ដោយ ហ៊ុំ ចំរើន
2014-06-18
RFA
អ្នកភូមិដែលមានជម្លោះដីធ្លីនៅស្រុកកំចាយមារ ខេត្តព្រៃវែង ចោទប្រកាន់អាជ្ញាធរស្រុកថា ដោះស្រាយទំនាស់ដីប្រកាន់បក្សពួកនិយម លំអៀងគណបក្សនយោបាយ ធ្វើឲ្យភាគីទំនាស់ចាញ់ក្ដីដោយអយុត្តិធម៌។ ប៉ុន្តែអភិបាលស្រុកបញ្ជាក់ថា ការដោះស្រាយទំនាស់នោះពុំមានការប្រកាន់គណបក្សនយោបាយដូចការចោទប្រកាន់ឡើយ។
ពលរដ្ឋទំនាស់ដីធ្លីស្នើសុំឲ្យអាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធបញ្ហានេះ ជួយអន្តរាគមន៍ដោះស្រាយក្នុងរឿងទំនាស់ឲ្យមានតម្លាភាពដែលអាចទទួលបានទាំងសង្ខាង។
ភាគីទំនាស់អោយដឹងថា ផ្ទៃដីមានទំនាស់នោះមានទំហំប្រមាណជាង ២ហិកតារ ស្ថិតនៅភូមិឡឥដ្ឋ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង មានទំនាស់ជាមួយភាគីម្ខាងទៀតជាអ្នកមានទ្រព្យធនរស់នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ភាគីទាំងពីរដោះស្រាយមិនចេញប្ដឹងផ្ដល់គ្នារកដំណោះស្រាយនៅ សាលាស្រុកកំចាយមារ។
អ្នកភូមិដែលអាជ្ញាធរសម្រេចឲ្យចាញ់ក្ដីលោក ជា ហៀន រស់នៅភូមិឡឥដ្ឋ ឃុំក្រញូង ថ្លែងនៅថ្ងៃទី ១៨ មិថុនា ថា ផ្ទៃដីដែលមានទំនាស់នោះលោកបានកាន់កាប់តាំងឆ្នាំ១៩៧៩ មកម្ល៉េះ។ ក្រោយមកម្ដាយរបស់ខ្លួនបានលក់ទៅឲ្យភាគីទំនាស់ចំនួនមួយហិកតារ តែការការលក់ដូរពេលនោះពុំមានបញ្ជាក់លិខិតស្នាមត្រឹមត្រូវពីអាជ្ញាធរភូមិឃុំនៅឡើយទេ។
លោកបន្តថា ក្រោយមកទៀតភាគីទំនាស់បានធ្វើប្លង់កាន់កាប់លើផ្ទៃដីទាំងជាង ២ហិកតារ នោះធ្វើកម្មសិទ្ធិរបស់ខ្លួនរហូតមក។ លោកថាបញ្ហានេះលោកប្ដឹងទៅអភិបាលស្រុកដើម្បីឲ្យរកដំណោះស្រាយ ប៉ុន្តែអភិបាលស្រុកមិនបានផ្ដល់យុត្តិធម៌ក្នុងរឿងទំនាស់នោះទេ ដោយសារខ្លួនមាននិន្នាការទៅរកគណបក្សប្រឆាំង។
លោក ជា ហៀន៖ «ជាដីរបស់ខ្ញុំដោយពិតប្រាកដបាទ! ប៉ុន្តែលោក ទិន ភារម្យ លំអៀងទៅតាមគណបក្សទៅឲ្យលោក សាក់ ឡាំ នោះចុះភ្ជួរទៅវិញ អ៊ីចឹងគាត់មិនយុត្តិធម៌សម្រាប់ខ្ញុំទេ។ គាត់មកដកយកកាលេថងខ្ញុំយកទៅទុក ហើយបែរជាប្រគល់ដីនោះទៅឲ្យភាគីម្ខាងទៀតភ្ជួរនៅពេលនៅថ្ងៃអាទិត្យហ្នឹង»។
ឆ្លើយនឹងបញ្ហានេះភាគីទំនាស់ដែលឈ្នះក្ដី លោក សាក់ ឡាំ ឲ្យដឹងថា ដីដែលមានទំនាស់នោះជាដីរបស់ខ្លួនកាន់កាប់ដោយស្របច្បាប់ បានជួលទៅឲ្យប្អូនរបស់លោក ជា ហៀន ភាគីទំនាស់ធ្វើស្រែនៅលើដីនោះជាបន្តបន្ទាប់រហូតមក។ លោក សាក់ ឡាំ បន្តថា អ្នកភូមិរស់នៅក្បែរខាងទាំងអស់សុទ្ធតែដឹងថា ដីនោះជាដីរបស់ខ្លួនកាន់កាប់យូរមកហើយ ពុំមែនជាដីរបស់អ្នកចាញ់ក្ដីដូចការលើកឡើងនោះទេ។
ផ្ទៃដីដែលមានទំនាស់នោះភាគីទាំងសង្ខាងអាងសិទ្ធិកាន់កាប់រៀងៗខ្លួន។ នៅឆ្នាំ២០១៣ អ្នកទាំង២ បានប្ដឹងទៅសាលាស្រុកឲ្យជួយរកដំណោះស្រាយ។ ក្រោយមក នៅថ្ងៃទី៦ មិថុនា អភិបាលរងស្រុកកំចាយមារ សម្រេចឲ្យលោក សាក់ ឡាំ ជាអ្នកឈ្នះក្ដីក្នុងរឿងនេះ។
ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុកកំចាយមារ លោក ប្រាក់ សុវណ្ណ ថ្លែងបញ្ជាក់យ៉ាងខ្លីថា ការដោះស្រាយទំនាស់ពុំមានប្រកាន់បក្សពួក ឬនិន្នាការនយោបាយដូចការលើកឡើងឡើយ។ ប៉ុន្តែអភិបាលរងស្រុកកំចាយមារ លោក ទិន ភារម្យ ធ្លាប់មានប្រសាសន៍កាលពីថ្ងៃទី៧ មិថុនា ថា អាជ្ញាធរបានចុះទៅស្រាវជ្រាវលើដីដែលមានទំនាស់នោះរកឃើញថា ដីនោះដើមឡើយជាដីរបស់ម្ដាយលោក ជា ហៀន ដែលកាត់ឲ្យចាញ់ក្ដីប្រាកដមែន ប៉ុន្តែដីនោះបានលក់ទៅឲ្យភាគីទំនាស់។ក្រោយមកភាគីទំនាស់បានជួលដីនោះទៅឲ្យអ្នកភូមិក្បែរខាងធ្វើស្រែជាបន្តបន្ទាប់ រហូតទៅដល់ប្អូនរបស់លោក ជា ហៀន។
លោក ប្រាក់ សុវណ្ណ៖ «ហើយយើងបើកអាទិភាពឲ្យផ្លូវគាត់ បើសិនខាងស្រុកកាត់យ៉ាងណាយ៉ាងណីនោះ បើសិនជាគាត់អត់ព្រមគាត់ប្ដឹងតទៀតប្ដឹងទៅ យើងបើកសិទ្ធិឲ្យគាត់តវ៉ាទៀត។ ហើយមួយទៀតសាក្សី ៤នាក់ហ្នឹងអត់យកជាផ្លូវការកើតទេ សាក្សីរបស់គាត់ហ្នឹងគាត់ថាដីហ្នឹងខ្ញុំសួរគាត់សួរ ជា ហៀន ហ្នឹង ក៏ធ្លាប់បានជួលដែរ ធ្លាប់បានជួលឲ្យលុយរៀងរាល់ឆ្នាំទៅដល់ សាក់ ឡាំ ណោះ ដល់ទើបឆ្នាំ២០១៣ អត់ឲ្យលុយគេហ្នឹងបានមានបញ្ហាកើតឡើងទេ»។
កាលពីចុងសប្ដាហ៍កន្លងទៅភាគីទំនាស់ដែលឈ្នះក្ដី បាននាំគោយន្តចំនួន ៩គ្រឿង ទៅភ្ជួរលើដីទំនាស់នោះ ព្រមទាំងមានមន្ត្រីកងប្រដាប់អាវុធស្រុកកំចាយមារ មួយចំនួនការពារផង។ ពលរដ្ឋដែលអាជ្ញាធរឲ្យចាញ់ក្ដីកត់សម្គាល់ថា កាលពីដើមខែមិថុនា លោកបានយកគោយន្តទៅភ្ជួរដីដែលមានទំនាស់ តែពេលនោះត្រូវអាជ្ញាធរទៅហាមឃាត់ ព្រមទាំងចាប់គោយន្តទៅរក្សាទុកនៅអធិការស្រុករហូតមកទល់ពេលនេះអាជ្ញាធរស្រុកពុំទាន់ប្រគល់គោយន្តនោះឲ្យនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ព្រះសង្ឃស្នើសុំរក្សាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យជាព្រះរាជទ្រព្យអតីតព្រះមហាក្សត្រ
- សហគមន៍មកពី៦ស្រុកនៅសៀមរាបលើកគ្នាទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាដី
- អ្នកភូមិព្រៃផ្ដៅសុំឲ្យអាជ្ញាធរបើកផ្លូវលំដែលតុលាការខេត្តតាកែវសម្រេចផ្ទេរជាដីឯកជន
- ពលរដ្ឋនៅស្វាយរៀងចោទអាជ្ញាធរថាជីកប្រឡាយប៉ះពាល់ដីនិងលំនៅឋាន
- ពលរដ្ឋនៅកោះកុងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធររឿងជម្លោះដីជាមួយក្រុមហ៊ុនចិន
- តំណាងជនជាតិដើមភាគតិចព្នងជិត២០០គ្រួសារនៅក្រចេះតវ៉ាទំនាស់ដីធ្លីដល់ភ្នំពេញ
- អ្នកបឹងកក់ហៅធនាគារពិភពលោកថាមានបាតដៃប្រឡាក់ឈាម
- ពលរដ្ឋនៅស្រុកមេមត់គ្រោងដាក់ញត្តិជំរុញឲ្យមន្ត្រីរដ្ឋាភិបាលដោះស្រាយបញ្ហាដី
- សមត្ថកិច្ចរុះរើខ្ទមនិងបំផ្លាញដំណាំពលរដ្ឋចំណាកស្រុកនៅមណ្ឌលគិរី