សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលចំនួនពីរ ដែលមានសមាជិកចំនួន ១១៤អង្គការ អំពាវនាវយ៉ាងទទូចដល់ក្រុមប្រឹក្សាធម្មនុញ្ញ ច្រានចោលច្បាប់ទាំងបីពាក់ព័ន្ធនឹងតុលាការ ដោយលើកហេតុផលថាច្បាប់ទាំងនេះ មិនអាចធានាឯករាជ្យភាពរបស់តុលាការបានទេ។
ច្បាប់ចំនួនបីពាក់ព័ន្ធនឹងតុលាការនោះរួមមាន ច្បាប់ស្តីពី លក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា ច្បាប់ស្តីពី ការរៀបចំអង្គតុលាការ និងច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ NGO-CEDAW (សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ៧៩ ជាសមាជិក) និង CAMBO (សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ៣៥ ជាសមាជិក) ដែលធ្វើការផ្តោតលើភាពរីកចម្រើនសិទ្ធិរបស់ស្ត្រី ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា លើកឡើងថា មាត្រា ១២៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងយ៉ាងច្បាស់អំពីសារៈសំខាន់នៃឯករាជ្យ ភាពរបស់តុលាការ “…អំណាចតុលាការ គឺជាអំណាចឯករាជ្យ…”។
សេចក្តីថ្លែងការណ៍បន្តថា តាមខ្លឹមសារនៃមាត្រានេះ បង្ហាញថា ច្បាប់ដែលបានស្នើឡើងចំនួនបី និងត្រូវបានអនុម័តរួចដោយរដ្ឋសភា និងព្រឹទ្ធសភានោះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញ ហើយច្បាប់ទាំងនេះអាចប៉ះពាល់ដល់ឯករាជ្យភាពនៃស្ថាប័នតុលាការ។
ក្នុងន័យនេះ សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលទាំងពីរនេះ អំពាវនាវយ៉ាងទទូចដល់ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យលើមាត្រា ១២៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា នឹងមានការច្រានចោលច្បាប់ទាំងបីនេះ ដោយសារច្បាប់ទាំងនេះមិនអាចធានាឯករាជ្យភាពរបស់តុលាការបាន។
សេចក្តីព្រាងច្បាប់ទាំងបីនេះ ត្រូវបានរដ្ឋសភា អនុម័តកាលពីថ្ងៃទី២០ ខែឧសភា និងព្រឹទ្ធសភាអនុម័ត នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។ បន្ទាប់ពីការអនុម័ត អង្គការសង្គមស៊ីវិលនានា បានរិះគន់ថា សេចក្តីព្រាងច្បាប់នោះ បានផ្តល់អំណាចច្រើនដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាស្ថាប័នរដ្ឋាភិបាល ធ្វើឲ្យប្រព័ន្ធតុលាការស្ថិតក្រោមសម្ពាធអ្នកនយោបាយ ដែលគ្រប់គ្រងអំណាច។ ប៉ុន្តែ ព្រឹទ្ធសភា អះអាងថា សេចក្តីព្រាងច្បាប់ចំនួន៣នេះ មានគោលបំណងធានាឯករាជ្យអំណាចតុលាការ ធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ធានាឲ្យមានកិច្ចដំណើរការល្អ របស់អង្គការតុលាការ និងអយ្យការ ធានាឲ្យមាននីតិរដ្ឋ លិទ្ធិប្រជាធិបតេយ្យ ការពារសិទ្ធិមនុស្ស និងប្រឆាំងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងជាប្រយោជន៍ក្នុងការប្រតិបត្តិមុខងារបស់ខ្លួន ប្រកបដោយឯករាជ្យភាព អព្យាក្រឹតភាព និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋគ្រប់ៗរូប។
យ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិល ធ្លាប់ព្រមានថា ពួកគេគ្រោងដាក់លិខិតថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍ករណីនេះ ដើម្បីធ្វើយ៉ាងណាធានាថា ច្បាប់ត្រូវធានាពីយុត្តិធម៌សង្គមដល់មនុស្សគ្រប់រូប៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com