ជន​ជាតិ​ភាគ​តិច​ប្តឹង​តវ៉ា​រឿង​ក្រុមហ៊ុន​វៀតណាម​លុប​បឹង

ក្រុម​ហ៊ុន​ដី​សម្ប​ទាន​វៀត​ណាម​ ឈូស​ឆាយ​ដី​ព្រៃ​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ កាល​ពី​ពេល​កន្លង​មក​។

ក្រុម​ហ៊ុន​ដី​សម្ប​ទាន​វៀត​ណាម​ ឈូស​ឆាយ​ដី​ព្រៃ​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ កាល​ពី​ពេល​កន្លង​មក​។ រូបថត អង្គការ​អាដ​ហុក​



ភ្នំពេញប៉ុស្តិ៍

រតនគិរីៈ ជនជាតិ​ដើម​ភាគ​តិច​ជាង ១០០ គ្រួសារ​ក្នុង ស្រុក​លំផាត់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​រដ្ឋបាល​ជលផល ខេត្ត​រតនគិរី ដើម្បី​សុំ​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម​ឈូស​ឆាយ​លុប​បឹង​ធម្មជាតិ​ចំនួន​ពីរ ដែល​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ដូន​តា​មក។

លោក ងួន សុគន្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​រតនគិរី បាន​ដឹង​កាល​ពី​ម្សិលមិញ​ថា លោក​កំពុង​រៀបចំ​មន្រ្តី​ជល​ផល​ចុះ​ស្រាវជ្រាវ​ករណី​នេះ បន្ទាប់​ពី​គាត់​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ពលរដ្ឋ​ក្នុង ឃុំ​ស្រែឈូក ស្រុក​លំផាត់ កាល​ពី​ចុង​សប្តាហ៍​មុន។

លោក ងួន សុគន្ធ បញ្ជាក់​ថា៖ «ក្រុមហ៊ុន វៀតណាម ហ៊ងអាញ លំផាត់ ជា​សាខា​របស់​ក្រុមហ៊ុន ហ៊ងអាញ យ៉ាឡាយ បាន​ឈូស​ឆាយ​លុប​បឹង​ធម្មជាតិ​ដោយ​ខុស​ច្បាប់។ ខ្ញុំ​មិន​ដែល​អនុញ្ញាត​ឲ្យ​ពួក​ហ្នឹង [ឈូស​លុប] អ៊ីចឹង​ទេ។ ពួក​ហ្នឹង​ធ្វើ​បំពាន វា​មិន​ដែល​ឆ្លង​កាត់​រដ្ឋបាល​យើង​ទេ។ វា​ធ្វើ​តាម​អំពើ​ចិត្ត»។

លោក​បន្ត​ថា តាម​ផ្លូវ​ច្បាប់​បឹង អូរ និង​ស្ទឹង​ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​ជលផល មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ឈូស​ឆាយ​លុប​នោះ​ទេ។​បន្ទាប់​ពី​មន្ដ្រី​ជលផល​ចុះ​ទៅ​ពិនិត្យ​មើល​ពី​ទំហំ​ខូច​ខាត​ហើយ​នោះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​នឹង​កោះ​ហៅ​ក្រុមហ៊ុន ហ៊ងអាញ យ៉ាឡាយ ដើម្បី​សាក​សួរ​លើ​ករណី​នេះ។

លោក ម៉ៃ ចៃ មេ​ភូមិ ស្រែ​ឈូក ក្នុង ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ បាន​ឲ្យ​ដឹង​ថា ជនជាតិ​ភាគ​តិច​ឡាវ និង​ទំពួន​រាប់​រយ​គ្រួសារ​និង​គោ​ក្របី​រាប់​ពាន់​ក្បាល​ក្នុង ភូមិ​ស្រែឈូក ភូមិ​សាមខា ភូមិ​ដីឡូ (ឃុំ​ជ័យ​ឧត្តម្ភ) ភូមិ​ស្រែ​ពក​តូច​និង​ភូមិ​នាងដី (ឃុំ​សេរី​មង្គល) ធ្លាប់​អាស្រ័យ​ផល​ពី​បឹង​ធម្មជាតិ​ឈ្មោះ ផ្អក និង តាអុក។ ប៉ុន្តែ​កាល​ពី ឆ្នាំ​២០១២ ក្រុមហ៊ុន វៀតណាម ហ៊ងអាញ លំផាត់ បាន​ឈូស​ឆាយ​លុប​បឹង​នោះ​បាត់​អស់ ដើម្បី​យក​ដី​ដាំ​កៅស៊ូ និង​ដូង​ប្រេង។

