​ពលករ​ខ្មែរ​ខ្លះ​នឹងមិន​ត្រឡប់​ទៅ​ធ្វើការនៅ​ថៃ​វិញ ដោយសារ​ភ័យខ្លាច​​

ដោយ៖​ បូ សា​វី​
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកវិញតាមរយៈរថយន្តទ្រុង (រូបថត៖ បូ សាវី)

ពលករ​ខ្មែរ​ខុសច្បាប់ភាគច្រើន ប្ដេជ្ញា​ថា នឹង​មិន​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាថ្មីទៀតទេ ដោយសារ​ពួកគេធ្វើការ​នៅ​ប្រទេស​នោះ មិន​មាន​សុវត្ថិភាព និង​រង​ការគំរាមកំហែងពី​កម្លាំង​សមត្ថកិច្ច​ថៃ​។​

ពលករ​ខ្មែរ​មួយចំនួន​អះអាងថា ​ពួកគេនៅតែ​មាន​ការភ័យខ្លាច បន្ទាប់ពី​ឃើញ​សកម្មភាព​សមត្ថកិច្ច​ថៃ​បាញ់​គំរាម​មកលើ​ពលរដ្ឋ​ខ្មែរ ហើយ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ទាំង​តក់ក្រហល និង​មិន​មាន​សុវត្ថិភាព។​

​ពលករ​ខ្មែរ ដែល​មក​ដល់​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត ផ្ដល់​បទសម្ភាសន៍​ដល់​VOD​ស្រដៀង​គ្នា​ថា ពួកគាត់​មិន​ចង់​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​នោះ​ទេ ដោយសារ​មើលឃើញ​ពី​ទង្វើ​អមនុស្សធម៌​របស់​សមត្ថកិច្ច​ថៃ និង​ថៅកែ​ថៃ​ខ្លះ​រំលោភបំពាន​សិទ្ធិ​ជនអន្ដោប្រវេសន៍​ខុស​ច្បាប់​។ ពួកគេ​បន្ដ​ថា ថ្វី​ត្បិត​ការងារ​នៅ​ប្រទេស​ថៃ​ទទួល​បាន​កម្រៃ​ច្រើន​មែន ប៉ុន្ដែ​ក្រុម​សមត្ថកិច្ច បាន​គំរាមកំហែង និង​ថៅកែ​ថៃខ្លះ​រំលោភ​លើ​កម្លាំង​ពលកម្ម ដោយ​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពលករ​ខ្មែរ​ពេល​មាន​អាសន្ន​។

ពលករ​មកពី​ខេត្ដ​បាត់ដំបង លោក សៀង ហឿន ឲ្យដឹងថា លោក​ធ្វើការ​នៅ​ប្រទេស​ថៃ ជា​ច្រើន​ខែ​ហើយ ប៉ុន្ដែ​ថៅកែ​មិន​បើកប្រាក់​ឈ្នួល​ឲ្យ​ឡើយ​។ លោក​បន្ដថា ការ​ទៅ​ធ្វើ​ការខុសច្បាប់ មានពេលខ្លះ​ពួក​គាត់​រត់​ចូល​ដេក​ក្នុង​ព្រៃ បន្ទាប់ពី​ដឹង​ថា​ទាហាន​ថៃ​ដេញ​ចាប់​និង​បាញ់សម្លាប់​ពលករ​ខ្មែរ​។

VOD​ មិនអាច​ទាក់ទង​មន្ដ្រី​ស្ថាតទូត​ថៃ ប្រចាំ​នៅ​កម្ពុជា ដើម្បី​បំភ្លឺ​ពី​ការចោទប្រកាន់​នេះ​បាន​ទេ​។ កាលពី​ថ្ងៃ​ទី​១៧​ខែមិថុនា នាយករដ្ឋមន្ដ្រី​ស្ដីទី លោក ស ខេង ថ្លែងថា រដ្ឋាភិបាល​កម្ពុជា ថ្កោលទោសមេដឹកនាំ​យោធា​ថៃ ថា​បាន​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​៩​នាក់​ស្លាប់ និង​មួយចំនួន​ទៀត​រង​បួសដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​អាជ្ញាធរ​ថៃ​ដឹកបញ្ជូន​តាម​រថយន្ដ​ទ្រុង មក​ប្រគល់​ឲ្យ​កម្ពុជា​វិញ។ ករណីនេះ លោក​ជំរុញ​ឲ្យ​ភាគី​ថៃ​ត្រូវ​ទទួលខុសត្រូវ​។​

យ៉ាងណា​ក៏ដោយ មន្ដ្រី​ប្រទេស​ថៃ និង​កម្ពុជា បាន​ច្រានចោល​ពាក្យ​ច​ចាម​រ៉ា​ម ពី​ការវាយប្រហារ​របស់​អាជ្ញាធរ​ថៃ ទៅលើ​ពលករ​កម្ពុជា​មិន​ស្របច្បាប់ ខណៈ​ដែល​ប្រទេស​ថៃ​កំពុង​បន្ដ​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ​។​

​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា យល់ថា បើសិន​រដ្ឋាភិបាល​កម្ពុ​ជា​មិន​ផ្ដល់​ប្រាក់ខែ​សមរម្យ​នឹង​តម្លៃ​ទំនិញ​ទីផ្សា​រទេ នោះ​ពលករ​ខ្មែរ​អាច​នឹង​បង្ខំចិត្ត​ទៅ​ធ្វើ​ជា​ពលករ​ចំណាកស្រុក​វិញ បើទោះបី​ឃើញ​ស្ថានភាព​អាក្រក់​នៅ​ប្រទេស​ថៃ​ក៏​ដោយ៕

សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles