ដោយ អ៊ុក សាវបូរី
2014-06-25
RFA
ជម្លោះដណ្ដើមកាន់កាប់ដីមានប្លង់ត្រួតស៊ីគ្នានៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានផ្ទុះឡើងនូវអំពើហិង្សា។ ក្នុងជម្លោះនោះដែរ ក្រុមប្រដាប់អាវុធការពារដីក្រុមហ៊ុន ធី.ធី.ម៉ាត កំពុងតែប្រើហ្វូងមនុស្សរបស់ខ្លួន ឲ្យចូលដុតផ្ទះអ្នកភូមិដែលសង់ចាំចម្ការ។ ចំណែកអ្នកភូមិ បានលើកគ្នាតតាំងការពារដី កុំឲ្យគេរំលោភយក។
មនុស្សម្នាក់ជាម្ចាស់ដីរងរបួសធ្ងន់ និងផ្ទះចាំចម្ការ២ ត្រូវភ្លើងឆេះ ក្នុងពេលក្រុមប្រដាប់អាវុធបានជួលក្រុមមនុស្សស៊ីឈ្នួល ទៅដុតនៅកន្លែងដីជម្លោះក្បែរភ្នំវាយ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
«សំឡេងទប់ទប់គ្នា»
ពលរដ្ឋភូមិស្យា ឃុំយាអង្គ ស្រុកថ្ពង លោក អឿ សារីម ថ្លែងថា យោធាប្រដាប់ដោយកាំភ្លើងជាង ១០នាក់ និងមនុស្សមួយក្រុម លើកគ្នាចូលមកដុតផ្ទះចម្ការគាត់ ដើម្បីបណ្ដេញឲ្យចេញពីដីគាត់កំពុងដាំដំឡូងមី និងដើមឈើហូបផ្លែ ៥ហិកតារ។ លោកថា ក្រុមជនប្រដាប់អាវុធនោះដុតផ្ទះ បង្ខំឲ្យអ្នកភូមិចេញពីដី ដើម្បីយកដីឲ្យក្រុមហ៊ុន ធី.ធី.ម៉ាត ដែលអះអាងមានប្លង់ត្រួតលើដីគាត់៖ «កំពុងប្រទូស្ដប្រទះជាមួយទាហាន និងប្រជាពលរដ្ឋមកពីតំបន់ក្រៅ ចូលមកដុតរោងពួកខ្ញុំ។ ដុតដើម្បីបណ្ដេញយកដី»។
ពលរដ្ឋភូមិស្វាយព្រៃ ឃុំទ័ពមាន ស្រុកថ្ពង ដែរថ្លែងថា មនុស្សជាហ្វូងក្រោមការជួយការពារពីយោធាមានកាន់កាំភ្លើងគ្រប់ដៃ រត់ចូលដុតលំនៅគាត់ កំពុងតែឆេះ ទោះបីគាត់រារាំងមិនឲ្យគេដុតក៏ដោយ៖ «ក្រុមហ៊ុន ធី.ធី.ម៉ាត គេជួលទាហាន ជួលអីមកកាងដី កាងអ៊ីចឹង ហើយមានអ្នកជេរកណ្ដាលគេបន្តបន្ទាប់អ៊ីចឹងទៀត ឲ្យមកដុតរោងខ្ញុំហ្នឹងចោល»។
មេឃុំយាអង្គ លោក កែវ យឿន អះអាងថា ពលរដ្ឋ២ឃុំមានជម្លោះដីនៅតំបន់ភ្នំវាយ ប្រមាណជា ៣០០គ្រួសារ បានចាប់ដីបង្កបង្កើនផលយូរឆ្នាំហើយ នៅជាប់ភ្នំវាយ នោះ។ ស្រាប់តែឆ្នាំ២០០៦ មានក្រុមហ៊ុន ធី.ធី.ម៉ាត មកអះអាងថា បានទិញដីពីអ្នកភូមិ។ ប៉ុន្តែក្រុមហ៊ុនមិនបានបង្ហាញប្លង់ដែលបានទិញដីនោះឲ្យអាជ្ញាធរមូលដ្ឋានបានឃើញទេ។ លោកមេឃុំបន្តថា គាត់កំពុងមានជំងឺ មិនអាចចុះទៅអង្កេតបញ្ហាជម្លោះដីរវាងពលរដ្ឋម្ចាស់ដី និងអ្នកបំពានដីកំពុងតតាំងគ្នានោះបានទេ៖ «គេមកគំរាមអីប្រជាពលរដ្ឋ អ៊ីចឹងខ្ញុំថាឲ្យធ្វើអន្តរាគមន៍ទៅឲ្យហាមឃាត់ទៅ ដើម្បីទប់ស្កាត់កុំឲ្យគេធ្វើដោយប្រការណាមួយ»។
នាយប៉ុស្តិ៍រដ្ឋបាលឃុំយាអង្គ លោក ជីម ជឿន ថ្លែងថា លោកទើបបានទទួលបណ្ដឹងតាមទូរស័ព្ទភ្លាមៗ បានបញ្ជូនមន្ត្រីក្រោមឱវាទឲ្យចុះឃាត់ភាគីទាំងសងខាង ក្រែងមានហិង្សា។ លោកមិនទាន់ទទួលបានរបាយការណ៍តបមកវិញទេ ព្រោះលោកកំពុងតែប្រជុំនៅក្រៅមូលដ្ឋានឃុំ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុន ធី.ធី.ម៉ាត ជម្រាបសួរព័ត៌មានបានភ្លាមៗទេនៅថ្ងៃទី២៥ មិថុនា។
អ្នកភូមិឲ្យដឹងថា រាល់ថ្ងៃមានក្រុមប្រឹក្សាឃុំមួយរួបទៅប្រចាំការនៅកន្លែងដីដែលក្រុមហ៊ុនប៉ងរំលោភយកនោះ ប៉ុន្តែនៅថ្ងៃនេះ មន្ត្រីរូបនោះគាត់ជាប់ប្រជុំពីការអភិវឌ្ឍភូមិឃុំនៅអង្គការ អ៊ិល.ដាប់ប៊លយូ.អែស (LWS) ទើបក្រុមប្រដាប់អាវុធ និងហ្វូងមនុស្សហ៊ានចូលអុកឡុកក្នុងឃុំ។
រហូតមកដល់ពេលនេះ ផ្ទះចាំចម្ការមិនទាន់មានការដុតបន្តនៅឡើយ ដោយសារអ្នកភូមិលើកគ្នាទៅការពារដី។ ចំណែកម្ចាស់ដីដែលរងបួសធ្ងន់ឈ្មោះ ឆាង អាយុ ២៦ឆ្នាំ បញ្ជូនទៅមន្ទីរពេទ្យនៅរសៀលថ្ងៃទី២៥ ខែមិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បុរស២នាក់ត្រូវចាប់ខ្លួននិងស្ត្រី២នាក់របួសក្នុងជម្លោះដីជាមួយក្រុមហ៊ុននៅកំពត
- តុលាការកោះហៅអ្នកភូមិនៅតាកែវប្រមាណ៧០គ្រួសារចូលជំនុំជម្រះក្ដីរឿងរុករានដី
- ពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ សុំអន្តរាគមន៍ពីអាជ្ញាធរខេត្ត
- ពលរដ្ឋនៅត្បូងឃ្មុំអះអាងថាវៀតណាមរារាំងមិនឲ្យធ្វើស្រែចម្ការលើដីជិតព្រំដែន
- អ្នកភូមិនៅស្វាយរៀងចោទអាជ្ញាធរថាឃុបឃិតជាមួយក្រុមហ៊ុនរំលោភយកដី
- ពលរដ្ឋមានទំនាស់ដីនៅខេត្តកំពង់ឆ្នាំងមកដាក់ញត្តិជូនស្ថាប័នរដ្ឋាភិបាល
- តំណាងពលរដ្ឋជាង៤០០គ្រួសារនៅក្រចេះដាក់លិខិតស្នើសុំដីសម្បទានសង្គមកិច្ច
- ពលរដ្ឋ៤នាក់ត្រូវតុលាការខេត្តកោះកុងហៅសាកសួរករណីជម្លោះជាមួយក្រុមហ៊ុនលីយ៉ុងផាត់
- លោក ស៊ូប៊ែឌី លុបចោលគម្រោងជួបសហគមន៍មានជម្លោះដីនៅបុទុមសាគរ