លោក ម៉ៃ ចៃ បញ្ជាក់​ថា៖ «យើង​ប្រើ​ទឹក​បឹង​នោះ ទាំង​ប្រាំង​នឹង​វស្សា​មិន​ដែល​រីង​ទេ។ តែ​ក្រុមហ៊ុន​បាន​លួច​ឈូស​លុប​បឹង​នោះ​អស់។ ឥឡូវ​យើង​ចង់​ឲ្យ​ក្រុមហ៊ុន​ជីក​បឹង​សង​យើង​វិញ»។

លោក​បន្ត​ថា ពលរដ្ឋ​ចំនួន ១២៦ គ្រួសារ​ក្នុង​ភូមិ​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​រដ្ឋបាល​ជលផល​រីឯ​អ្នក​ភូមិ​ផ្សេង​ទៀត​កំពុង​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ដាក់​ដែរ។

លោក​បន្ថែម​ថា ពួក​គាត់​បាន​ជួប​នឹង​មន្រ្តី​ជល​ផល​ខេត្ត កាល​ពី​ដើម​ខែ​នេះ ហើយ​បាន​លើក​ឡើង​ពី​បញ្ហា​ឈូស​ឆាយ​លុប​បឹង​នោះ។ បន្ទាប់​មក​មន្រ្តី​ជល​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ដាក់​ពាក្យ​បណ្តឹង ទើប​ពលរដ្ឋ​នាំ​គ្នា​ផ្តិត​មេ​ដៃ​ដាក់​ទៅ​ជលផល​ខេត្ត។

លោក ម៉ៃ ចៃ ក៏​អះអាង​ផង​ដែរ​ថា ក្រៅ​ពី​បឹង​នោះ ពលរដ្ឋ​ចំនួន ៣៧ គ្រួសារ​ក៏​ត្រូវ​បាន​បាត់​បង់​ដី​ស្រែ​ចម្ការ​ដោយ​សារ​សកម្មភាព​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​នេះ​ផង​ដែរ ដែល​មួយ​គ្រួសារៗ​មាន​ដី​ចាប់​ពី​មួយ​ហិកតា​ទៅ ៤ ហិកតា។

លោក ងួន សុគន្ធ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា មាន​ករណី​ឈូស​ឆាយ​លុប​បឹង​និង​អូរ​ផ្សេង​ទៀត​ដែរ​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ដែល​នៅ​ឆ្ងាយ​ពី​ភ្នែក​របស់​អាជ្ញាធរ និង​អ្នក​សារព័ត៌មាន។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា៖ «តាម​ច្បាប់​ដី​ចំងាយ ១០០ ម៉ែត្រ​ពី​បឹង អូរ ទន្លេ​និង​ស្ទឹង​មិន​ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ​មិន​ត្រឹម​តែ​មិន​ទុក​ឲ្យ​ចំងាយ ១០០ ម៉ែត្រ​ទេ​ថែម​ទាំង​ឈូស​លុប​ទាំង​អស់​ទៀត»។

ទោះ​ជា​យ៉ាង​ណា​លោក ចាង វាំងវឹង អ្នក​បក​ប្រែ​ភាសា​ឲ្យ​ក្រុមហ៊ុន វៀតណាម មួយ​នេះ​បាន​បដិសេធ​ថា ក្រុមហ៊ុន​មិន​ដែល​ឈូស​ឆាយ​លុប​បឹង​នោះ​ទេ មាន​តែ​កាត់​ដី​ដែល​ប៉ះ​ពាល់​ចេញ​សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ។

លោក​បាន​បន្ត​ថា ក្រុមហ៊ុន​ធ្វើ​សកម្មភាព​តែ​ទៅ​តាម​ផែនទី​និង​ផ្ទៃ​ដី​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ៕


What Next?

Recent Articles