ដោយ៖ តាំង វីដា
ថ្ងៃព្រហស្បតិ៍ ទី26 មិថុនា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋនាំគ្នាមកតវ៉ារឿងសំណងបន្ថែម នៅមុខទីស្នាក់ការធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំនៅកម្ពុជា (រូបថត៖ តាំង វីដា)
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគម្រោងស្តារផ្លូវរថភ្លើង រួមនឹងកុមារមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ជាង២០០នាក់ បានប្រមូលផ្តុំគ្នានៅមុខធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្បែរវិមានឯករាជ្យ ដាក់បណ្តឹងតវ៉ាទាមទារសំណងបន្ថែម និងគោរពតាមអនុសាសន៍៦ចំណុច ដែលធនាគារនេះ បានអនុម័តទទួលយក។
អ្នកដែលរងគ្រោះដោយសារគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនោះមាន ប្រជាពលរដ្ឋសហគមន៍ត្រពាំងអញ្ចាញ ទួលសង្កែ និងសហគមន៍ផ្សេងទៀតរាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅខេត្តបាត់ដំបង ប៉ោយប៉ែត និងខេត្តព្រះសីហនុ សរុបមានជាង៣៥០០គ្រួសារ។
លោក ស៊ីម វីរៈ តំណាងសហគមន៍ទួលសង្កែ ឲ្យដឹងថា ក្រោយពេលដែលធនាគារអភិវឌ្ឍន៍អាស៊ី ADB ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលកម្ពុជា លើគម្រោងស្តារផ្លូវរថភ្លើងរួចមក បានធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារ បាននឹងកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាពរស់នៅ បាត់បង់មុខរបរ ដោយសារការបណ្តេញចេញ និងបន្លាស់ទី។ លោកថា ADB បានសន្យាប្តូរទីលំនៅរបស់ប្រជាពលរដ្ឋតាមជម្រើសរបស់ពួកគាត់ ប៉ុន្តែក្រោយកមកបែរជាប្តូរទៅកាន់ទីតាំង ដែលមិនមានហេដ្ឋារចនាសម្ព័ន្ធសមរម្យទៅវិញ «គ្រាន់តែថ្លៃរួសរើវា ដឹកជញ្ជូនអស់ហើយ ប្រជាពលរដ្ឋគាត់ត្រូវ ជំពាក់បំណុលគេ ត្រូវយកលុយឈ្មួញកណ្តាល ត្រូវលក់ដីធ្លី កូនចៅរបស់គាត់ត្រូវឈប់រៀន សាលារៀនក៏គ្មាន មន្ទីពេទ្យក៏គ្មាន ផ្លូវថ្នល់នៅពេលខែវស្សាលិចទឹកអស់ ការងារមិនមាន គាត់មកនៅទីក្រុង ចឹងគោលនយោបាយ ADB គាត់ដាក់មកហ្នឹង គាត់ធ្វើដូចម្តេច គាត់និយាយថាប្រសិនបើ បំលាស់ទីរបស់ប្រជាពលរដ្ឋ ដោយសារគម្រោងស្តាផ្លូវដែករបស់ប្រទេសកម្ពុជា ធ្វើដូចម្តេចឲ្យជីវភាពប្រជាជនប្រសើឡើង ប៉ុន្តែជាក់ស្តែងជាទូទៅ យើងមើលអ្នកផ្លាស់ទីថ្មី មិនមានប្រសើឡើងទេ»។
អនុសាសន៍៦ចំណុច ក្នុងចំណោម៧ចំណុច ដែលគណៈកម្មការត្រួតពិនិត្យលើភាពអនុលោម CRP បានដាក់ជូន និងអនុម័តទទួលយកដោយក្រុមប្រឹក្សាភិបាលរបស់ ADBនោះ រួមមាន ការសិក្សាការពិគ្រោះយោបល់ផ្តល់សំណងបន្ថែម ស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ អនុវត្តយន្តការសារទុក្ខ កសាងសមត្ថភាពមន្ត្រីអនុវត្តតួនាទី ដោះស្រាយបំណុលពលរដ្ឋ និងបង្កើតកម្មវិធីស្តារប្រាក់ចំណូល។
អ្នកស្រី រស់ បុប្ផា តំណាងសហគមន៍ត្រពាំងអញ្ចាញ ឲ្យដឹងថា គម្រោងនេះ ធ្លាប់បានផ្តល់ប្រាក់បន្តិចបន្តួច និងដីទំហំ ៧ គុណនឹង១៥ម៉ែត្រដល់ពលរដ្ឋក្នុង១គ្រួសារ ដែលជាដីលើទីរាបស្មើ ស្ថិតនៅឆ្ងាយពីទីប្រជុំជន នាំឲ្យពលរដ្ឋមានផលវិបាកក្នុងការរស់នៅ ហើយក្នុងចំណោមពលរដ្ឋជាង ៣៥០០គ្រួសារនោះ គឺមាន២៨គ្រួសារទៀត នៅមិនទាន់បានទទួលដី និងកំពុងរងការបណ្តេញចេញ។ អ្នកស្រី ទាមទារឲ្យធនាគារ ADB ដោះស្រាយផលប៉ះពាល់ និងផ្តល់សំណងបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរងគ្រោះដោយសារគម្រោងស្តារផ្លូវរថភ្លើងនេះ។
ជាមួយគ្នានោះដែរ កុមារា សាន សត្យា អាយុ១២ឆ្នាំ រស់នៅសហគមន៍ត្រពាំងអញ្ចាញ បានអំពាវនាវឲ្យ ADB សាងសង់សាលារៀន និងមន្ទីរពេទ្យ នៅក្បែរលំនៅដ្ឋាន ក្នុងទីតាំងថ្មីរបស់ពួកគេ «សូមបញ្ចប់រួសរើផ្ទះ សូមឲ្យប្រាក់សំណងផ្ទះ មួយគ្រួសារ ៨០០ ខ្ញុំចង់បានសាលារៀនជិតផ្ទះ ស្រួលធ្វើដំណើរទៅរៀន ជួយដោះស្រាយធ្វើមន្ទីពេទ្យ សូមអោយ ADB បញ្ចប់នៅការរួសរើ នឹង បណ្តេញចេញ»។
យ៉ាងណាក៏ដោយ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី លោក Janoun Hakim ទទួលបន្ទុកពិនិត្យគម្រោងរបស់ ADB បានចេញមកជួបក្រុមប្រជាពលរដ្ឋទាំងនោះ និងទទួលយកពាក្យបណ្តឹងតវ៉ារបស់ពួកគាត់ ដោយអនុញ្ញាតឲ្យតំណាងសហគមន៍ ៦រូប ចូលជួបពិភាក្សា តែមិនទាន់មានលទ្ធផលយ៉ាងណាទេ នៅម៉ោងជិត១២ថ្ងៃត្រង់នេះ។ ចំណែកសមត្ថកិច្ចចម្រុះ និងក្រុមសន្តិសុខប្រមាណ៥០នាក់ ក៏បានឃ្លាំមើលការប្រមូលផ្តុំតវ៉ានោះដែរ ដោយពុំមានការរារាំងឡើយ។
នាយកអង្គការសមធម៌កម្ពុជា លោក អ៊ាង រិទ្ធី ដែលបានឃ្លាំមើលការអនុវត្តគម្រោងនេះ ឲ្យដឹងថា ជាក់ស្តែងគម្រោងនេះ ត្រូវបញ្ចប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ តែដោយសារកង្វះធនធាន និងថវិកាជាង ១០០លានដុល្លារ ទើបគម្រោងនេះ មិនអាចបញ្ចប់ និងបង្កផលប៉ះពាល់ដល់ពលរដ្ឋ។ លោកថា ការតវ៉ានេះ គឺបណ្តាលមកគណៈគ្រប់គ្រងនៃ ADB មិនបានអនុវត្តទៅតាមអនុសាសន៍របស់ក្រុមប្រឹក្សាភិបាល និងមិនបានពិគ្រោះយោបល់ជាមួយពលរដ្ឋ មុននឹងបន្តគម្រោងរបស់ខ្លួន «គាត់មិនបានធ្វើការពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋដែលរងគ្រោះ នឹងសង្គមស៊ីវិលដែលធ្វើការនៅ លើបញ្ហានេះ ជាពិសេសអ្នកដំណាង គាត់មិនបានពិគ្រោះយោបល់ទេ គាត់ធ្វើការរៀបចំដោយខ្លួនឯង ហើយគោលនយោបាយនោះគឺមិនបានឆ្លើយតបទៅនឹង អនុសាសន៍របស់ខាង ក្រុមព្រឹកសារភិបាលធនាគារអាស៊ីទេ»។
បើតាមបណ្តឹងតវ៉ារបស់ពលរដ្ឋរងគ្រោះ គឺរយៈកាល៤ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារបានរងផលប៉ះពាល់ រស់នៅក្នុងស្ថានភាពដុនដាប និងភ័យខ្លាច ដោយសារគម្រោងស្តារផ្លូវដែកនៅកម្ពុជា ដែលទទួលបានជំនួយ និងប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលអូស្ត្រាលីនេះ៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com