ដោយ ដែន អយុធ្យា
2014-06-25
RFA

ប្រជាពលរដ្ឋមកពីសហគមន៍រងគ្រោះដីធ្លីទូទាំងប្រទេសតវ៉ាមុខធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៤។ RFA/Den Ayuthyea
ប្រជាពលរដ្ឋរងគ្រោះដោយគម្រោងស្តារ ឬស្ថាបនាផ្លូវរថភ្លើង ២ខ្សែនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា តវ៉ាឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ អេ.ឌី.ប៊ី (ADB) ផ្ដល់សំណងបន្ថែមពីការឲ្យចាកចេញពីលំនៅឋានដើម្បីយកដីអភិវឌ្ឍន៍ផ្លូវរទេះភ្លើង។ ប៉ុន្តែការតវ៉ានេះ មិនទាន់មានដំណោះស្រាយទេ ដោយតំណាងធនាគារ អេ.ឌី.ប៊ី ស្នើទុកពេលពិភាក្សាជាមួយរដ្ឋាភិបាលមុននឹងឆ្លើយតបទៅប្រជាពលរដ្ឋ។
មនុស្សចាស់និងកុមារប្រមាណ ២០០នាក់ មកពីរាជធានីខេត្តចំនួន ៥ បានមកតវ៉ាដល់មុខការិយាល័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានទីតាំងនៅជិតផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិតវិមានឯករាជ្យក្រុងភ្នំពេញ។ ការប្រមូលផ្តុំនិងមានលើកបដារបស់សហគមន៍ គឺមានបំណងទាមទារឲ្យស្ថាប័ននេះផ្តល់សំណងបន្ថែមចំពោះការព្រមចាកចេញពីលំនៅឋាន ដើម្បីយកដីអភិវឌ្ឍន៍ផ្លូវរថភ្លើងចំនួន ២ខ្សែ របស់គម្រោងអភិវឌ្ឍន៍របស់ធនាគារ អេ.ឌី.ប៊ី ជាមួយរដ្ឋាភិបាល។
តំណាងសហគមន៍មកពីខេត្តព្រះសីហនុ រាជធានីភ្នំពេញ ពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បង្ហាញកង្វល់ថា គម្រោងស្ថាបនាផ្លូវរថភ្លើងឧបត្ថម្ភថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី បានប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋ និងការអប់រំរបស់កុមារ៖ «ខ្ញុំមកនេះមកទាមទារសំណង ៨ពាន់ដុល្លារក្នុងមួយគ្រួសារ ហើយនិងដើម្បីស្នើឲ្យធនាគារអេ.ឌី.ប៊ី ជួយរកដំណោះស្រាយដែលប្រជាពលរដ្ឋជំពាក់បំណុលគេ។ ពីមុនខ្ញុំនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខ្ញុំអត់ពិបាកអ៊ីចឹងទេ តែឥឡូវទៅនៅត្រពាំងអញ្ចាញ ពួកខ្ញុំបាត់បង់មុខរបររកអ្វីហូបមិនបានផងទេ»។
ចំណែកកុមារតូចៗបានចាត់ទុកគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងរបស់រដ្ឋាភិបាល និងធនាគារ អេ.ឌី.ប៊ី ថា នាំឲ្យពួកគេបាត់បង់ការសិក្សា ព្រោះត្រូវបំឡាស់ទីទៅកាន់ទីតាំងឆ្ងាយពីសាលារៀន និងគ្មានការអភិវឌ្ឍនោះទេ។
យ៉ាងណាក៏ដោយ ការប្រមូលផ្តុំនេះ មិនមានអំពើហិង្សាកើតឡើងទេ ប៉ុន្តែលោក គួច ចំរើន ដែលទើបប្ដូរមកកាន់ជាអភិបាលខណ្ឌដូនពេញ បានមកដេញពលរដ្ឋមិនឲ្យប្រមូលផ្តុំនៅមុខការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី តែពលរដ្ឋមិនស្តាប់តាម។
បន្ទាប់ពីបានប្រមូលផ្តុំ មន្ត្រីធនាគារអភិវឌ្ឍន៍អាស៊ី បានអនុញ្ញាតឲ្យតំណាងរបស់សហគមន៍មួយចំនួនចូលជួបពិភាក្សាដើម្បីរកដំណោះស្រាយ។ ប៉ុន្តែក្រោយជួបពិភាក្សាពេលពេញ ១ព្រឹក តំណាងភាគីធនាគារបានស្នើពេលវេលាជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលមុននឹងឆ្លើយតបសំណូមពរពលរដ្ឋ។ ជាងនេះនឹងមានកិច្ចពិភាក្សាម្ដងទៀតរវាងផ្នែកពាក់ព័ន្ធជាមួយតំណាងសហគមន៍រងផលប៉ះពាល់នានា នៅថ្ងៃទី៧ ខែកក្កដា ខាងមុខ។
