​បណ្តាញ​ចំនួន​បី ប្រមូលផ្តុំ​ដាក់​ញត្តិ​នៅមុខ​ស្ថានទូត​ថៃ ទាមទារ​ឲ្យ​គោរព​សិទ្ធិ​ពលករ​​

ដោយ៖​ តាំង វីដា​
ថ្ងៃពុធ ទី25 មិថុនា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ស្ត្រីជាសកម្មជនសិទ្ធិមនុស្ស លើកបង្ហាញពីរូបថតដែលពលករ ត្រូវបានទាហានថៃ ចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ (រូបថត៖ តាត ឧត្តម)

​ក្រុម​សកម្មជន​សង្គម ដែល​មក​ពី​បណ្តាញ​ចំនួន​បី​ផ្សេង​គ្នា​ប្រមាណ​១០០​នាក់ ដាក់​ញត្តិ​នៅ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​ការស្លាប់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ និង​ស្នើឲ្យ​អាជ្ញាធរ​ថៃ​គោរព​សិទ្ធិ​ពលករ​កម្ពុជា​។​

​ក្រុម​សកម្មជន​សង្គម រួមមាន បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់ និង​ពលរដ្ឋ​ផ្សេងទៀត បាន​ជួបជុំគ្នា​នៅមុខ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ គោរព​សិទ្ធិ​ពលករ និង​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​មួយចំនួន​។ ខណៈ​មាន​ការប្រមូលផ្តុំ​នេះដែរ ក្រុម​សន្តិសុខ​ខណ្ឌ​ប្រមាណ២០​នាក់ បាន​យាមកាម​ប្រជាពលរដ្ឋ​ទាំងអស់​មិនឲ្យ​ចូល​ទៅ​ខាង​មុខ​ស្ថានទូ​តថៃ ប៉ុន្តែ​ពុំ​មាន​ការប្រើ​ហិង្សា​ណាមួយ​ទេ​។​

​ក្នុង​ញត្តិ​បី​ផ្សេងគ្នា​នោះ គោលដៅ​រួម គឺ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ ត្រូវ​រៀបចំ​វិធានការណ៍​ឲ្យបាន​ត្រឹមត្រូវ​សម្រាប់​ការប​ញ្ជូ​ន​ពលករ ចំណាកស្រុក​កម្ពុជា និង​ជូនដំណឹង​ដល់​ស្ថានទូត​កម្ពុជា ឬ​ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ទាក់ទង​នឹង​ការចាប់ខ្លួន ការឃុំខ្លួន ការបណ្តេញចេញ​ពលករ​ចំណាកស្រុក​កម្ពុជា ដោយ​ត្រឹមត្រូវ និង​មនុស្សធម៌​។ រដ្ឋាភិបាល​ថៃ ត្រូវ​លើកស្ទួយ និង​គោរព​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ខ្លួន​ជា​ម្ចាស់​ហត្ថលេខី​។​

​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើន​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដើម្បី​កាត់បន្ថយ​ចំណាកស្រុក និង​ធានា​ការ​ធ្វើ​លិខិតឆ្លងដែន ពិតជា​មាន​ភាពងាយស្រួល និង​តម្លៃ​ថោក​សមរម្យ មិនមែន​ត្រូវ​ឆ្លងកាត់​នីតិវិធី​ច្រើន ហើយ​ចំណាយ​កាន់តែ​ច្រើន​នោះ​ទេ​ «យើងឃើញថាកន្លងមក អត់បានទទួលខុសត្រូវទៅលើកម្មករចំណាកស្រុក ដែលខុសច្បាប់ទាំងអស់ហ្នឹងទេ ទាល់តែគេបញ្ជូនចាក់ចោល ប្រជាពលរដ្ឋមកព្រំដែនហើយបានទើបភ្ញាក់យកឡាន ទៅដឹង សួរមានប្រយោជន៍អី។ មួយទៀត អត្រាការធ្វើលិខិតឆ្លងដែន ដែលជំរុញឲ្យពលករខ្មែរទាំងអស់ហ្នឹង ទៅធ្វើការស្រុកគេដោយខុសច្បាប់ ដោយសារលិខិតឆ្លងដែននៅស្រុកខ្មែរវាថ្លៃ ១៣០ដុល្លារ៣ខែ ចង់បានលឿន ២០០ដុល្លារកន្លងមក ហើយយើងឃើញថា កន្លែងធ្វើលិខិតឆ្លងដែន គឺមានតែមួយកន្លែងនៅតែរាជធានីភ្នំពេញតែប៉ុននោះ»។

