ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com
រដ្ឋាភិបាលកម្ពុជា និងបង់ក្លាដែស បានចុះកិច្ចព្រមព្រៀង និងអនុស្សារណៈរួមបីចំណុច ពាក់ព័ន្ធនឹងសហប្រតិបត្តិការពាណិជ្ជកម្ម វប្បធម៌ និងកសិកម្ម។
យោងតាមសេចក្តីថ្លែងការណ៍រួម ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់សាធារណរដ្ឋបង់ក្លាដែស ចេញនៅថ្ងៃទី១៧ ខែមិថុនា ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ហោ ណាំហុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុសាណៈចំនួន៣ ជាមួយអនុរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក អិមឌី សារីយ៉ា អាលាំ ភីអិម។ សេចក្តីថ្លែងការណ៍រួម បន្តថា កិច្ចព្រមព្រៀង និងអនុសារណៈទាំង៣នោះ រួមមាន កិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈកម្មការចម្រុះ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ និងអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងវិស័យកសិកម្ម។
សេចក្តីថ្លែងការណ៍រួម បន្ថែមថា ក្នុងពិធីចុះហត្ថលេខានោះដែរ ក៏មានការទទួលស្វាគមន៍ និងធ្វើជាសាក្សីពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបង់ក្លាដែសផងដែរ។
ក្នុងដំណើរទស្សនកិច្ចនោះ ក្រៅពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈ នាយករដ្ឋមន្ត្រីកម្ពុជា និងបង់ក្លាដែស បានឯកភាពគ្នាថា ដំណើរការបច្ចុប្បន្ននៃសាកលភាវូប្បនីយកម្ម កំពុងតែពង្រីកគម្លាតរវាងអ្នកមាន និងអ្នកក្រ នៅលើពិភពលោក ដូច្នេះប្រទេសទាំងពីរត្រូវមានវិធានការបន្ទាន់ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍នេះ។ ក្នុងការឯកភាពនេះដែរ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានអំពាវនាវទៅកាន់បណ្តាប្រទេសអភិវឌ្ឍន៍ ឲ្យផ្តល់នូវការលើកលែងពន្ធ និងកំណត់កូតាចំពោះការនាំចូលផលិតផល និងសេវាកម្មពីបណ្តាប្រទេសមានការអភិវឌ្ឍន៍តិចតួច ដើម្បីធានាឲ្យបាននូវកាអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើទស្សនកិច្ចផ្លូវការលើកដំបូង នៅសាធារណរដ្ឋបង់ក្លាដែស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនានេះ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក្ខ ហាស៊ីណា ក្នុងគោលដៅពង្រឹងទំនាក់ទំនងជាច្រើនវិស័យរវាងប្រទេសទាំងពីរ៕
សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com