សមត្ថកិច្ច​ចាប់​ឈើ​ម្រះ​ព្រៅ​ជិត​ពីរ​គុប​នៅ​កៀនស្វាយ

សមត្ថកិច្ច​​កំពុង​ពិនិត្យ​កំណាត់ឈើម្រះព្រៅ​ដែល​រឹបអូសបាន​​​។

សមត្ថកិច្ច​​កំពុង​ពិនិត្យ​កំណាត់ឈើម្រះព្រៅ​ដែល​រឹបអូសបាន​​​។ រូបថត សហ​ការី



ភ្នំពេញប៉ុស្តិ៍

កណ្តាលៈ ឈើ​ម្រះព្រៅ​ភ្នំ​ប្រភេទ​បន្ទះ​និង​ជា​កង់​ជិត ២ ម៉ែត្រ​គុប​ត្រូវ​បាន​សមត្ថកិច្ច​និង​មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ ស្រុក​កៀនស្វាយ ចាប់​រឹប​អូស​បាន​ខណៈ​ពួក​ឈ្មួញ​កំពុង​ដឹក​តាម​រថយន្ត​កូរ៉េ​នៅ​ម៉ោង​ប្រមាណ ១២ យប់​ថ្ងៃ​ចន្ទ​នៅ​ក្នុង ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល។

លោក អ៊ី សុទី នាយ​សង្កាត់​ព្រៃឈើ ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា ឈើ​ម្រះព្រៅ​ដែល​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​កំពុង​រើ​ទម្លាក់​ដើម្បី​ត្រួត​ពិនិត្យ។ តាម​របាយ​ការណ៍​បឋម​របស់​សមត្ថកិច្ច​ឈើ​ម្រះ​ព្រៅ​ជិត ២ ម៉ែត្រ​គុប​នោះ​មាន ២៦ កំណាត់​ស្មើ​នឹង ១ ៥៣០ គីឡូក្រាម។

លោក​មិន​បាន​ប្រាប់​ពី​ចំនួន​មនុស្ស​ត្រូវ​ចាប់​ខ្លួន​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ទាំង​ឈើ ទាំង​រថយន្ត​មិន​ទាន់​ដឹង​ថា ជា​កម្មសិទ្ធិ​នរណា​នៅ​ឡើយ ព្រោះ​គ្មាន​អ្នក​បញ្ជាក់ ហើយ​បើ​គេ​មិន​ប្រាប់​សមត្ថកិច្ច​មាន​តែ​បញ្ជូន​ទៅ​តុលាការ​ទេ។

លោក​ប្រាប់​ថា៖ «ខ្ញុំ​មិន​ដឹង​ម្ចាស់​មួយ​ណា​ពិត​ប្រាកដ​ទេ ព្រោះ​សួរ​នរណា​គេ​មិន​ប្រាប់​ដូច្នេះ​យើង​ក៏​មិន​ហ៊ាន​ចោទ​គេ​ដែរ។ នេះ​ជា​បទ​ល្មើស​ដឹក​ជញ្ជូន​ហើយ​បើ​តាម​ច្បាប់​ត្រឹម​កម្រិត​ផាក​ពិន័យ​ទេ តែ​បើ​ម្ចាស់​មិន​ចូល​មក​ដោះស្រាយ​ត្រូវ​បញ្ជូន​ទាំង​កំណត់​ហេតុ និង​វត្ថុតាង​ទៅ​តុលាការ»។

លោក ហេង ធៀម អភិបាល ស្រុក​កៀនស្វាយ បាន​ប្រាប់​ថា សមត្ថកិច្ច​ឃាត់​ឈើ​ម្រះព្រៅ​នេះ​នៅ​ចន្លោះ​ម៉ោង ១១ ទៅ ១២ យប់ ថ្ងៃ ទី២៣ ខែ​មិថុនា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ១ ម្តុំ ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ក្នុង​ពេល​ក្រុម​ឈ្មួញ​លួច​ដឹក​តាម​រថយន្ដ កូរ៉េ​មួយ​គ្រឿង​ចំណុះ​មួយ​តោន​កន្លះ ដែល​មាន​គ្រប​សម្បក​បាវ​គ្រប​ពី​លើ​និង​បើកបរ​ពី​ភ្នំពេញ​ទៅ​កំពង់​ចម្លង អ្នក​លឿង តែ​មិន​ដឹង​ថា គេ​មាន​គោលដៅ​ទៅ​ណា​ទេ។

លោក ហេង ធៀម បាន​ប្រាប់​ដែរ​ផង​ដែរ​ថា លោក​គ្រាន់​តែ​សហការ​ចាប់​និង​ប្រគល់​ឲ្យ​ខាង​ជំនាញ​ទេ ឥឡូវ​ឈើ​នោះ​កំពុង​រក្សា​ទុក​នៅ​សង្កាត់​ព្រៃឈើ ស្រុក​ដើម្បី​ធ្វើ​កំណត់​ហេតុ​បញ្ជូន​ទៅ​កាន់​តុលាការ៕


What Next?

Recent Articles