បុរស​២​នាក់​ត្រូវ​ចាប់​ខ្លួន​និង​ស្ត្រី​២​នាក់​របួស​ក្នុង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​នៅ​កំពត

ដោយ អ៊ុក សាវបូរី
2014-06-25
RFA

បុរស ២​នាក់ ត្រូវ​ចាប់​ខ្លួន និង​ស្រី ២​នាក់ រង​របួស​ធ្ងន់​ក្នុង​ជម្លោះ​ការពារ​ដី​ទំហំ​១​ហិកតារ មិន​ឲ្យ​ក្រុមហ៊ុន វាន់ វណ្ណា ចាក់​បំបាត់​របង និង​ផ្នូរ​ដូនតា​ពួក​គាត់។

អ្នកស្រី សាំង វាសនា ត្រូវ​ជា​បង​យុវជន សាំង វណ្ណនឿន ដែល​សមត្ថកិច្ច​ឈុត​ខ្មៅ​ចាប់​ខ្លួន ថ្លែង​ថា ដី​មាន​ជម្លោះ​នេះ​ទំហំ​ជាង ១​ហិកតារ ជាប់​ព្រំដែន​វៀតណាម តំបន់​ព្រែកចាក ស្ថិត​ក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាង​លិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត មាន​ម្ចាស់​ដី​ចំនួន ១២​គ្រួសារ។ អ្នកស្រី​ថា ដី​នោះ​កំពុង​តែ​ដំណើរ​ការ​នៅ​តុលាការ​ខេត្ត​កំពត ស្រាប់​តែ​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ក្រុមហ៊ុន វាន់ វណ្ណា ជួល​ក្រុម​ស្លៀក​ពាក់​ឈុត​ខ្មៅ​មក​ការពារ​រថយន្ត និង​គ្រឿងចក្រ ដែល​ចូល​ចាក់​ដី​លុប​ភស្តុតាង​របង​ផ្នូរ​ដូនតា​របស់​អ្នក​ភូមិ ទើប​អ្នក​ភូមិ​លើក​គ្នា​ការពារ​ដី បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​រហូត​មាន​អ្នក​របួស សន្លប់ និង​ចាប់​ខ្លួន៖ «ប្ដឹង​ឡើង​ទៅ​តុលាការ ប៉ុន្តែ​គេ​រំលោភ​សិទ្ធិ​យើង គេ​មក​ចាប់​ខ្លួន ហើយ​ដាក់​ខ្នោះ​មក​ដេញ​ចាប់​ប្រជាជន​ជ្រមុជ​ទឹក​ជ្រមុជ​អី ដាក់​ខ្នោះ​ព្រោះ​គេ​មក​ចាក់​ដី​លុប​ប្រជាជន​ទៀត»

លោកស្រី សល់ ច្រឹម អះអាង​ថា ខ្សែក និង​ខ្សែដៃ​ចិញ្ចៀន ត្រូវ​ក្រុម​ឈុត​ខ្មៅ​ប្លន់​យក​របស់​គាត់​អស់​ច្រើន​តម្លឹង​មាស។

មេ​ឃុំ​ឫស្សីស្រុក​ខាង​លិច លោក ថៃ សារិ ថ្លែង​ថា ដី​មាន​ជម្លោះ​នេះ​ទំហំ​ជាង ១​ហិកតារ មាន​អ្នក​ភូមិ​មួយ​ចំនួន​បាន​គ្រប់គ្រង​ដី​នោះ។ ប៉ុន្តែ​រឿង​ហេតុ​នៅ​ថ្ងៃ​នេះ លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ទេ។

ពលរដ្ឋ​ភូមិ​ថ្កូវ ដែល​ក្រុម​ឈុត​ខ្មៅ​ចាប់​ខ្លួន​នោះ មាន​ឈ្មោះ សាំង វណ្ណនឿន អាយុ ៣២​ឆ្នាំ និង​លោក ទូ សឿន អាយុ ៦៥​ឆ្នាំ ជា​គណៈកម្មការ​ភូមិ និង​អ្នក​របួស​ស្ត្រី​២​រូប​ផ្សេង​ទៀត​មាន​ឈ្មោះ ហ៊ិន វី អាយុ ៤២​ឆ្នាំ សន្លប់ និង​បាក់​ធ្មេញ និង​ស្ត្រី​ឈ្មោះ សល់ ក្រែង អាយុ ៤៦​ឆ្នាំ សន្លប់។ អ្នក​ទាំង​២​នាក់ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles