លោក ស៊ូប៊ែរឌី ជួប​ប្រធាន គ.ជ.ប សួរ​រឿង​កំណែ​ទម្រង់​ការ​បោះឆ្នោត

លោក សូរិយ៉ា ប្រា​សាទ ស៊ូ​ប៊ែរ​ឌី អ្នក​រាយ​ការណ៍​ពិសេស​​អ.ស.​ប​។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក សូរិយ៉ា ប្រាសាដ ស៊ូប៊ែរឌី (Surya P. Subedi) អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​អង្គារ​បាន​ជួប​ពិភាក្សា​ការងារ​កែ​ទម្រង់​ការ​បោះឆ្នោត​ជាមួយ​លោក អ៊ឹម សួស្ដី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

លោក ទេព នីថា អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ ជ ប) បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ក្នុង​ជំនួប​នោះ​លោក ស៊ូប៊ែរឌី បាន​លើក​ឡើង​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​កំណែ​ទម្រង់​ការ​បោះឆ្នោត​នៅ កម្ពុជា ថា ឈាន​ដល់​កម្រិត​ណា និង​សាក​សួរ​អំពី​ផល​លំបាក​ដែល គ.ជ.ប ជួប​ប្រទះ​មុន និង​ក្រោយ​ថ្ងៃ​បោះឆ្នោត ហើយ​បាន​រំឭក​ពី​អនុសាសន៍​លោក​កាល​ពី ឆ្នាំ​២០១៣ ផង​ដែរ។

ក្នុង​ជំនួប​នោះ លោក អ៊ឹម សួស្ដី បាន​ឆ្លើយ​តប​ទៅ​លោក ស៊ូប៊ែរឌី ថា គ.ជ.ប បាន​ខិតខំ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​លោក​បាន​មួយ​ចំនួន និង កំពុង​បន្ត​ក្នុង​នោះ គ.ជ.ប បាន​លុប​ចោល​នូវ​ទម្រង់ ១០១៨ ដោយ​ជំនួស​នូវ​ទម្រង់​ថ្មី ដែល​កំណត់​ពី​អត្ត​សញ្ញាណ​ច្បាស់​លាស់។ ជាមួយ​គ្នា​នេះ គ.ជ.ប ក៏​បាន​ផ្លាស់​ប្ដូរ​សមាសភាព​ថ្មី ពីរ​រូប​មក​ពី​ស្ថាប័ន​តុលាការ។

លោក ទេព នីថា បាន​បញ្ជាក់​ដោយ​ដក​ស្រង់​សម្ដី​ផ្ទាល់​របស់​លោក អ៊ឹម សួស្ដី ដែល​បាន​ថ្លែង​ប្រាប់​លោក ស៊ូប៊ែរឌី ថា៖ «ទោះ​ជា​បែប​ណា​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​បាន លុះ​ត្រា​តែ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​បោះឆ្នោត​ជា​មុន​ហើយ​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​បោះឆ្នោត​មិន​មែន​ជា​តួនាទី​របស់ គ.ជ.ប ទេ។ គ.ជ.ប គ្រាន់​តែ​ជា​អ្នក​ប្រតិបត្តិ​ច្បាប់​ប៉ុណ្ណោះ»។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​លំបាក លោក ទេព នីថា បាន​បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ឃោសនា​រហូត​ដល់​ថ្ងៃ​បោះឆ្នោត គ.ជ.ប មិន​មាន​បញ្ហា​ខ្លាំង​ទេ ប៉ុន្តែ​ក្រោយ​ថ្ងៃ​បោះឆ្នោត ឆ្នាំ​២០១៣ ទើប​មាន​ផល​លំបាក ពី​ភាព​ចម្រូង​ចម្រាស​ខ្លាំង​ខាង​ផ្នែក​នយោបាយ​បង្ក​ដោយ​គណបក្ស​ដែល​ទទួល​បាន​អាសនៈ​តិច​នៅ​ក្នុង​រដ្ឋសភា។

ក្នុង​ជំនួប​នោះ លោក ស៊ូប៊ែរឌី ក៏​សាក​សួរ​ពី​ក្រុម​ជំនាញ​ពី ប្រទេស​ជប៉ុន ដែល​បាន​មក​សហការ​ស្រាវជ្រាវ​អំពី​ការ​រៀបចំ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​បោះឆ្នោត តើ​មាន​ការ​វិវឌ្ឍ​និង​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​ដែរ។

កាល​ពី​ថ្ងៃ​ចន្ទ​លោក ស៊ូប៊ែរឌី បាន​ជួប​ជាមួយ​លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដោយ​លើក​ឡើង​បញ្ហា ៤ ចំណុច ស្តីពី​ពលករ​និង​កម្មករ​នៅ​កម្ពុជា។ លោក​ស្នើ​ឲ្យ​លោក អ៊ិត សំហេង ពន្យល់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលករ និង​កម្មករ​នៅ កម្ពុជា ផង​ដែរ។ នេះ​បើ តាម​ការ​បញ្ជាក់​ពី​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ កាល​ពី​ម្សិលមិញ។

លោក ហេង សួរ បញ្ជាក់​ឲ្យ​ដឹង​ពី​ជំនួប​នោះ​ថា លោក អ៊ិត សំហេង លើក​ថា រដ្ឋាភិបាល​កម្ពុជា​បាន​គិត​គូរ​រួច​ហើយ ពី​ការ​បញ្ជូន​ពលករ​ខ្មែរ​ពី ប្រទេស​ថៃ មក​កម្ពុជា​វិញ។ ក្រសួង​ក៏​ផ្តល់​ជំនាញ​និង​សេវា​ការងារ​ដល់​ពលករ​ទាំង​នោះ​ដែរ។

ស្នើ​តប​វិញ​ក្រសួង​ការងារ​ក៏​បាន​សុំ​ជួប​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​និង​ប្រព័ន្ធ​អង្គការ​សហ​ប្រជាជាតិ​នៅ ប្រទេស​ថៃ ដើម្បី​ឲ្យ​ពួក​គេ​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​គោរព​សិទិ្ធ​មនុស្ស​ជា​មូលដ្ឋាន​លើ​ពលករ​ខ្មែរ​ដែល​រស់​នៅ និង​ធ្វើ​ការងារ​ក្នុង ប្រទេស​ថៃ។

ក្រៅ​ពី​ជំនួប​នេះ​លោក ស៊ូប៊ែរឌី ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​សង្គម​ស៊ីវិល​ផង​ដែរ។​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សៀ ភារម្យ ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រុម​បេសកកម្ម​ពិសេស​សិទ្ធិ​លំនៅឋាន​ពី​ម្សិលមិញ។

លោក សៀ ភារម្យ បាន​ប្រាប់​ថា ក្នុង​ជំនួប​នោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​លើក​បញ្ហា​ប្រឈម​ជាច្រើន​ទាក់​ទង​ទៅ​នឹង​សារាចរ​លេខ ០១ របស់​រាជ​រដ្ឋាភិបាល​ដែល​ផ្ដោត​លើ​ការ​ផ្អាក​បណ្ដោះ​អាសន្ន​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​នានា និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​របស់​ក្រុមហ៊ុន​និង​អាជ្ញាធរ​ជា​យន្តការ​ដាក់​សម្ពាធ​លើ​សកម្មជន​ដីធ្លី បរិស្ថាន សហជីព និង​សកម្មជន​សិទ្ធិ​មនុស្ស។ លោក​ថ្លែង​ថា៖ «បច្ចុប្បន្ន​ក្រុមហ៊ុន​ឯកជន​និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​បំបាក់​ឬ​គាប​សង្កត់​ទៅ​លើ​សកម្មជន​ដីធ្លី បរិស្ថាន សហជីព និង​សិទ្ធិ​មនុស្ស​ឲ្យ​បញ្ឈប់​ការ​តវ៉ា​ប្រឆាំង​នឹង​ពួក​គេ»៕


What Next?

Recent Articles