ដោយ៖ បាន វិទ្យា
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
គ្រោះទឹកជំនន់នៅកម្ពុជា កាលពីឆ្នាំ២០១៣
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ជំនួយឥតសំណងចំនួន ២លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ដើម្បីជំរុញការលើកកម្ពស់ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងែទី១៨ ខែមិថុនា ឲ្យដឹងថា ប្រទេសកម្ពុជាជួបប្រទះគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ដែលបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រជារៀងរាល់ឆ្នាំ ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយក៏បានធ្វើឲ្យមនុស្សស្លាប់ របួសរាប់រយនាក់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈយ៉ាងច្រើន ដែលជាហេតុធ្វើឲ្យខាតបង់ផ្នែកសេដ្ឋកិច្ចរាប់លានដុល្លារ។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ជំនួយឥតសំណងនូវទឹកប្រាក់ ២លានដុល្លារ ដែលទទួលបានហិរញ្ញប្បទានពី ADB នេះ នឹងផ្តល់ឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអ្នកទទួលខុសត្រូវលើការសម្របសម្រួល និងការឆ្លើយតបចំពោះហានិភ័យគ្រោះមហន្តរាយដែលកើតមាននៅកម្ពុជា ឲ្យមានប្រសិទ្ធភាព។
លោក Eric Sidgwick នាយក ADB ប្រចាំកម្ពុជា មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ជំនួយឥតសំណងនេះ នឹងជួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឲ្យបានល្អនូវយុទ្ធសាស្ត្រ គោលការណ៍ណែនាំ និតិវិធីប្រតិបតិ្តការ ស្តង់ដា និងការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល២ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០១៦៕
សូមសរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com