ទាក់ទិនបញ្ហានេះ លោក អៀង វុទ្ធី នាយកអង្គការសមធម៌កម្ពុជា ដែលបានឃ្លាំមើលសកម្មភាពគម្រោងស្ថាបនាផ្លូវរថភ្លើងរបស់រដ្ឋាភិបាល ឧបត្ថម្ភថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី បានស្នើដល់ផ្នែកពាក់ព័ន្ធពិចារណាដោះស្រាយសំណូមពរពលរដ្ឋចប់ឲ្យបានឆាប់។ លោកបន្តថា បើគ្មានដំណោះស្រាយឲ្យបានឆាប់ទេ អាចនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារអភិវឌ្ឍន៍អាស៊ីធ្ងន់ធ្ងរនៅថ្ងៃអនាគត ព្រោះការអនុវត្តគ្រោងស្ថាបនាផ្លូវរទេះភ្លើងនេះ មានភាពមិនប្រក្រតីជាច្រើន។
លោក អៀង វុទ្ធី៖ «ប្រសិនបើ អេ.ឌី.ប៊ី និងអន្តរក្រសួងមិនធ្វើការជាមួយប្រជាពលរដ្ឋទេ អ៊ីចឹងបញ្ហានេះ មិនអាចដោះស្រាយបានទេ។ យើងត្រូវតែធ្វើការជាមួយគ្នា យើងត្រូវតែអង្គុយជាមួយគ្នា និងពិភាក្សាជាមួយគ្នា ដើម្បីរកច្រកចេញ។ ប្រសិនបើភាគី អេ.ឌី.ប៊ី និងអន្តរក្រសួងធ្វើការដោយឡែក ហើយអ្នកដែលទាមទារ ឬប្រជាពលរដ្ឋមិនបានចូលរួមនៅក្នុងដំណើរការនៃការដោះស្រាយហ្នឹង អ៊ីចឹងយើងជឿជាក់ថា បញ្ហានេះមិនអាចដោះស្រាយបានទេ។ យើងឃើញហើយមានបញ្ហាច្រើនណាស់កើតឡើងនៅទូទាំងប្រទេស ដោយមិនមានការចូលរួម និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ»។
លោក អៀង វុទ្ធី បញ្ជាក់ថា តាមគេហទំព័រធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញថា គម្រោងស្ថាបនាផ្លូវរទេះភ្លើង ២ខ្សែ ពីភ្នំពេញ ទៅក្រុងព្រះសីហនុ និងពីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យ មានចម្ងាយជាង ៤០០គីឡូម៉ែត្រ។ ការស្ថាបនានេះ ប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋជាង ៤ពាន់គ្រួសារ។ ក្នុងនោះមានពលរដ្ឋជាង ១ពាន់គ្រួសារបានទទួលយកសំណង និងព្រមទៅរស់នៅទីតាំងថ្មី។ លោកបន្តថា គម្រោងស្ថាបនាផ្លូវរថភ្លើង និងផលប៉ះពាល់លំនៅឋានពលរដ្ឋមិនទាន់ដោះស្រាយនេះ បានកើតតាំងពីឆ្នាំ២០១១ មកម្ល៉េះ។
ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋរងផលប៉ះពាល់ឲ្យដឹងថា បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ី ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលកម្ពុជា លើគម្រោងស្តារផ្លូវរថភ្លើង នាំឲ្យពួកគាត់រងផលប៉ះពាល់ទៅលើជីវភាពរស់នៅ បាត់បង់មុខរបរដោយការបណ្ដេញចេញ និងបំឡាស់ទីទៅកាន់ទីតាំងគ្មានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឲ្យបានត្រឹមត្រូវ ដូចជា៖ គ្មានសាលារៀន មន្ទីរពេទ្យ និងគ្មានទីផ្សារជាដើម ដែលផ្ទុយពីអ្វីដែលធនាគារ អេ.ឌី.ប៊ី បានចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បទសម្ភាសន៍៖ ការទទួលពានរង្វាន់និងយុទ្ធនាការប្រឆាំងការបណ្ដេញចេញ
- មនុស្សម្នាក់រងរបួសធ្ងន់និងផ្ទះចាំចម្ការ២ត្រូវភ្លើងឆេះក្នុងជម្លោះដីធ្លីនៅកំពង់ស្ពឺ
- បុរស២នាក់ត្រូវចាប់ខ្លួននិងស្ត្រី២នាក់របួសក្នុងជម្លោះដីជាមួយក្រុមហ៊ុននៅកំពត
- តុលាការកោះហៅអ្នកភូមិនៅតាកែវប្រមាណ៧០គ្រួសារចូលជំនុំជម្រះក្ដីរឿងរុករានដី
- ពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ សុំអន្តរាគមន៍ពីអាជ្ញាធរខេត្ត
- ពលរដ្ឋនៅត្បូងឃ្មុំអះអាងថាវៀតណាមរារាំងមិនឲ្យធ្វើស្រែចម្ការលើដីជិតព្រំដែន
- អ្នកភូមិនៅស្វាយរៀងចោទអាជ្ញាធរថាឃុបឃិតជាមួយក្រុមហ៊ុនរំលោភយកដី
- ពលរដ្ឋមានទំនាស់ដីនៅខេត្តកំពង់ឆ្នាំងមកដាក់ញត្តិជូនស្ថាប័នរដ្ឋាភិបាល
- តំណាងពលរដ្ឋជាង៤០០គ្រួសារនៅក្រចេះដាក់លិខិតស្នើសុំដីសម្បទានសង្គមកិច្ច