​ញត្តិ​របស់​បណ្តាញ​សហគមន៍​ទាំងបី​នោះ បន្ត​ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ត្រូវ​ធ្វើ​ការស៊ើបអង្កេត​ជា​បន្ទាន់ ចំពោះ​ការស្លាប់​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ ហើយ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើត​គណៈកម្មកា​រ​ចម្រុះ ដើម្បី​តាមដាន​ស្ថានភាព និង​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតមាន​លើ​ពលករ​កម្ពុជា​ក្នុង​ប្រទេស​ថៃ ព្រមទាំង​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ពលករ​ចំណាកស្រុក​របស់ខ្លួន ទាំង​ទីជម្រក​បណ្តោះអាសន្ន អាហារ ទឹកស្អាត និង​ការថែទាំង​សុខភាព​ជា​ដើម​។​

​យ៉ាងណាក៏ដោយ នៅ​ម៉ោង​ជាង ៩ និង​៣០​នាទី មន្ត្រី​តំណាង​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា លោក សុខ គីម​សាធ បាន​ចុះហត្ថលេខា​ទទួល​យក​ញត្តិ​ទាំងនោះ តែ​មិន​បាន​សន្យា​អ្វី​ឡើយ ដោយ​គ្រាន់តែ​អះអាង​បញ្ជូនទៅ​ថ្នាក់លើ​ពិនិត្យ​។​

​បេក្ខភាព​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ដែល​បាន​ឃ្លាំ​មើល​ការដាក់​ញត្តិ​នេះ យល់ថា កង្វះ​សមត្ថភាព​ក្នុង​ការដឹកនាំ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិន​អាច​ផ្តល់​ការងារ និង​ប្រាក់​ឈ្នួល​សមរម្យ​ដល់​ពលរដ្ឋ​ជា​បញ្ហា​ប្រឈម​នៃ​ពលករ​ចំណាកស្រុក​។ លោក ក៏​ទទួលស្គាល់​ដែរ​ថា ការជាប់គាំង​នយោបាយ ក៏​ជា​ផ្នែក​មួយ ដែល​ជះ​ឥទ្ធិពល ហើយ​ទាមទារ​ឲ្យ​គណបក្ស​ទាំង​ពីរ ត្រូវ​រក​ដំណោះស្រាយ​ «យើងនឹងខិតខំ ធ្វើម៉េចទម្លាយភាពជាប់គាំងនយោបាយនេះឲ្យបានឆាប់ តាមអាចធ្វើទៅបាន ដើម្បីជួយពលករយើងធ្វើម៉េចឲ្យគាត់មានប្រាក់ខែច្រើន យ៉ាងណាក៏ដោយយើងទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឲ្យច្រើន ដល់ពលករ កម្មករខ្មែរយើងក្នុងស្រុក។ ដូច្នេះកាលណាប្រាក់ខែគាត់គ្រប់គ្រាន់គាត់មិនចាំបាច់ទៅធ្វើការនៅស្រុកថៃ ហើយធ្វើម៉េចឲ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករ ពលករនៅក្នុងស្រុកនោះផងដែរ»។

ក្រោយ​បញ្ចប់​ទស្សនកិច្ច​របស់​ខ្លួន នៅ​ល្ងាច​ថ្ងៃទី​២៤ ខែ​មិថុនា​ម្សិលមិញ​នេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី ឲ្យដឹងថា លោក បានទទួល​ព័ត៌មាន​ពី​ជំហរ​របស់​រដ្ឋាភិបាល​ថៃ និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋាភិបាល​កម្ពុជា ចំពោះ​បញ្ហា​នេះ​។ លោក​យល់ថា រដ្ឋាភិបាល​ថៃ គួរ​ស៊ើបអង្កេត​ការស្លាប់​ពលរដ្ឋ​កម្ពុជា នៅ​ប្រទេស​ថៃ  និង​បង្ហាញ​ពី​មូលហេតុ​ស្ថិត​នៅ​ក្រោយ​ការបញ្ជូន​ត្រឡប់​ភ្លាមៗ និង​ច្រើន​សន្ធឹកសន្ធាប់​របស់​ព​ល​រដ្ឋ​កម្ពុជា​នេះ​។​

ចាប់ពី​ដើម​ខែ​មិថុនា​មក ពលករ​ខ្មែរ ដែល​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាង ២២​ម៉ឺន​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​បាន​ចាប់​ដាក់​ឡាន​ទ្រុង​បញ្ជូន​មក​កាន់​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោម​ហេតុផល​ពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុងប្រទេស និង​ជៀសវាង​ការជួញដូរ​មនុស្ស​៕​

សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles