ដោយ ហ៊ុំ ចំរើន
2014-06-25
RFA

២០-មិថុនា-២០១៤៖ ពន្ធនាគារខេត្តព្រៃវែង។ RFA/Sochivy
ពលរដ្ឋនៅស្រុកបាភ្នំ ខេត្តព្រៃវែង ចោទប្រកាន់អាជ្ញាធរប៉ូលិសស្រុក ថាចាប់មនុស្សដែលគ្មានកំហុស ដោយចោទប្រកាន់ថា ជាជនសង្ស័យបង្កហិង្សាលើអ្នកដទៃយកទៅឃុំខ្លួន ហើយបញ្ជូនទៅតុលាការទាំងបង្ខំ។ ប៉ុន្តែ អធិការស្រុកបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យនោះ គឺអនុវត្តទៅតាមគោលការណ៍ច្បាប់។
សាច់ញាតិជនសង្ស័យ អំពាវនាវសុំឲ្យតុលាការខេត្ត និងមន្ត្រីពាក់ព័ន្ធ ត្រួតពិនិត្យសំណុំរឿងនេះឲ្យបានល្អិតល្អន់ ហើយដោះលែងជនសង្ស័យឲ្យមានសេរីភាពឡើងវិញ។ ជនសង្ស័យដែលអាជ្ញាធរចាប់ខ្លួននោះ មានចំនួន ៣នាក់។ ទី១ ឈ្មោះ សុខ ណាឫទ្ធ ទី២ សុខ បុនឆៃ និងទី៣ សុខ សំរិត។ អ្នកទាំង៣នាក់ជាបងប្អូនបង្កើត រស់នៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវប៉ូលិសស្រុកបាភ្នំ ចាប់ឃុំខ្លួននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤។
សាច់ញាតិជនសង្ស័យ លោក វែង រដ្ឋា រស់នៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ថ្លែងនៅថ្ងៃទី២៥ មិថុនា ថា នៅថ្ងៃកើតហេតុថ្ងៃទី១៧ ឧសភា កន្លងទៅ មានវិវាទបង្កហិង្សានៅម្ដុំផ្ទះជនសង្ស័យ។ លោកថា កាលណោះរថយន្តដឹកថ្មរបស់ក្រុមបក្ខពួកជាអតីតអធិការស្រុកបាភ្នំ បើកឡានដឹកថ្មបង្កឲ្យដីហុយ ប៉ះពាល់អ្នកភូមិតាមដងផ្លូវនៅតំបន់នោះ។ លោកថា គ្រានោះអ្នកភូមិម្នាក់ខឹងសម្បាឈ្លោះប្រកែកគ្នាជាមួយក្រុមអ្នកដឹកថ្ម ឈានដល់បង្កហិង្សា រួចរត់គេចខ្លួនបាត់។ ចំណែកឯជនសង្ស័យឋិតនៅក្នុងហេតុការណ៍ ដែលបានជួយឃាត់ក្នុងវិវាទនោះ ត្រូវប៉ូលិសចាប់ឃុំខ្លួនតែម្ដង។
លោក វែង រដ្ឋា ចាត់ទុកការចាប់ខ្លួនជនសង្ស័យរបស់អាជ្ញាធរប៉ូលិសនេះ ជារឿងអយុត្តិធម៌ចាប់មនុស្សដែលគ្មានកំហុសទៅឃុំខ្លួនដោយបង្ខំ៖ «ដល់ទៅហើយ គេហៅសួរអាបងហ្នឹង សួរហើយគេហៅសួរទៀត ហៅសួរទាំង៣ ទៅគេឃុំខ្លួនបណ្ដោយបង! បាទ! សួរឃុំៗអ៊ីចឹងវាអត់មានហេតុការណ៍អីរឿងអីត្រូវចាប់ផង មនុស្ស។ គេចាប់ឃុំហ្នឹងហើយពាក្យបណ្ដឹងគេហ្នឹងគេដាក់ឃុំខ្លួននៅហ្នឹង ដោះស្រាយគេអត់ដោះឲ្យ គេយកទៅដាក់នេះហ្នឹង ហើយគេថាទាល់តែយកម្នាក់ហ្នឹងមកទៅរកម្នាក់ឯណា បើអាហ្នឹងតេមិនដែលចូលផង»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អធិការនគរបាលស្រុកបាភ្នំ លោក អន សាគុណ មានប្រសាសន៍បញ្ជាក់ថា ការចាប់ជនសង្ស័យឃុំខ្លួននេះ អនុវត្តទៅតាមនីតិវិធីច្បាប់ បន្ទាប់ពីស្រាវជ្រាវនៅកន្លែងកើតហេតុរកឃើញថា ជនសង្ស័យរួមគំនិតប្រើអំពើហិង្សាលើអ្នកដទៃ គឺពុំមែនចាប់មនុស្សដែលគ្មានកំហុសយកឃុំខ្លួនដូចការលើកឡើងឡើយ៖ «មាននេះរបស់ខ្ញុំ ហើយសាក្សីមានភស្តុតាង ហើយអ្នករងគ្រោះនៅទីនោះអឺ! គាត់នេះណាស់គាត់ចង្អុលបង្ហាញដល់សមត្ថកិច្ចយើង។ ហើយខ្ញុំបានធ្វើឯកសារហ្នឹងទៅឲ្យតុលាការហើយ បាទ! ពិតអ្នកចូលរួមជាមួយហ្នឹង ហើយយើងមានអឺ! តុលាការបានចេញដីកាតាមចាប់ប៉ុន្មាននាក់ទៀតណោះ ដែលចូលរួមគំនិតជាមួយហ្នឹង»។
មន្ត្រីសម្របសម្រួលអង្គការអាដហុក (Adhoc) ប្រចាំខេត្តព្រៃវែង អ្នកស្រី អៀង គិមលី មានប្រសាសន៍ថា ការស្រាវជ្រាវរបស់ប៉ូលិសនេះពុំទាន់ស៊ីជម្រៅច្បាស់លាស់ ដែលអាចបញ្ជាក់ថា ជាជនសង្ស័យពិតប្រាកដនៅឡើយទេ។ អ្នកស្រីបន្តថា ករណីនេះបើអាជ្ញាធរចាប់មនុស្សឃុំខ្លួនដោយគ្រាន់តែសន្និដ្ឋានថាជាជនសង្ស័យ ដោយពុំមែនជាអ្នកបង្កហេតុពិតប្រាកដនោះ ថាជារឿងខុសច្បាប់៖ «ព្រោះមុននឹងឃុំខ្លួនគាត់ ត្រូវមើលតើមានអង្គហេតុអីខ្លះ មានភស្តុតាង មានសាក្សីអីខ្លះ បញ្ជាក់ថាអ្នកហ្នឹងពិតជាបានប្រព្រឹត្តបទល្មើសហ្នឹង អ៊ីចឹងបានគេអាចធ្វើការឃុំខ្លួនបាន។ ហើយបើសិនគាត់អះអាងថា ឃុំខ្លួនដើម្បីឲ្យជនប្រព្រឹត្តិ អ៊ីចឹងអាហ្នឹងម៉េចអាច ព្រោះរឿងព្រហ្មទណ្ឌអ្នកណាប្រព្រឹត្ត អ្នកហ្នឹងជាអ្នកទទួល ហើយមិនអាចឲ្យអ្នកផ្សេងជំនួស ឬធ្វើការគំរាមកំហែង ដើម្បីឲ្យគេចូលទេ មិនអាចទេ គាត់ធ្វើអ៊ីចឹងម៉េចត្រូវ»។
ជនសង្ស័យត្រូវប៉ូលិសចាប់ឃុំខ្លួន ហើយបញ្ជូនទៅតុលាការឃុំខ្លួនបន្តនៅពន្ធនាគារខេត្តព្រៃវែង តាំងពីថ្ងៃទី១៨ ឧសភា។ រហូតមកទល់ពេលនេះ តុលាការពុំទាន់ជំនុំជម្រះក្ដីថាយ៉ាងណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីទូតវៀតណាមអះអាងថាមិនសុំទោសតាមការទាមទាររបស់សមាគមខ្មែរក្រោម
- ពលរដ្ឋនៅក្រចេះប្ដឹងទាហានកងវរៈ២០៤ពីបទប្រើហិង្សាដោយចេតនា
- អង្គការសិទ្ធិមនុស្សថាប៉ូលិសនៅតែធ្វើទារុណកម្មជនសង្ស័យនិងអ្នកទោស
- សហគមន៍ជិត១០នៅភ្នំពេញទាមទារឲ្យថៃគោរពសេចក្ដីថ្លៃថ្នូររបស់ពលករ
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឲ្យថៃគោរពសិទ្ធិពលករអន្តោប្រវេសន៍
- តុលាការកោះហៅអ្នកភូមិនៅតាកែវប្រមាណ៧០គ្រួសារចូលជំនុំជម្រះក្ដីរឿងរុករានដី
- មេដឹកនាំបក្សប្រឆាំងនិងសង្គមស៊ីវិលចាត់ទុកសេរីភាពរបស់ពលរដ្ឋកំពុងតែជាប់ឃុំឃាំង
- លោក ស៊ូប៊ែឌី៖ កម្ពុជាត្រូវធ្វើកំណែទម្រង់ជាច្រើនក្រៅពីស្ថាប័នបោះឆ្នោត
- លោក ស៊ូប៊ែឌី លុបចោលគម្រោងជួបសហគមន៍មានជម្លោះដីនៅបុទុមសាគរ
What’s principle of laws,? Please explain .