ដោយ ទីន ហ្សាការីយ៉ា
2014-06-18
RFA

រថយន្តយោធាថៃ ដឹកពលករខ្មែរពីប្រទេសថៃ ចូលមកទឹកដីកម្ពុជា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៤។ RFA/Soun Sophalmony
អង្គការខារ៉ាមកម្ពុជា បានបង្កើតមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីជួយដល់ពលករខ្មែរដែលថៃ បញ្ជូនមកវិញតាមច្រកប៉ោយប៉ែត។ អង្គការនេះអំពាវនាវឲ្យសប្បុរសជនទាំងអស់ ជួយជាសម្ភារៈ និងថវិកាជួយដល់ពលករដែលកំពុងតែខ្វះខាតនេះ។
មន្ត្រីសិទ្ធិមនុស្សចាត់ទុកសកម្មភាពបញ្ជូនពលករខ្មែរពីថៃ មកនេះ ជារឿងរំលោភសិទ្ធិមនុស្ស ដែលអាជ្ញាធរថៃ មិនបានគោរពគោលការណ៍សិទ្ធិមនុស្សនោះឡើយ។
មន្ត្រីអង្គការសិទ្ធិមនុស្សចាត់ទុកការបញ្ជូនពលករខ្មែរមកកម្ពុជា វិញរបស់រដ្ឋាភិបាលយោធាថៃ នោះ ជារឿងរំលោភសិទ្ធិមនុស្ស។
ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា រដ្ឋាភិបាលយោធាថៃ បានបញ្ជូនពលករខ្មែរមកកាន់កម្ពុជា វិញក្នុងរយៈពេលកន្លងមកនេះ មានខ្លះស្លាប់ផងនោះ ជារឿងមួយរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទោះបីជាពលករទាំងនោះជាពលករខុសច្បាប់ក្ដី។
«សំឡេង»
ការថ្លែងដូច្នេះ នៅស្របពេលរដ្ឋាភិបាលយោធាថៃ បន្តបញ្ជូនពលករខ្មែរមកកម្ពុជា វិញជាបន្តបន្ទាប់។ មន្ត្រីអង្គការខារ៉ាមកម្ពុជា ដែលកំពុងឃ្លាំមើលការបញ្ជូនពលករនេះនៅច្រកប៉ោយប៉ែត ឲ្យដឹងថា នៅថ្ងៃទី១៨ មិថុនា ពលករខ្មែរដែលថៃ បញ្ជូនមកមានជាង ៨ពាន់នាក់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីស្ថានទូតថៃ ប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីសួរអំពីបញ្ហានេះបានទេ នៅទី១៨ មិថុនា។ កាសែតបាងកកប៉ុស្តិ៍ ចុះផ្សាយស្រង់សម្ដីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសថៃ ថា ដើម្បីផ្លាស់ប្ដូរវិធានការគ្រប់គ្រងពលករបរទេសដែលចូលធ្វើការនៅថៃ មិនមានឯកសារស្របច្បាប់ ឲ្យចុះបញ្ជីការងារស្របច្បាប់ ដើម្បីជៀសវាងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីម្ចាស់ក្រុមហ៊ុន និងថៅកែនានា ឬដើម្បីចាកផុតពីការជួញដូរមនុស្ស ជាដើម។
ទន្ទឹមនឹងនេះ អង្គការខារ៉ាមកម្ពុជា ក៏បានបង្កើតមូលនិធិសង្គ្រោះបន្ទាន់មួយ ដើម្បីស្វែងរកថវិកា និងសម្ភារៈពីសប្បុរសជននានា ជូនដល់ពលករកំពុងតែខ្វះខាតស្បៀងទាំងនោះ។
ប្រធានអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ ឲ្យដឹងថា អង្គការរបស់លោកបានបង្កើតមូលនិធិសង្គ្រោះបន្ទាន់ដល់ពលករនេះ ដោយសារស្ថាប័នរបស់លោកគ្មានថវិកាគ្រប់គ្រាន់សម្រាប់ទិញចំណីអាហារ និងសម្ភារៈដល់ពលករខ្មែរ ដែលថៃ នៅតែបន្តបញ្ជូនពីប្រទេសថៃ មកនោះ។
លោក យ៉ា ណាវុធ អំពាវនាវឲ្យសប្បុរសជនទាំងអស់ជួយដល់ពលករខ្មែរដែលកំពុងជួបបញ្ហាខ្វះខាតនេះ។ លោកឲ្យដឹងថា បើសិនជាសាធារណជនចង់ជួយជាថវិកា សម្ភារៈផ្សេងៗតាមរយៈមូលនិធិអង្គការខារ៉ាមកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ០១២ ៩៦១ ៤២៧ ឬ ០២៣ ២១៨ ០៦៥។
«សំឡេង»
ទាក់ទងនឹងបញ្ហានេះដែរ ក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យ ណែនាំ និងសហការសម្របសម្រួលអំពីបញ្ហាពលករខ្មែរ ដែលភាគីថៃ បានបញ្ជូនមកកម្ពុជា ដោយដាក់លោកនាយឧត្តមសេនីយ៍ ដុល គឿន ជាប្រធាន។ គណៈកម្មការនេះមានភារកិច្ចត្រួតពិនិត្យ ណែនាំ និងសហការសម្របសម្រួលការរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ន អាហារ ថ្នាំពេទ្យ គ្រូពេទ្យ ដើម្បីធានាឲ្យបាននូវសុវត្ថិភាព សុខភាព និងដឹកជញ្ជូនពីច្រកព្រំដែនទៅដល់ផ្ទះរៀងៗខ្លួន និងករណីជាច្រើនទៀត។
ប្រធានអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ បញ្ជាក់ថា ពលករខ្មែរទាំងមានឯកសារ និងគ្មានឯកសារធ្វើការនៅប្រទេសថៃ មានជាង ៤សែននាក់។
គិតមកដល់ល្ងាចថ្ងៃទី១៨ ខែមិថុនា ពលករខ្មែរដែលថៃ បញ្ជូនមកមានប្រមាណជាង ២សែននាក់។
ពលករខ្មែរមួយចំនួនដែលត្រឡប់មកវិញ បានប្រាប់វិទ្យុអាស៊ីសេរី ថា ពួកគាត់ត្រូវបានទាហានថៃ បញ្ជូនឡើងឡាន ហើយអ្នកខ្លះក៏ត្រូវតម្រួតជំរិតទារលុយទៀតផង។ ក្នុងដំណើរជញ្ជូនពលករខ្មែរត្រឡប់មកវិញនេះ មានពលករយ៉ាងតិចណាស់ចំនួន ៨នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលករខ្មែរជាង៥ពាន់នាក់ទៀតត្រូវបញ្ជូនមកដល់ប៉ោយប៉ែតនៅថ្ងៃ១៨មិថុនា
- បុគ្គលិកសេវាកម្សាន្តនឹងមានច្បាប់ការងារត្រឹមត្រូវជៀសវាងពីការបង្ខំនានា
- គ្រួសារពលករដែលត្រូវគេជួញដូរនៅម៉ាឡេស៊ីចង់ឲ្យសាច់ញាតិត្រឡប់មកវិញ
- ប្រវត្តិរបស់ពលការិនីម្នាក់នៅព្រៃវែងដែលស្លាប់នៅថៃពេលធ្វើដំណើរត្រឡប់មកកម្ពុជា
- តើសេដ្ឋកិច្ចថៃឬកម្ពុជាដែលប៉ះពាល់ខ្លាំងជាងគេដោយការបញ្ជូនពលករខ្មែរមកវិញ?
- កម្មកររោងចក្រហារតាតវ៉ារឿងប្រាក់អតីតភាពការងារនៅមុខក្រសួងការងារ
- កម្ពុជាថៃរកមធ្យោបាយឲ្យពលករខ្មែរខុសច្បាប់ទៅជាពលករស្របច្បាប់
- អង្គការខារ៉ាមកម្ពុជាប្រកាសលេខទូរស័ព្ទទាន់ហេតុការណ៍ជួយពលករខ្មែរនៅថៃ
- អ្នកវិភាគរិះគន់មេបក្សនយោបាយខ្មែរថាគិតប្រយោជន៍ផ្ទាល់ខ្លួនខណៈរាស្ត្រជួបការលំបាក